តុកកែ! ក្រមុំ…តុកកែ! មេម៉ាយ…! ចែករំលែក ជំនឿ ការយល់ឃើញ នៃអាថ៌កំបាំងនៅពីក្រោយ សត្វតុកកែ

ភ្នំពេញ៖ តុកកែ គឺជាសត្វមួយប្រភេទ ឬជាពពួកជីងចក់ តែធំជាងជីងចក់ ហើយវាមានសម្បុរស្បែក ខាងក្រៅអុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំ ឬបូលលឺសូរ តឹកកែៗ ឬតុកកែៗ ស៊ីសត្វល្អិត ជាអាហារ ដែលប្រជាជនខ្មែរយើង មួយចំនួនធំ ច្បាស់ជាស្គាល់ នូវសត្វប្រភេទនេះជាក់ជាពុំខាន។

ដោយសារមានប្រជាជនខ្មែរយើងមួយចំនួនធំ តែងតែមានជំនឿ ជឿទៅលើសត្វប្រភេទនេះហើយ ខណៈមានអ្នកខ្លះលើកឡើងពីវា ទាំងល្អ ទាំងអាក្រក់ផងនោះ ថ្ងៃនេះ Khmerload នឹងបង្វែរអារម្មណ៍អស់លោកអ្នក ដើម្បីធ្វើការស្វែងយល់ ពីសត្វប្រភេទនេះ ជាមួយនឹងទស្សនៈយល់ឃើញ របស់បងប្អូនខ្មែរយើង ដើម្បីជាការរំលឹកឡើងវិញផងដែរ។

ថាតើទស្សនៈយល់ឃើញរបស់ពួកគាត់ ខុសគ្នាកម្រិតណានោះ តាមដានជាមួយយើងទាំងអស់គ្នា!

ជួបជាមួយនឹង លោកពូ តឹម វ័យ ៤៨ឆ្នាំ ជាមេជាងម៉ៅការសំណង់ ហើយក៏ជាអាជីវករលក់មួយរូប បានប្រាប់មកកាន់ ក្រុមការងារ Khmerload ឲ្យដែរថា រូបគាត់ក៏មានជំនឿខ្លះៗ ជឿទៅលើសត្វប្រភេទនេះផងដែរ។

លោកពូ មានប្រសាសន៍ថា៖ «បើផ្ទះគេពូមិនដឹងទេ តែបើតាមការចំណាំដឹង របស់ពូកន្លងមក ប្រសិនណាបើមាន សត្វតុកកែនៅក្នុងផ្ទះពូវិញ ដឹងតែរកស៊ីមិនសូវឡើងទេ តែងកើតមានរឿង រកាំរកូសអីចេះអីចុះរហូត ហើយជួនកាលអ្នកនៅក្នុងផ្ទះ អាចមានអ្នកឈឺផងដែរ»

លោកពូ បន្តថា «...ពីមុនឧស្សាហ៍លឺសូរវាបូលណាស់ តែឥលូវនៅផ្ទះពូ ដូចជាមិនដែលលឺទេ លឺសូរតែបូលតែនៅផ្ទះគេ ជិតៗនេះឯង។ បើនិយាយទៅ ពូក៏ធ្លាប់ចាប់វាចេញពីផ្ទះផងដែរ ព្រោះវាគ្មានហុងស៊ុយ ហើយបើតាមការចំណាំរបស់ពូទៀតនោះ ពេលសត្វតុកកែហ្នឹង ស្ងាត់លែងនៅផ្ទះពូ ទៅនៅផ្ទះគេជិតៗហ្នឹងវិញនោះ ពូសង្កេតឃើញថា ម្ចាស់ផ្ទះនោះក៏ឡុងឆុងដូចជាពូដែរ។ ប៉ុន្តែបើតាមជំនឿ ដែលចាស់ៗធ្លាប់និយាយតៗគ្នាមកថា ប្រសិនណាបើសត្វតុកកែកនេះ បូលបានចាប់ពី ៧ម៉ាត់ឡើងទៅ នោះនឹងល្អ តែសម្រាប់ពូដូចជាមិនឃើញថា ល្អត្រង់ណាផង។ ពូនិយាយនេះ តាមតែអ្វីដែលពូដឹងៗតែប៉ុណ្ណោះ ឯអ្នកឯទៀតយល់យ៉ាងណា ពូក៏មិនដឹងដែរ...មានតែប៉ុណ្ណឹងក្មួយ»

