កំពុង​កាយ​ធ្វើ​ស្រះ​ទឹក​វត្ត ស្រាប់តែ​ប្រទះ​ឃើញ​ឆ្អឹង​មនុស្ស​ជា​ច្រើន

ខេត្តកំពត ៖ គ្រឿងចក្រ​កំពុង​កាយ​ធ្វើ​ស្រះ​ទឹក​នៅ​ក្នុង​វត្ត​គ​ហារ​ព្រះ​ដែល​ស្ថិត​នៅ​ក្នុង​ជាប់ជើង​ភ្នំ​ទទុង ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស ស្រុក​បន្ទាយ​មាន ស្រាប់តែ​ប្រទះ​ឃើញ​ឆ្អឹង​មនុស្ស​ជា​ច្រើន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ។

លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ស្រះស្រង់​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​គ្រឿងចក្រ​ផ្អាក​សកម្មភាព​សិន ដោយ​រង់ចាំ​ខាង​ក្រសួង​មក​ពិនិត្យ ព្រោះ​គេ​មាន​ជំនាញ ថា​តើ​សព​នោះ​ជា​មនុស្ស​ប្រុស ឬ​ស្រី ហើយ​ស្លាប់​តាំងពី​ជំនាន់​ណា ។

លោកសង្ឃ​ព្រះ​នាម លី សុ​ភ័​ក្ត ព្រះ​ជន្ម​៣០​វស្សា បាន​មាន​សង្ឃដីកា​ថា ដោយសារ​តែ​វត្ត​ខ្វះខាត​ទឹក លោកសង្ឃ និង​គណៈកម្មការ​វត្ត ព្រមទាំង​សប្បុរសជន បាន​រួម​សហការ​គ្នា​ជួល​គ្រឿងចក្រ​មក​កាយ​ធ្វើ​ស្រះស្រង់​ទំហំ ទទឹង​៧៣​ម៉ែត្រ បណ្ដោយ​៨៣​ម៉ែត្រ ជម្រៅ​៩​ម៉ែត្រ ប៉ុន្តែ​ទើបតែ​កាយ​បាន​៦​ម៉ែត្រ ក៏​ប្រទះ​ឃើញ​ឆ្អឹង​សព​តែ​ម្តង ។

លោក ម៉ៅ សួន អាយុ​៨២​ឆ្នាំ អាចារ្យវត្ត​គ​ហារ​ព្រះ ហៅ​វត្ត​ភ្នំ​ទទុង ឬ​វត្ត​កោះ​ទុង បាន​ឲ្យ​ដឹង​ថា បើ​អាជ្ញាធរ​ឲ្យ​ផ្អាក តើ​លោកសង្ឃ និង​អាចារ្យវត្ត​បាន​ប្រាក់​មក​ពី​ឲ្យ​គេ បើក​ធ្វើ​មិន​ទាន់​ហើយ​ផង​នោះ ម្យ៉ាងទៀត​សប្បុរសជន​ក៏​គេ​មិន​ឲ្យ​ប្រាក់​មក​ដែរ​បើ​មិន​ជីក​ស្រះ​នេះ​ឲ្យ​ហើយ​ទេ​នោះ ៕