​ឪពុកខំចញ្ចឹមថែកូនឡប់សតិ សងគុណដោយញញួរ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ​មាន​សតិ​មិន​ប្រក្រតី បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​វាយ​សម្លាប់​ឪពុក​ខ្លួនឯង កាលពី​វេលា​ម៉ោង​០៤ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​សីហា ស្ថិតនៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ ។

ស្នងការ​រង​នគរបាល​ខេត្ត លោក​ជេ​ត វណ្ណ​នី បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​សម្លាប់​ឪពុក​របស់​ខ្លួន​នេះ ឈ្មោះ​សឺត ស៊ី​ន អាយុ​៣៤​ឆ្នាំ រីឯ​ឪពុក​ឈ្មោះ​ដែង សឺត អាយុ​៧៤​ឆ្នាំ ។ គ្រួសារ​នេះ​រ ស់នៅ​ជាមួយ​គ្នា​តែ​២​នាក់​ឪពុក​និង​កូនប្រុស​តិរច្ឆាន​ម្នាក់​នេះ​ប៉ុណ្ណោះ ។

កូន​ចង្រៃ​នេះ​ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី និង​ស្រវឹង​ខួប ហើយ​នៅ​រសៀល​ថ្ងៃ​នោះ​ បាន​ប្រើ​ញញួរ​វាយ​សម្លាប់​ឪពុក​ព្រោះតែ​ខឹង​សុំ​លុយ​ទិញ​ស្រា​ផឹក​មិន​បាន​។ លោកស្នងការ​រង​បញ្ជាក់​ថា បុរស​ឡប់សតិ​នេះ​បាន​វាយ​ឪពុក​មួយ​ញញួរ​ចំ​សៀតផ្កា​ខាងស្ដាំ បណ្ដាល​ឱ្យ​ដួល​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​អន្តរាគមន៍​ចាប់ខ្លួន​កួន​ប្រុស​រូប​នេះ​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ។

អ្នក​ភូមិ​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ​សឺត ស៊ី​ន នេះ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី តែ​ក៏​ជា​មនុស្ស​ស្រវឹង​ខួប​ដែរ រស់នៅ​ក្នុងផ្ទះ​ដ៏​ទ្រុឌ​ទ្រម​តូច​មួយ​ជាមួយ​ឪពុក​អាយុ​៧៤​ឆ្នាំ ដែល​គ្មាន​មុខរបរ​ពិតប្រាកដ ។ ជា​រៀងរាល់ថ្ងៃ កូនប្រុស​តិរច្ឆាន​នេះ​តែង​សម្លុត​ឪពុក​រក​លុយ​ទិញ​ស្រា​ផឹក តែ​នៅ​ថ្ងៃ​កើតហេតុ​ឪពុក​គ្មាន​លុយ​ឲ្យ​ក៏​កើតការ​ខឹងសម្បា ស្ទុះ​ទៅ​ទា​ញញួរ​វាយ​ក្បាល​ឪពុក​ចំ​សៀតផ្កា​ដួល​ស្លាប់​តែ​ម្ដង​។

ប៉ុន្តែ​សាក្សី​ខ្លះ​ទៀត​និយាយ​ថា កូនប្រុស​រូប​នេះ​បាត់បង់​សតិ​ដោយសារ​«​ស្រា​» ព្រោះ​តាំងពី​ដើម​រហូត​មក​ជន​នេះ​មិន​ដែល​ចេះ​ធ្វើ​ការងារ​រកស៊ី​ទេ រស់​ពឹង​លើ​កម្លាំង​ឪពុក​ទាំងស្រុង លុះ​ស្រវឹង​ម្ដង​ៗ​មិន​ខុស​ពី​មនុស្ស​«​ឆ្កួត​»​ឡើយ រហូត​ហ៊ាន​លើកដៃ​វាយ​សម្លាប់​ឪពុក​ខ្លួនឯង​ទៀត ។

សមត្ថកិច្ច​និយាយ​ថា ជន​ដៃដល់​មិន​បាន​រត់គេច​ខ្លួន​ទេ ក្រោយ​ពី​វាយ​សម្លាប់​ឪពុក​ហើយ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។ មន្ត្រី​ជំនាញ​បាន​សួរនាំ​ជន​ដៃដល់ តែ​ហាក់​គ្មាន​ចម្លើយ​ច្បាស់លាស់​ទេ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