សេ្ដច​ឌូ​បៃ បណ្ដេញ​មន្ត្រី​៩​នាក់​ចេញពី​តំណែង ព្រោះ​ចូលធ្វើការ​យឺត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-31-2016, 2:53 pm         970

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សេ្ដច​ឌូ​បៃ បណ្ដេញ​មន្ត្រី​៩​នាក់​ចេញពី​តំណែង ព្រោះ​ចូលធ្វើការ​យឺត​​ស្តេច​ឌូ​បៃ (Emir of Dubai) បានចេញ​បញ្ជា​ឲ្យ​មានការ​រុះរើ​ការគ្រប់គ្រង​នៅ​បុរី​ទីក្រុង​នេះ ដោយ​រួម​ប​ញ្ចួ​ល​ទាំង​ការដាក់​ឲ្យ​ចូលនិវត្តន៍​មន្ត្រីជាន់ខ្ពស់​៩​នាក់​។ បទបញ្ជា​រុះរើ​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ស្ដេច​ឌូ​បៃ បាន​បង្ក​ការភ្ញាក់ផ្អើល ដោយបាន​ទៅពិនិត្យ​ការិយាល័យ​រដ្ឋាភិបាល​ដោយ​មិន​ប្រាប់​មុន ហើយក៏​រកឃើញថា មន្ត្រី​ជាច្រើន​មិនទាន់​មកដល់ ខណៈ​ម៉ោង​៧:៣០ ព្រឹក​ទៅហើយនោះ​។

​ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid al-Maktoum  បាន​ទៅ​ទស្សនកិច្ច​ដោយ​មិន​ឲ្យ​ដំណឹង​ជាមុន សំដៅ​ត្រួតពិនិត្យ​ការងារ​នៅតាម​ការិយាល័យ​មន្ត្រី​ស៊ីវិល កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែសីហា ព្រោះ​ថ្ងៃអាទិត្យ ជា​ថ្ងៃ​ធ្វើការ​របស់​ទីក្រុង​នេះ​។ ប៉ុន្តែ​អ្វីដែល​ព្រះអង្គម្ចាស់​នេះ​ភ្ញាក់ផ្អើល​នោះ គឺ​នៅតាម​តុ​ធ្វើការ​ទាំងនោះ​មិនមាន​មន្ត្រីជាន់ខ្ពស់ អង្គុយ​ធ្វើការ​ឡើយ​។​

​បើតាម​វីដេអូ ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ Twitter គេ​សង្កេតឃើញ ព្រះអង្គម្ចាស់ Sheikh ដែលជា​នាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធានាធិបតី​នៃ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែរនោះ យាង​ចូល​ការិយាល័យ​នៃ​នាយកដ្ឋាន​ដែនដី និង​នាយកដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​មិនទាន់មាន​មន្ត្រី​មក​ធ្វើការ​នៅឡើយ​នោះ​។ លោក Mona al-Marri មន្ត្រី​ព័ត៌មាន​ឌូ​បៃ និយាយ ទស្សនកិច្ច​នេះ គឺ​សារ​មួយ​សម្រាប់​មន្ត្រី​ទាំងអស់​។​

​យោងតាម​សារព័ត៌មាន Telegraph ក្រៅពី​នាយកដ្ឋាន​ទាំងពីរ​ខាងលើ ព្រះអង្គម្ចាស់ Sheikh ក៏បាន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ឌូ​បៃ​។ នៅ​ទីនោះ មន្ត្រី​ផ្នែក​អន្តោប្រវេសន៍ គឺ​មក​ធ្វើការ​ទាន់​ម៉ោង​ធ្វើការ និង​រៀបរយ​ទាំងអស់គ្នា​។ មួយថ្ងៃ​បន្ទាប់ពី​ការចុះ​ត្រួតពិនិត្យ មន្ត្រី​៩​នាក់​មកពី​អង្គភាព​ប្រតិបត្តិ​នៃ​ក្រុង​ឌូ​បៃ រួមទាំង​មន្ត្រី​ថ្នាក់​អគ្គនាយក និង​អគ្គនាយករង​ផង​នោះ ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​។

​គេ​មិនដឹង​ច្បាស់​ពី​ការបណ្ដេញចេញ​មន្ត្រី​ទាំង​នេះឡើយ ប៉ុន្តែ​ព្រះអង្គម្ចាស់ Sheikh ក៏បាន​អរគុណ​មន្ត្រី​ទាំង​៩​នាក់ ចំពោះ​សមិទ្ធផល​កន្លងមក​។ ស្ដេច​ឌូ​បៃ​អង្គ​នេះ បញ្ជាក់ថា លោក​ចង់​ឲ្យ​អ្នកជំនាន់ក្រោយ មកកាន់​តំណែង​គ្រប់គ្រង​ម្ដង ដើម្បី​ផ្ដល់​សេវាកម្ម​ដែលមាន​គុណភាព​សម្រាប់​ប្រជាជន​ឌូ​បៃ​។ 

​តាមពិតទៅ ប្រមុខ​បុរី​រដ្ឋ Dubai អង្គ​នេះ ត្រូវគេ​ទទួលស្គាល់​ចំពោះ​ទស្សនកិច្ច​មិន​ប្រាប់​មុន ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់​មន្ត្រី​ទាំងឡាយ​។ ពោលគឺ​ព្រះអង្គ​ធ្វើ​ដូចនេះ ចាប់តាំងពី​ការចាប់ផ្ដើម​ដំណើការ​អភិវឌ្ឍ​ទីក្រុង​នេះ ពី​វាល​ខ្សាច់ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​ទំនើប​មួយ​នៅលើ​ពិភពលោក​៕