ដោយឡែក យុរជន សម្ផស្ស អាយុ ២២ឆ្នាំ ជានិស្សិតឯកទេសផ្នែក អក្សរសាស្រ្តអង់គ្លេស មួយរូបនៅរាជធានីភ្នំពេញ និយាយថា៖ «បើនិយាយពីសត្វតុកកែនេះ ពីមុននៅក្នុងផ្ទះខ្ញុំឧស្សាហ៍ឃើញមាន ប៉ុន្តែឥលូវដូចស្ងាត់ជ្រាប មិនដែលឃើញមុខវាផង។ ហើយបើតាមការចំណាំយ៉ាងណានោះ សម្រាប់ខ្ញុំគឺខ្ញុំមិនដែលសូវចាប់អារម្មណ៍ទេ ធ្លាប់តែលឺចាស់ៗ ហើយនឹងម៉ាក់របស់ខ្ញុំនិយាយថា ល្អ ប្រសិនណាបើមាន សត្វប្រភេទនេះនៅក្នុងផ្ទះ ការរកស៊ីមានបាន លុយកាក់ហូរចូល និងមានលាភសំណាង ផ្សេងៗទៀតផងដែរ»

សម្ផស្ស បន្តថា «...ហើយបើនិយាយពីសម្លេងបូលរបស់វាវិញ សម្រាប់ខ្ញុំខុសគេ គឺខ្ញុំមិនឆ្លើយថា ក្រមុំ ឬមេម៉ាយឡើយ គឺខ្ញុំយកឈ្មោះមនុស្សស្រី២នាក់ ដែលខ្ញុំស្រលាញ់ ឬគេស្រលាញ់ខ្ញុំ ដើម្បីយកមកឆ្លងឆ្លើយលេង ជាមួយនឹងសម្លេងបូលរបស់វា។ ឧទាហណ៍ថា៖ ពេលតុកកែបូល តឹកកែ...! ស្រីពេជ្រ តឹកកែ...! ស្រីកា ធ្វើចឹងដើម្បីចង់ដឹងថា តើនរណាជាសង្សារ របស់ខ្ញុំពិតប្រាដក។ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការលេងសើច មួយតែប៉ុណ្ណោះ ដែលខ្ញុំធ្លាប់ធ្វើវាកន្លងមក ហើយជួនកាលត្រូវមិត្តភក្តិបាញ់ មិនស្ទើរដែរហ្នឹងណា៎...ហើយបើថាឲ្យជឿ សម្រាប់ខ្ញុំដូចជាមិនសូវ ជឿប៉ុន្មានទេ បើមិនខំរកបានអីមាន!»

បច្ចុប្បន្នជានិស្សិតសិក្សា ផ្នែកគណនេយ្យ នៃវិទ្យាស្ថានវ៉ាន់ដា បងស្រី គន្ធា វ័យ ២៧ឆ្នាំ ក៏បានរៀបរាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងដែរថា «សម្រាប់បង ជំនឿលើសត្វតុកកែនេះ ធម្មតាទេអូន ត្រូវជឿៗត្រូវអត់ៗ សម័យនេះហើយបើរវល់នៅតែគិត អារឿងចឹងៗទៀតនោះ ទាល់តែដាច់ក្រពះស្លាប់អូន។ យ៉ាងណាមិញ តាមតែអ្វីដែលបងធ្លាប់បានដឹង កន្លងមកនោះ កាលណាពេលដែលសម្រែកបូលរបស់វា បូលបានចាប់ពី ៧ ឬ ៨ម៉ាត់ឡើងទៅគឺ ល្អ។ អ្នកខ្លះពេលតុកកែបូលតែងនិយាយថា ក្រមុំ មេម៉ាយ ឬ កម្លោះ ពោះម៉ាយ ឬ មាន ក្រ ជាដើម។ ប៉ុន្តែសម្រាប់បងខុសពីគេ បើនិយាយទៅបងធ្វើតាមម៉ាក់បងប្រាប់ គឺនៅពេលដែលតុកកែបូលគេរាប់ពី ស្តេច មន្រ្តី សេដ្ឋី អ្នកមាន អ្នកក្រ ហើយពេលវាបូល ប៉ុន្មានម៉ាត់ហើយឈប់ ចំត្រង់ណានោះ គឺយកត្រង់នោះហើយ។ ឧទាហរណ៍ថា៖ ពេលតុកកែបូលលើកទី១បងថា ស្តេច បូលលើកទីពីរបងថា មន្រ្តី បូលលើកទីបីបងថា សេដ្ឋី.....ហើយរាប់បន្តចឹងទៅទៀតទៅ រហូតដល់វាឈប់បូល។ ចំពោះការជឿ ឬមិនជឿ អាហ្នឹងអាស្រ័យលើការគិតរបស់យើង បើយើងមិនខំប្រឹងធ្វើការរកស៊ីអីផង ទៅរកមានឯណាបាននោះ»

