មនុស្ស​10​នាក់​ស្លាប់​ដោយសារ​ព្យុះ​LIONROCK​នៅ​ជប៉ុន

យោង​តាម​ប៉ូលិស និង​រដ្ឋាភិបាល​ថា មនុស្ស​១០​នាក់​ស្លាប់ ក្នុង​នោះ​៩​នាក់​នៅ​ក្នុងផ្ទះ សម្រាប់​ជន​ចូល​និវត្តន៍​មួយ​នៅ​ឯ​តំបន់​ភាគ​ឦសាន​ជប៉ុន ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្រោយ​ការ​បោកបក់​នា​ពេល​មុន​នេះ​របស់​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ LIONROCK ។

ប៉ូលិស​អះអាង​ប្រាប់ AFP នា​ថ្ងៃ​ទី​៣១ សីហា ថា សាកសព​មនុស្ស​៩​នាក់​ត្រូវ​បាន​រក​ឃើញ​ខាងក្នុង​ផ្ទះ​សម្រាប់​ជន​ចាស់ជរា​មួយ​នៅ​មូលដ្ឋាន IWAIZUMI ដែល​ផ្ទះ​នោះ​រលំ ហើយ​ត្រូវ​ទឹក​នាំ​យក​ទៅ ។ ប៉ូលិស​បាន​ធ្វើការ​រុករក​នោះ ព្រមទាំង​បំពេញការងារ​ជួយ​សង្គ្រោះ​បណ្តា​មនុស្ស​ដែល​ជាប់​ទៅ​ណា​មិន​រួច ដោយសារ​ទឹកជំនន់​មក​ពី​ព្យុះ​ទី​ហ្វុ​ង LIONROCK ។ ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​រូបភាព​នានា​ថត​ពីលើ​អាកាស​បង្ហាញ​រូបភាព​នៃ​ផ្ទះថ្ម​មួយ​ទើរ​នៅ​មាត់​ខ្សែទឹក ហើយ​ផ្អៀង​មាន​កាក​សំណល់​នានា ព្រមទាំង​មែកឈើ​ធំ​ៗ​ជាប់​គរ​ពីក្រោម​លាយ​ជាមួយ​ភក់ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក YOSHIHIDE SUGA និយាយ​ថា នារី​ចំណាស់​ម្នាក់​បាន​ស្លាប់​ក្នុងផ្ទះ​របស់​គាត់​ដែល​ទឹក​វាយប្រហារ​នៅ​ទីក្រុង KUJI ។ នៅ​ទីក្រុង​នោះ ទូរទស្សន៍​រដ្ឋ​បង្ហាញ​រូបភាព​ថត​ពីលើ​អាកាស​ដែល​ទឹកបាន​ជន់​លិច​តំបន់​យ៉ាង​ធំ ហើយ​និង​រថយន្ត​ទាំងឡាយ​លិច​ពាក់កណ្តាល ។

ព្យុះ​ដ៏​ខ្លាំង​នេះ​អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៣០ សីហា លើ​ភាគ​ឦសាន​ជប៉ុន ។ ព្យុះ LIONROCK ក៏​បង្ក​ឱ្យ​មាន​ទឹកជំនន់​ជន់​លិច​នៅ​លើ​កោះ​ហុង​កៃ​ដូ​ផង​ដែរ ដែល​នៅ​ទីនោះ​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន ៕