ផ្ទុះរឿងអ្នកចាញ់ល្បែង ចោទថាជាល្បិចកៀបស៊ី

ផ្ទុះរឿងអ្នកចាញ់ល្បែង ចោទថាជាល្បិចកៀបស៊ី



ខេត្តកំពត ៖ បុរសម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តឱ្យជួយរកយុត្តិធម៌ដោយចោទថា ពេលគាត់លេងចាញ់ម៉ាស៊ីនដើរធម្មតាតែពេលលេងឈ្នះម៉ាស៊ីន
បែរជារអាក់រអួល ហើយម្ចាស់មានចេតនាមិនចង់ស៊ីសង ខណៈគាត់ចាញ់ល្បែងបៀនេះអស់១៦.០០០ដុល្លារ ។

ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែសីហា នៅក្នុងហាងអីុនធើរណេតមួយកន្លែងស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

ម្ចាស់ទីតាំងនេះត្រូវបានគេស្គាល់ថាឈ្មោះ ជិន យ៉ាន្នី ហៅពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ ។
បុរសដែលអះអាងថា ត្រូវម្ចាស់បនល្បែងប្រើល្បិចកៀបស៊ីនេះបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ថា រូបគាត់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់អ្នកបើកអុីនធើរណេតមួយកន្លែងនេះថា បើកល្បែងស៊ីសងដោយប្រើល្បិចកៀបស៊ីតាមកុំព្យូទ័រ និងប្រព័ន្ធអុីនធើរណេត បន្ទាប់ពីគាត់បានលេងបៀបាការ៉ាត់ចាញ់អស់១ម៉ឺន៦ពាន់ដុល្លារ ដោយការកៀបស៊ីធ្វើឱ្យគាំងម៉ាស៊ីន ។

យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថា លោក លឹម ទ្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ បានប្តឹងចោទប្រកាន់ឈ្មោះ ជិន យ៉ាន្នី ហៅពេជ្រ មុខរបរបើកអុីនធើរណេត នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

យោងតាមពាក្យបណ្ដឹងបានឱ្យដឹងទៀតថា រយៈពេល៤-៥ថ្ងៃជនរងគ្រោះ បានលេងល្បែងចាញ់អស់១ម៉ឺន៦ពាន់ដុល្លារ ព្រោះស្មានថា លេងដោយយុត្តិធម៌ តែតាមពិតគឺមានល្បិច ដោយពេលគាត់លេងកំពុងឈ្នះស្រាប់តែបិទអុីនធើរណេតទូរបស់គាត់ដើម្បីឱ្យពិបាកឈ្នះ ។

នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ទៀតថា បន្ទាប់ពីជនរងគ្រោះដឹងថាជាល្បិច កន្លែងអុីនធើរណេតនោះក៏បានបិទទ្វារដើម្បីកុំឱ្យអាជ្ញាធរដឹងឮ ហើយជនរងគ្រោះក៏បានដឹងដែរថា កន្លែងនោះគ្មានច្បាប់ដែរ តែម្ចាស់ទីតាំងនោះអះអាងប្រាប់គាត់ថា «ប្តឹងដល់ណាប្តឹងទៅ ព្រោះសុទ្ធតែបក្សពួកខ្លួន ព្រោះបានបង់ឱ្យអាជ្ញាធរអស់រាប់ពាន់ដុល្លារជារៀងរាល់ខែអស់ហើយ» ។

ជនរងគ្រោះក្នុងល្បែងបៀបាការ៉ាត់នេះ បានសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមចាត់មន្ត្រីមកបង្ក្រាបផងព្រោះបើទុកឱ្យមន្ត្រីនៅខេត្តបង្ក្រាបហាក់ទៅមិនរួចឡើយ ។ ជនរងគ្រោះបន្តថា «លោកមិនចង់ឱ្យមានអ្នករងគ្រោះដូចលោកទៀតទេ» ហើយការដែលលោកហ៊ានចូលមកលេង ក៏ព្រោះតែម្ចាស់ទីតាំងនេះអះអាងថា មិនបាច់ភ័យព្រួយរឿងសមត្ថកិច្ចចាប់ទេ ព្រោះគេបង់លុយអស់រាប់ពាន់ដុល្លារទៅឱ្យអស់លោកសមត្ថកិច្ចធំៗអស់ហើយ» ។

ទាក់ទងនឹងការលើកឡើងថា ម្ចាស់ទីតាំងខាងលើបានបង់លុយឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងស្ថាប័នតុលាការផងដែរនោះ   ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែសីហា ថា លោកមិនបានដឹងរឿងនេះទេ ហើយលោកនឹងចាត់ឱ្យមន្ត្រីចុះទៅពិនិត្យមើលទីតាំងខាងលើ ដោយលោកប្រាប់ថាពេលនេះលោកកំពុងនៅប្រទេសថៃ ។

ចំណែកលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឱ្យដឹងតាមទូរស័ព្ទដែរថា «ខាងលោកបានទទួលពាក្យបណ្តឹង ហើយនៅសប្តាហ៍ក្រោយលោកនឹងចាត់ឱ្យព្រះរាជអាជ្ញារងចាត់ការរឿងនេះ» ។ ពាក់ព័ន្ធនឹងការលើកឡើងថា ម្ចាស់ទីតាំងខាងលើបង់លុយខែឱ្យស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោះលោកព្រះរាជអាជ្ញាបដិសេធថា «លោកមិនដែលស្គាល់ម្ចាស់ទីតាំងនោះ ហើយក៏គ្មានពាក់ព័ន្ធលុយកាក់អ្វីដែរ» ។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែសីហា កោះសន្តិភាពព្យាយាមទាក់ទងទៅលោក ជិន យ៉ាន្នី ហៅពេជ្រ ជាម្ចាស់ទីតាំងអុីនធើរណេតខាងលើនេះដែរ តែទំនាក់ទំនងមិនអាចធ្វើទៅបានសោះ ។

គួរបញ្ជាក់ថា ទីតាំងមួយនេះតាមសេចក្តីរាយការណ៍គឺបានបើកដំណើរការច្រើនឆ្នាំមកហើយ មិនដែលឃើញមានអស់លោកសមត្ថកិច្ចណាចុះបង្ក្រាបសោះឡើយ ។ មិនដឹងថា ម្ចាស់ទីតាំងមួយនេះ មានខ្នងបង្អែកប៉ុនណានោះទេ ទើបបានជាសមត្ថកិច្ចនគរបាលក៏ដូចជាអាវុធហត្ថមិនហ៊ានបង្ក្រាប ។

បើតាមមន្ត្រីតុលាការមួយរូបលួចបង្ហើបថា មិនមែនតុលាការមិនចង់ធ្វើនោះទេ កាលពីមុនមានព្រះរាជអាជ្ញារងធ្លាប់បង្ក្រាបម្តងដែរ តែហាក់មិនមានប្រសិទ្ធភាពឡើយ ខណៈមានអ្នកអន្តរាគមន៍សុទ្ធតែមន្ត្រីនគរបាលជាន់ខ្ពស់ ។

អ្នកតាមដាននិយាយថា ជាការពិតល្បែងស៊ីសងគឺខុសច្បាប់ ដូច្នេះទាំងអ្នកបើកល្បែងនិងអ្នកលេងគឺខុសដូចគ្នាមិនដឹងថា តើច្បាប់ត្រូវវិនិច្ឆ័យតាមមាត្រាណាទៅ ?