កិច្ចប្រជុំ​ព្រំដែន​កម្ពុជា និង​វៀតណាម​ជាប់គាំង​

:
បើតាម​ការផ្សាយ​ព័ត៌មាន​របស់​គេហទំព័​រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ ២​ថ្ងៃ រវាង​ក្រុមការងារ​ព្រំដែន​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ស្ថិតក្នុង​ភាពទ័លច្រក​ដោយ​មិនមាន​ការចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​លទ្ធផល​រួម​ណាមួយ​នោះឡើយ ។ កិច្ចប្រជុំ​គណៈកម្មាធិការ​ចំរុះ​ព្រំដែន កម្ពុជា​-​វៀតណាម​រយៈពេល ២​ថ្ងៃនេះ  គឺ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម លោក Le Hoai trung ។​

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ថ្លែងថា ភាពជាប់គាំង​នៃ ការមិន​ឯកភាពគ្នា​នោះ​ហើយ  បាន​នាំ​ឲ្យ​គ្មាន​ការចេញ​សេចក្តីថ្លែងការណ៍ រួម​នោះឡើយ​រវាង​ភាគី​ទាំងពីរ ។ លោក​វ៉ា គឹមហុង បាន​បន្តថា ក្នុង​កិច្ចប្រជុំពេញអង្គ កម្ពុជា​បានលើកឡើង​ទាំងអស់ អំពី​បញ្ហា វៀតណាម​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​នៅតាម​ព្រំដែន​កម្ពុជា ។ លោក​បាន​បញ្ជាក់ថា ទោះបីជា​កិច្ចប្រជុំ មិនមាន​ការឯកភាព​គ្នា​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្រកាន់​គោលជំហរ​ដដែល គឺ​កម្ពុជា​នៅតែ​ទាមទារ និង​ធ្វើ​កំណត់​ការទូត តវ៉ា​ឲ្យ​បញ្ឈប់ និង​លុប​ស្រះ​ដែល​ជីក​ថ្មី​នោះ​វិញ​ជា​បន្តទៀត ។​

លោក ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ដោយសារ​ការមិន​ឯក ភាព​គ្នា​រវាង​ភាគី​ទាំង​២ និង​ការមិន​បានចេញ​សេចក្តីថ្លែងការណ៍​រូ​ម គឺ​គេ​គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាង​កំណត់ហេតុ​របស់​កម្ពុជា ទៅកាន់​ទីក្រុង​ហាណូយ តាមរយៈ​ការទូត ហើយ​វៀតណាម​ក៏​នឹង​បញ្ជូនមក​កម្ពុជា​វិញ តាមរយៈ​ការទូត​នោះដែរ ។ លោក វ៉ា គឹមហុង បានបញ្ជាក់​ទៀតថា គេ​នឹងមាន​ការចរចា​ជា​បន្តទៀត នៅពេល​សមស្រប​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា លើ​បញ្ហា​ព្រំដែន​នេះ ។​

 លោក ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា គេ​នឹង​បន្ត​ព្យាយាម​រក​ដំណោះស្រាយ​បន្ថែមទៀត ដើម្បី​ឈានដល់​ការចេញ​សេចក្តីថ្លែងការណ៍​រួម និង​ដាក់​លិខិត​ទៅកាន់​ប្រទេស​បារាំង ដើម្បី​ស្នើសុំ​អ្នកបច្ចេកទេស មកជួយ​វាស់វែង​លើ​ការកំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

ទោះជា​យ៉ាងណាក៏ដោយ ការមិន​ឯកភាពគ្នា​រវាង​គណៈកម្មកា​រ​ព្រំដែន​ប្រទេស​ទាំង​២ ត្រូវ​លោក វ៉ា គឹមហុង បញ្ជាក់ថា គឺ​មិនបាន​ប៉ះពាល់​ដល់​ការងារ​បោះបង្គោល​តាម​ព្រំដែន​នោះឡើយ​… ហើយ​គេ​នៅតែ​បន្ត​បោះបង្គោល​តាម​ព្រំដែន​ជាធម្មតា ៕s​/t