មតិយុវជនខ្មែរ អំពីការធ្វើពិធីខួបកំណើត​ ជាវប្បធម៌របស់បរទេស តែវាក៏ល្អម្យ៉ាងដែរ

បើនិយាយពីរឿងធ្វើខួបកំណើត វាជារឿងទូទៅធម្មតាស្រាប់ទៅហើយ សម្រាប់ យុវជនខ្មែរបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវាជាវប្បធម៌បរទេសមួយ ដែលបានហូរចូលមកក្នុងប្រទេសកម្ពុជាយើង ពោលគឺវាមិនមែនជាវប្បធម៌ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។

មានអ្នកខ្លះតែងបានប្រារព្ធធ្វើវា ជារៀងរាល់ឆ្នាំមិនដែលខាន ដោយពួកគេមានផ្នត់គំនិតយល់ឃើញផ្សេងៗពីគ្នា។ អ្នកខ្លះគិតថាល្អមិនមាន ផលប៉ះពាល់អ្វីច្រើននោះទេ ថ្វីត្បិតតែវាមិនមែនជាវប្បធម៌របស់យើងក៏ដោយ។ តែក៏មានអ្នកខ្លះទៀត យល់ខុសពីនេះដែរ ថាវាគ្មានប្រយោជន៍ទេ ចង់ធ្វើក៏បាន អត់ក៏បានដែរ។

ទោះជាយ៉ាងនេះក្តីយើង ក៏សង្កេតឃើញថា សព្វថ្ងៃមានមនុស្សជាច្រើនហាក់មាន ភាពស្រឡាញ់ចូលចិត្ត បង្កើតកម្មវិធីនេះឡើងខ្លាំងណាស់ ជាពិសេសគឺយុវវ័យ តែម្តង។ តើវាបានផ្តល់ផលប្រយោជន៍អ្វី ដល់យុវជនយើង ព្រមទាំងសង្គមជាតិយើង ខ្លះ? ហើយតើយុវជនខ្មែរយើង​សម័យទំនើបនេះ មានផ្នត់គំនិតបែបណាខ្លះដែរ បានជាមានការពេញនិយម​​ ក្នុងការប្រារព្ធធ្វើពិធីនេះ ជារៀងរាល់ឆ្នាំមិនដែលដាច់? តើវាពិតជាដើម្បីជួបជុំមិត្តភក្តិ បង្កើនទំនាក់ទំនងស្និទ្ធស្នាលរវាងគ្នានឹងគ្នា ឬគ្រាន់តែជាការនិយមធ្វើតាមគ្នាប៉ុណ្ណោះទេ?

អញ្ចឹងយើងទៅស្តាប់ពីការយល់ឃើញ ពីយុវវតីដែលធ្លាប់ប្រារព្ធធ្វើពិធី ខួបកំណើតនេះបន្តិចមើល៍ មានអ្វីប្លែកគួរឱ្យពិចារណាយ៉ាងណាខ្លះដែរ៖

ជួបជាមួយកញ្ញារស្មី បានរៀបរាប់ប្រាប់ខ្មែរឡូតថា «អ្វីក៏មានមុខពីរដែរ ល្អ ឬមិនល្អគឺអាស្រ័យទៅលើអ្នកគិត និងទង្វើរបស់គេផ្ទាល់។ តាំងពីដើមមកការទទួល យកវប្បធម៌ពីប្រទេសដទៃគឺជារឿងធម្មតាទៅហើយ កាលណាយើងមានទំនាក់ទំនង ជាមួយគ្នា គឺត្រូវតែមានបំលាស់ប្ដូរវប្បធម៌ចឹងហើយ ខ្មែរយើងក៏ធ្លាប់ទទួលវប្បធម៌ ពីគេ គេក៏យកពីខ្មែរដែរ គ្រាន់តែថា បើការទទួលនោះវាមានលក្ខណៈមិនសមស្រប នឹងវប្បធម៌របស់យើង វាក៏ធ្វើឲ្យបាត់បង់តម្លៃវប្បធម៌ជាតិរបស់ខ្លួនដែរ តែចំពោះកម្មវិធីខួបកំណើត ខ្ញុំគិតថានេះវាដូចជាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ តែផ្ទុយទៅវិញ វាបានធ្វើឲ្យមនុស្សមានក្ដីស្រឡាញ់ និងអាចចងចាំថ្ងៃកំណើតគ្នា ទៅវិញទៅមក។» 

