លោក ញឹក ប៊ុ​ន​ឆៃ ៖ បញ្ហា​ព្រំដែន​បើ​ដោះស្រាយ​ទ្វេភាគី​មិន​ចេញ គួរ​ពិចារណា​ប្តឹង​ទៅ​តុលាការអន្តរជាតិ

រាជធានី​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា បញ្ហា​ខ្សែរ​បន្ទាត់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​មិន​ទាន់​រក​ដំណោះ​ស្រាយ​បាន​ទេ ព្រោះ​បញ្ហា​បូរណភាព​ទឹកដី​នេះ​ជា​បញ្ហា​របស់​ប្រទេស​ជាតិ​ទាំងមូល មិនមែន​ជា​បញ្ហា​របស់​គណបក្ស​ណាមួយ​ទេ ដូច្នេះ​ប្រទេស​ទាំង​២​ត្រូវ​ខិតខំ​ពិភាក្សា​ដោះ​ស្រាយ​​គ្នា​ទ្វេភាគី​ឱ្យ​អស់​លទ្ធភាព​ជា​មុន​សិន ។

ក្នុង​បទ​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៦ ជាមួយ​ក្រុម​អ្នកកាសែត​នៅ​ភូមិ​គ្រឹះ​របស់​លោក​នៅ​ជ្រោយចង្វារ អតីត​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា និង ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ថា តែបើ​មិន​អាច​ដោះស្រាយ​ព្រំដែន​ជាមួយ​វៀតណាម​តាម​លក្ខណៈ​ទ្វេភាគី​បាន​ទេ ត្រូវ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ត្រូវ​ប្ដឹង​ទៅ​តុលាការអន្តរជាតិ​ដែរ​ឬ​យ៉ាងណា ? ហើយ​ថា បើ​តុលាការ​សម្រេច​ថា​យ៉ាងម៉េច គឺ​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ទទួលយក​ទាំងអស់​គ្នា​។

បើ​តាម​លោក ញឹក ប៊ុ​ន​ឆៃ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​ទ្វេភាគី​នេះ ប្រសិនបើ​មាន​ប្រទេស​ណាមួយ​បង្ហាញ​ថា មានការ​បាត់បង់​ទឹកដី​នោះ ឬ​មាន​ប្រទេស​ណាមួយ​ចំណេញ​ទឹកដី គឺ​ប្រាកដ​ណាស់ មេដឹកនាំ​នៃ​ប្រទេស​នោះ នឹង​ត្រូវ​ប្រជាជន​ថ្កោលទោស​ជាក់​ជា​មិន​ខាន​ឡើយ ។ លោក​បញ្ជាក់​ថា​«​ដោយសារ​តែ​ការ​ការពារ​បូរណភាព​ទឹកដី​នេះ​ហើយ​ដែល​នាំ​ឱ្យ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ មិន​ទាន់​មានការ​ឯកភាព​គ្នា​»​។

គិត​ត្រឹម​វេលា​ម៉ោង​២​និង​៤៧​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​មានការ​អត្ថាធិប្បាយ ឬ​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​ព្រំដែន​នៃ​រាជរដ្ឋា​ភិបាល​​កម្ពុជា ៕