រន្ធត់ ! ប៉ើង​៣០​ម៉ែត្រ​ស្លាប់​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​អាណោចអាធ័ម

ខេត្ត​ត្បូងឃ្មុំ ៖ ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​រថយន្ត​១​គ្រឿង​បុក​ម៉ូតូ​ពីក្រោយ​ផ្លោង​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ។

លោក ឆៃ សុ​ខុន អធិការរង​នគរបាល​ក្រុង​សួង ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធី ឆួ​ន អាយុ​៥០​ឆ្នាំ ជា​ប្តី ចំណែក​ប្រពន្ធ​ឈ្មោះ ញឹ​ម ស៊ី​ណាត អាយុ​៣៩​ឆ្នាំ បម្រើ​ការងារ​នៅ​ហាង ផ្កាយ​ពេជ្រ ។

លោក​អធិការរង​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើការ​ចប់ នៅ​វេលា​ខាងលើ​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ចេញពី​ហាង​ដើម្បី​ត្រឡប់​ទៅ​ដេក​នៅផ្ទះ​វិញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តែ​ពុំ​ទាន់​នឹង​ដល់​ផ្ទះ​ផង​ក៏​ត្រូវ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-3859 បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ពី​ម៉ូតូ​ចំងាយ​៣០​ម៉ែត្រ ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម​បំផុត ។ ចំណែក​អ្នកបើកបរ​មិន​បាន​ឈប់​រថយន្ត​ទេ រឹតតែ​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ទៀត​យ៉ាង​លឿន បាន​ប្រហែលជា​១០០​ម៉ែត្រ ក៏​ទៅ​បុក​សំយាបផ្ទះ​របស់​អ្នក​ភូមិ​ឡើង​ដាក់​កាឡេ របូត​កង់​ទៅ​មុខ​លែង រួច​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង ម៉ូតូ និង​រថយន្ត ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

លោក ឆៃ សុ​ខន បញ្ជាក់​ថា រហូត​ម​ដល់​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រុម​ជំនាញ​របស់​លោក​បាន​ចុះ​ឆែក​មើល​លេខ​រថយន្ត​បង្ក​ខាងលើ​ឃើញ​ថា ម្ចាស់​ដើម​រថយន្ត​កាម​រី​ឆ្លាម​រស់នៅ​រាជធានី​ភ្នំពេញ មិនដឹង​ថា តើ​រថយន្ត​នេះ​ត្រូវ​បាន​គេ​លក់​បន្ត​ឲ្យ​អ្នក​ផ្សេង​ប៉ុន្មាន​នាក់​ទៀត​ទេ ពេល​នេះ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុម​សាច់ញាតិ​អ្នក​ស្លាប់​២​នាក់​ប្តី​ប្រពន្ធ ៕