ហើយចំពោះរឿងនេះ កញ្ញាក៏យល់ថាវាគ្មានបញ្ហាធំដុំអ្វីទេ សម្រាប់សង្គមយើង ព្រោះវាគ្រាន់តែជាការជួបជុំគ្នាធម្មតា និងអាចធ្វើឱ្យយើង អាចចងចាំថ្ងៃកំណើតគ្នាទៅវិញទៅមក ហើយវាក៏ជាការធ្វើតាមគ្នាដែរ តែក៏គ្មានអីមិនល្អទេ តែអាចឱ្យយើងអាចជួបជុំមិត្តភក្តិបងប្អូនបានល្អម្យ៉ាងដែរ។

ចំណែកឯស្រីស្អាតនិមលវិញ ក៏បានថ្លាថ្លែងប្រាប់ក្រុមការងារខ្មែរឡូតដែរថា៖ «សម្រាប់ខ្ញុំវាអត់មានអីមិនល្អទេចំពោះសង្គមយើង ព្រោះបើគិតទៅវាដូចជាគ្មាន ផលប៉ះពាល់អ្វី ដល់វប្បធម៌យើងខ្លាំងណាស់ណាទេ វាជារឿងធម្មតា ផ្ទុយទៅវិញវាបានធ្វើឱ្យយើងចាំថ្ងៃកំណើត មនុស្សជាទីស្រឡាញ់បានទៀតផង ហើយក៏អាចបង្ហាញក្តីស្រឡាញ់ ដែលមានចំពោះគ្នា ដូចជាកាជូនកាដូ វត្ថុអនុស្សាវរីយ៍ ដើម្បីឱ្យមានការនឹករលឹកឃើញគ្នា ទោះបីជាមិនបាននៅក្បែរគ្នាដូចមុនក៏ដោយ។ ម្យ៉ាងទៀតមិនថាតែប្រទេសយើងទេ ប្រទេសផ្សេងៗនៅជិតខាងយើងក៏គេធ្វើដែរ គឺវាមានលក្ខណៈជាសាកល។ និយាយរួមគឺការធ្វើខួបកំណើតនេះវាមាន គុណសម្បត្តិច្រើនជាងគុណវិបត្តិ ដូចជាយើងអាចមានការជួបជុំគ្នាសើចសប្បាយ បង្កើនការរាប់អានគ្នា និងស្គាល់ចិត្តថ្លើមគ្នាកាន់តែច្បាស់ផង តែមានពេលខ្លះក៏វាជា ការចំណាយលុយច្រើនដែរ។ ហើយភាគច្រើនកន្លែង ដែលខ្ញុំឧស្សាហ៍ទៅធ្វើនោះគឺ KTV ព្រោះវាងាយស្រួលមានទាំងការច្រៀងរាំលេងកម្សាន្តមិនរំខាន ដល់ការរស់នៅរបស់អ្នកដទៃ ម្យ៉ាងវាក៏មានផាសុកភាព ធំទូលាយ និងមានអាហារញ៉ាំស្រាប់មិនពិបាករវល់ធ្វើនាំឱ្យខាតពេលច្រើននោះទេ។ តែនៅផ្ទះក៏ធ្លាប់ធ្វើដែរ ព្រោះអាចឱ្យយើងជួបជុំសាច់ញាតិបងប្អូន។»