បងស្រី គន្ធា បន្តថា «តែបើតាម ប្អូនស្រីជីដូនមួយបង វាធ្លាប់ប្រាប់បងថា វាចំណាំថា បើតុកកែក្នុងផ្ទះវា បូលបានចាប់ពី ៩ម៉ាត់ឡើងទៅ វាចំណាំថាដឹងតែនៅក្នុងគ្រួសារ មានអ្នកទិញរបស់របរចូលក្នុងផ្ទះ ដូចជា ម៉ូតូ ឬទូរស័ព្ទអីជាដើម។ មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះលើកឡើងថា ពេលតុកកែនៅក្នុងផ្ទះគឺមិនល្អ ខ្លះថាល្អ រហូតមានអ្នកខ្លះចាប់ចេញ ពីផ្ទះដោយសារថា វានាំចង្រៃ។ លើសពីនេះ បើតាមចាស់ៗមួយចំនួនថា តុកកែព្រែក ឬតុកកែភ្លោះយ៉ាងម៉េចទេ បងដូចជាមិនសូវច្បាស់ដែរ តែគេថាអាហ្នឹងកាន់តែមាននាំលាភ នាំសំណាង ប៉ុន្តែសម្រាប់បង បងដូចជាមិនសូវជឿសោះ» 

សរុបមក នេះគ្រាន់តែជាទស្សនៈ យល់ឃើញមួយតែប៉ុណ្ណោះ ដែលក្រុមការងារ Khmerload បានចុះសាកសួរបងប្អូនខ្មែរយើង មួយចំនួនតូច ដើម្បីចែករំលែកចំនេះដឹង ជូនដល់ប្រិយមិត្ត មិត្តអ្នកអាន អាចធ្វើការគិតពិចារណា ទាក់ទងទៅនឹងសត្វប្រភេទ តុកកែនេះ ថាតើ ជឿមិនជឿ ឬ ល្អអាក្រក់ ពេលមានសត្វប្រភេទនេះ នៅក្នុងផ្ទះរបស់អស់លោកអ្នក ដោយផ្អែកទៅលើការ ធ្លាប់ចំណាំទុក ឬធ្លាប់បានដឹងបានលឺតែប៉ុណ្ណោះ ។

យ៉ាងណាមិញ ប្រសិនបើប្រិយមិត្ត មានទស្សនៈយល់ឃើញផ្សេងៗ ឬក៏ជំនឿយ៉ាងណានោះ ក៏អាចធ្វើការបញ្ចេញមតិ នៅខាងក្រោមនេះទាំងអស់គ្នា បានផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តុកកែ! ក្រមុំ...តុកកែ! មេម៉ាយ...! ចែករំលែក ជំនឿ ការយល់ឃើញ នៃអាថ៌កំបាំងនៅពីក្រោយ សត្វតុកកែ

តុកកែ! ក្រមុំ...តុកកែ! មេម៉ាយ...! ចែករំលែក ជំនឿ ការយល់ឃើញ នៃអាថ៌កំបាំងនៅពីក្រោយ សត្វតុកកែ
រូបភាព៖ លោកពូ តឹម

តុកកែ! ក្រមុំ...តុកកែ! មេម៉ាយ...! ចែករំលែក ជំនឿ ការយល់ឃើញ នៃអាថ៌កំបាំងនៅពីក្រោយ សត្វតុកកែ
រូបភាព៖ យុវជន សម្ផស្ស

តុកកែ! ក្រមុំ...តុកកែ! មេម៉ាយ...! ចែករំលែក ជំនឿ ការយល់ឃើញ នៃអាថ៌កំបាំងនៅពីក្រោយ សត្វតុកកែ
រូបភាព៖ បងស្រី គន្ធា