ជើងខ្លាំងទម្ងន់៧៥គីឡូក្រាម៤នាក់ទៀត នឹងត្រូវដណ្តើមខ្សែក្រវាត់ជាមួយថៃនៅ PNN

បើទោះបីជាការប្រកួតសមរភូមិដណ្តើមខ្សែក្រវាត់គោលជល់ ទម្ងន់៦៩គីឡូក្រាម នៅមិនទាន់រកឃើញម្ចាស់ខ្សែក្រវាត់នៅឡើយ ប៉ុន្តែអ្នកគ្រប់គ្រងរបស់សង្វៀន PNN សហព័ន្ធកីឡាប្រដាល់កម្ពុជា និងម្ចាស់ឧបត្ថម្ភ បានឯកភាពគ្នាដាក់កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា៤នាក់ទៀត ដើម្បីត្រៀមឡើងប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៧៥គីឡូក្រាម ជាមួយអ្នកប្រដាល់ថៃជាបន្តទៀត ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញា តទៅ។

mm1

បើតាមរូបភាព និងព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុក PNN Khmer Battle របស់សង្វៀន PNN នោះបានឲ្យដឹងថា កីឡាករ ព្រំ សំណាង, អ៊ុង វិរៈ, មាស ភិរម្យ និង សុខ ទូច គឺជាបេក្ខភាពតំណាងឲ្យកម្ពុជា ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៧៥គីឡូក្រាម ជាមួយភាគីថៃចំនួន៤នាក់ទៀត ប៉ុន្តែកីឡាករថៃទាំង៤នាក់នោះ PNN មិនទាន់ប្រាប់ឲ្យដឹងនោះឡើយទេ។

mm3

ការដាក់ ព្រំ សំណាង និង អ៊ុង វិរៈ ដែលជាសិស្សរួមក្លិបជាមួយគ្នា ឲ្យប្រកួតដណ្តើមខ្សែក្រវាត់នេះ បានធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកមួយចំនួន កើតជាចម្ងល់ និងបានចោទសួរទៅ PNN ព្រោះពួកគេបានគិតទុកជាមុនថា ព្រំ សំណាង និង អ៊ុង វិរៈ អាចនឹងឡើងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ។

Boxing-khmer

ជាមួយការចោតសំនួរនេះអ្នកកាន់ផេកហ្វេសប៊ុករបស់ PNN បានឆ្លើយតបវិញថា ការប្រកួតដណ្តើមខ្សែក្រវាត់នេះ គឺកីឡាករកម្ពុជា មិនអាចជួបគ្នានោះទេ ហើយកីឡាករថៃក៏មិនអាចជួបគ្នានោះដែរ។ មានន័យថា កីឡាករកម្ពុជាទាំង៤នាក់ ត្រូវប្រកួតវិលជុំជាមួយថៃ ហើយអ្នកបានលេខ១ខាងភាគីកម្ពុជា ត្រូវឡើងទៅជួបអ្នកបានលេខ១ខាងភាគីថៃនៅវគ្គផ្តាច់ព្រ័ត្រតែម្តង គឺអត់មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬប្រកួតយកលេខ៣ និងលេខ៤នោះទេ ហើយក៏គ្មានការផ្លាស់ប្តូររូបមន្តនៃការប្រកួត ដូចការប្រកួតខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាម ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញានោះដែរ។

គួរបញ្ជាក់ថា ការប្រកួតសមរភូមិអ្នកប្រយុទ្ធដណ្តើមខ្សែក្រវាត់គោជល់ ទម្ងន់៦៩គីឡូក្រាម គឺពីដំបូលឡើយក៏មានរូបមន្តនៃការប្រកួតដូចបានរៀបរាប់ខាងលើដែរ ប៉ុន្តែដោយសារការបង់របស់កីឡាករថៃត្រឹមពាក់កណ្តាលទីចំនួន២នាក់ រួមទាំងភាពកម្សោយនៃគុណភាពប្រកួតរបស់ថៃ ដោយចាញ់ទាំងអស់នោះ ធ្វើឲ្យ PNN សម្រេចយកអ្នកបានលេខ១ ដល់លេខ៤ ឲ្យឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីយកឈ្នះទៅប្រកួតផ្តាច់ព្រ័ត្រវិញ។

ជាមួយលទ្ធផលនៃការប្រកួតមកដល់ពេលនេះ ឡុង សុវណ្ណឌឿន បានយកឈ្នះដោយពិន្ទុលើ ឡេះ តើក ដើម្បីឡើងទៅអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រ។ រីឯ ពេជ្រ សីហា និង សរ រាជសីហ៍ ត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ចុងសប្តាហ៍នេះ ដោយអ្នកឈ្នះត្រូវឡើងទៅដណ្តើមខ្សែក្រវាត់ជាមួយ ឡុង សុវណ្ណឌឿន ដោយគ្មានការប្រកួតយកលេខ៣ និងលេខ៤នោះឡើយ៕

The post ជើងខ្លាំងទម្ងន់៧៥គីឡូក្រាម៤នាក់ទៀត នឹងត្រូវដណ្តើមខ្សែក្រវាត់ជាមួយថៃនៅ PNN appeared first on CamboSport.