ភរិយានិងកូនទាំង4របស់លោកបណ្ឌិត កែម ឡី ទទួលសិទ្ធិជ្រកកោននៅប្រទេសមានសុវត្ថិភាពមួយ

ភរិយានិងកូនទាំង4របស់លោកបណ្ឌិត កែម ឡី ទទួលសិទ្ធិជ្រកកោននៅប្រទេសមានសុវត្ថិភាពមួយ



រាជធានីភ្នំពេញ ៖ ភរិយារបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៤នាក់ បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី២៨ សីហា កន្លងទៅនេះ ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាសមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានមានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗបានទៅដល់ទីកន្លែងមានសុវត្ថិភាពហើយ ប៉ុន្តែព្រះអង្គមិនអាចបញ្ចាក់ប្រាប់ថា នៅប្រទេសណានោះទេ ហើយការទំលាយព័ត៌មាននេះ គឺបន្ទាប់ពីការចាកចេញផុតពីប្រទេសកម្ពុជារួចទៅហើយ ។

ព្រះតេជគុណបន្ថែមថា នៅមុនពេលអ្នកស្រី ប៊ូ រចនា និងកូនៗបានចាកចេញពីប្រទេសកម្ពុជានេះ អ្នកស្រី ប៊ូ រចនា បានផ្ញើលិខិតផ្ទេរសិទ្ធិឱ្យគណៈកម្មការរៀបចំបុណ្យសព ដើម្បីសុំឱ្យធ្វើបុណ្យសព១០០ថ្ងៃ ជូនស្វាមីអ្នកស្រី គឺលោកបណ្ឌិត កែម ឡី ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឱ្យដឹងថា បុណ្យសពគម្រប់១០០ថ្ងៃនេះ និងធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ខាងមុខ តែគណៈកម្មការមិនទាន់សម្រេចថានឹងធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តតាកែវ នោះនៅឡើយទេ ។ ការកំណត់ទីតាំងនេះ គឺអាស្រ័យលើប្រជាពលរដ្ឋភាគច្រើនជាអ្នកសម្រេច ថាតើចង់ធ្វើនៅទីតាំងវត្តចាស់ រាជធានីភ្នំពេញ ឬធ្វើនៅខេត្តតាកែវ ដែលជាកន្លែងបញ្ចុះសពរបស់លោក ។

តាមវិទ្យុបារាំងអន្តរជាតិបានផ្សាយដោយដកស្រង់សម្តីលោក ប៉ា ងួនទៀង សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានឲ្យដឹងថា ពីធីបុណ្យខួបគំរប់១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែតុលា ។ យ៉ាងណាមិញលោកមិនអាចបញ្ជាក់ថា ពិធីបុណ្យនេះនឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តតាកែវនោះទេ ។

ប៉ុន្តែលោក កែម រិទ្ធិសិត ជាប្អូនប្រុសលោកបណ្ឌិត កែម ឡី និងជាតំណាងគ្រួសារសព បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ពិធីបុណ្យ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នឹងធ្វើឡើងនៅរាជធានីភ្នំពេញ២ថ្ងៃកន្លះ ហើយមកធ្វើនៅខេត្តតាកែវ ជាកិច្ចបញ្ចប់បុណ្យ ។ លោកបញ្ជាក់ថា ការធ្វើពីធីបុណ្យនៅក្នុងរាជធានីភ្នំពេញ ដោយសារតែមានរូបសំណាករបស់គាត់ ដែលត្រូវរៀបចំធ្វើពិធីអភិសេក នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែតុលា ។

លោកបានឲ្យដឹងទៀតថា រូបសំណាករបស់លោកបណ្ឌិត កែម ឡី នឹងត្រូវហែចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែតុលា ហើយពីធីបុណ្យនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ក្នុងខេត្តតាកែវ ជាស្រុកកំណើតរបស់លោក ។ យ៉ាងណាមិញ លោកបញ្ជាក់ថា លោកមិនបានចាត់ចែងកម្មវិធីបុណ្យ១០០ថ្ងៃនេះទេ ដោយប្រគល់សិទ្ធិឲ្យគណៈកម្មការរៀបចំបុណ្យសព ហើយរូបលោកគ្រាន់តែចាំទទួលភ្ញៀវតែប៉ុណ្ណោះ ។

គួរកត់សម្គាល់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងម៉ាតនៃស្ថានីយប្រេងកាល់តិច ស្តុបបូកគោ វេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ហើយសពរបស់លោកបានតម្កល់ទុកធ្វើបុណ្យនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៤ កក្កដា ទើបសពលោកត្រូវបានដង្ហែយកទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ។

ជុំវិញព័ត៌មានភរិយាលោកបណ្ឌិត កែម ឡី និងកូនៗចាកចេញពីប្រទេសកម្ពុជានោះ លោក កែម រិទ្ធិសិត មិនធ្វើអធិប្បាយបានទេ ។ ចំណែកលោក ប៉ា ងួនទៀង បញ្ជាក់ថា លោកមិនបានក្តាប់ព័ត៌មាននេះបានទេ ។

គួររំលឹកថា អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ធ្លាប់បានថ្លែងកាលពីខែកក្កដា ក្នុងពិធីបុណ្យតម្កល់សពស្វាមីថា ស្ថានទូតអូស្ត្រាលីបានមកជួបទាក់ទង ដើម្បីយកលោកស្រី និងកូនៗ ទៅរស់នៅប្រទេសអូស្ត្រាលី តែក្រោយមកបានបដិសេធ ។ យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទេ ជុំវិញការចាកចេញពីកម្ពុជារបស់អ្នកស្រី និងកូនៗ ៕