ចុងក្រោយគឺកញ្ញា លក្ខិណា ក៏បានចូលរួមចែករំលែកមួយផ្នែកដែរ គឺកញ្ញាបានប្រាប់ថា «បើតាមគំនិតខ្ញុំ គឺខ្ញុំគិតថាវាល្អសម្រាប់យុវវ័យយើង ព្រោះថាវាធ្វើអោយសប្បាយ ហើយអាចធ្វើឱ្យយើងចងចាំថ្ងៃកំណើតយើងផង។ តែបើសម្រាប់មនុស្សចាស់គឺពួកគាត់គិតថាជាវប្បធម៌បរទេស ហើយពួកគាត់ មិនដែលបានធ្វើទេ។ ខ្ញុំបានចាប់ធ្វើពិធីខួបកំណើតនៅប្រហែលកាលពី មានអាយុ១៨ឆ្នាំ គិតមកដល់ពេលនេះគឺខ្ញុំបានធ្វើវាច្រើនដងដែរ ហើយភាគច្រើនខ្ញុំយល់ថាវាអត់មានអីអាក្រក់ទេ និងមិនបានប៉ះពាល់ដល់វប្បធម៌ យើងខ្លាំងក្លាផង ព្រោះនេះជាសម័យទំនើបទៅហើយ និងម្យ៉ាងកុំឱ្យយើងភ្លេចថ្ងៃ កំណើតផង។»

សរុបមកដូចសម្តីកញ្ញារស្មីបានលើកឡើងថា «អ្វីក៏មានមុខពីរដែរ ល្អ ឬមិនល្អ គឺអាស្រ័យទៅលើអ្នកគិត និងទង្វើរបស់គេផ្ទាល់។» ដូច្នេះនៅទីនេះមិនបាន វាយប្រហារលើទង្វើនៃការនិយមនាំគ្នាប្រារព្ធធ្វើពិធីខួបកំណើតនោះទេ តែមានបំណងដាស់តឿនយុវវ័យទូទៅឱ្យចេះថែរក្សានូវវប្បធម៌យើង ចេះមានគំនិតកែច្នៃ ជ្រើសយកអ្វីដែលល្អមកអនុវត្តន៍ដើម្បីលើកស្ទួយកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូលក៏ដូចជានាំគ្នាចូលរួមគិតផ្តល់គំនិត ស្ថាបនាអ្វីដែលល្អៗទាំងអស់គ្នា។

ដូចជាការចម្លងវប្បធម៌ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ដូច្នេះដែរ មានយុវជនជ្រុលនិយមមួយចំនួនបែរជាគិតថា វាគឺថ្ងៃបុណ្យសង្សារតែម្យ៉ាង ដោយមិនបានគិតថា សេចក្តីស្រឡាញ់នោះគឺមានសម្រាប់ឱ្យគ្រប់គ្នា ជាពិសេសគឺ ឪពុកម្តាយ បងប្អូន ស្វាមីភរិយា មិត្តភក្តិ ជាដើម។ នេះជាការគិតផ្ទុយស្រឡះមួយ ដែលត្រូវតែគិតសាឡើងវិញ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យយុវជនយើងឱ្យបាន ដឹងថាវាជាវប្បធម៌បរទេសដែលបានហូរចូលមកក្នុងប្រទេសយើងទេ និងចូលរួមថែរក្សាវប្បធម៌យើងទាំងអស់គ្នា។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ​ចំពោះការនិយមធ្វើពិធីខួបកំណើតនេះ? ចូលរួមចែករំលែកទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មតិយុវជនខ្មែរ អំពីការធ្វើពិធីខួបកំណើត​ ជាវប្បធម៌របស់បរទេស តែវាក៏ល្អម្យ៉ាងដែរ
កញ្ញា រស្មី

មតិយុវជនខ្មែរ អំពីការធ្វើពិធីខួបកំណើត​ ជាវប្បធម៌របស់បរទេស តែវាក៏ល្អម្យ៉ាងដែរ
កញ្ញា និមល

មតិយុវជនខ្មែរ អំពីការធ្វើពិធីខួបកំណើត​ ជាវប្បធម៌របស់បរទេស តែវាក៏ល្អម្យ៉ាងដែរ
កញ្ញា លក្ខិណា