ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​បារម្ភ​ខ្លាច​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រជាពលរដ្ឋ​មួយ​ចំនួន​​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​បាន​ទាន់​ពេល​កំណត់ ដោយសារ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ អ្នក​ភូមិ​បញ្ជាក់​ថា ពួកគាត់​បាន​ព្យាយាម​ទៅ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​នៅ​សាលាសង្កាត់​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។

​​​​​​​​​​​​​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​កៀក​​ដល់​ទៅ​ហើយ​ គឺ​ពួកគាត់​​នៅ​ពុំ​ទាន់​ធ្វើ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​បាន​នៅ​ឡើយ។

ពលរដ្ឋ​រស់​នៅ​សង្កាត់​ប៉ោយប៉ែត មួយ​ចំនួន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា មេ​ភូមិ និង​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​ឲ្យ​ពួកគាត់​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ឲ្យ​បាន​ទាន់​ពេល​កំណត់​​នោះ​ទេ។

អ្នក​ភូមិ​សម្ដែង​ការ​​ព្រួយបារម្ភ​​​ជា​ខ្លាំង​ខ្លាច​ក្រែង​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ពីព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​យក​ទៅ​ចុះ​ឈ្មោះ៖ «ពេល​ខ្ញុំ​ទៅ​ធ្វើ​លិខិត​បញ្ជាក់​កំណើត​គេ​ថា រវល់​តែ​រហូត។ ខ្លាច​គ្មាន​លិខិត​អី​យក​ទៅ​បង្ហាញ​អាជ្ញាធរ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​គេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្មៀន​សង្កាត់​ប៉ោយប៉ែត លោក ពុំ សុភិន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត មួយ​​ចំនួន​ពុំ​បាន​​​ធ្វើ​សំបុត្រ​បញ្ជាក់​​កំណើត​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា បញ្ហា​ទាំង​​អស់​នេះ ដោយសារ​​​ពួកគាត់​ភាគ​ច្រើន​​ជា​ពលរដ្ឋ​ចំណូល​ថ្មី ហើយ​ម្យ៉ាង​ទៀត​ពួកគាត់​ពុំ​មាន​​ឯកសារ​គ្រប់គ្រាន់​ដើម្បី​​​យក​មក​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​នោះ​ទេ៖ «នៅ​ពេល​ធ្វើ​លិខិត​បញ្ជាក់​កំណើត គឺ​អ្នក​ធ្វើ​​ត្រូវ​ការ​មាន​សាក្សី ​២​រូប ហើយ​ពេល​ខ្លះ​គាត់​មក​តែម្នាក់​ឯង អ៊ីចឹង​យើង​អត់​ទាន់​បាន​ធ្វើ​ជូន​គាត់​បាន​ទេ»

​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ផ្នែក​ស៊ើបអង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បញ្ជាក់​ថា ឯកសារ​សំខាន់​ចំនួន ២​ប្រភេទ​ សម្រាប់​​ពលរដ្ឋ​​យក​ទៅ​​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន គឺ​ទី​១ អត្តសញ្ញាណប័ណ្ណ​សម្គាល់​ពលរដ្ឋ​ខ្មែរ​ទាំង​ប្រភេទ​​ចាស់ និង​ថ្មី​ ករណី​ទី​២ ​ប្រសិន​បើ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​​ទេ​ ពលរដ្ឋ​ត្រូវ​ទៅ​ទាក់ទង​ឃុំ សង្កាត់​ ដើម្បី​សុំ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ឯកសារ​បញ្ជាក់​អត្តសញ្ញា​គេ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​៣​ទី ត្រូវ​មាន​ឯកសារ​បញ្ជាក់​ថា សញ្ជាត​ខ្មែរ​ ដូចជា​សំបុត្រ​កំណើត ឬ​ព្រះរាជក្រឹត្យ​ផ្ដល់​សញ្ជាតិ​សម្រាប់​ជនបរទេស។ ទី​២ ត្រូវ​មាន​សាក្សី ២​រូប នៅ​​ក្នុង​ឃុំ​សង្កាត់​ដែល​គាត់​មាន​បំណង​ធ្វើ​ឯកសារ​នោះ និង​ទី​៣ ត្រូវ​មាន​រូបថត ៣ គុណ​នឹង ៤ ចំនួន ​២​សន្លឹក»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បន្ថែម​​ថា ប្រសិនបើ​ពលរដ្ឋ​ដែល​ពុំ​មាន​​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ដូចជា​​ករណី​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នោះ គឺ​ពួកគាត់​​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ។លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ប្ដូរ​ទីលំនៅ​ថ្មី​ទូទាំង​ប្រទេស​ជា​ច្រើន​នាក់​ប្រឈម​មុខ​នឹង​បាត់បង់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ សង្កាត់។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

របាយការណ៍​សង្កាត់​ប៉ោយប៉ែត បង្ហាញ​ថា ពលរដ្ឋ​រស់​នៅ​សង្កាត់​នេះ​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​​ពី ១៨​ឆ្នាំ​ឡើង​ទៅ មាន​ជាង ២៩,០០០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៥​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។