មិនគួរគិតខ្លី! ប្រពន្ធ​ទៅក៏ដើម្បីគ្រួសារ​

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​តូច​ចិត្ត​ប្រពន្ធ​ទៅធ្វើការចោល បានផឹកស្រា​ស្រវឹង​រហូត​​សម្រេចចិត្ត​បញ្ចប់ជីវិតខ្លួនឯង ​ដោយ​យក​ខ្សៃ​នីឡុង​មក​ចង​.​ក​នៅ​ធ្នឹម​ផ្ទះ​ស្លាប់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​​យប់​ថ្ងៃ​ទី​៣០ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ជាំ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អេ តាក់ស៊ី អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​បូ​យ ម៉ៅ អាយុ​៣៥​ឆ្នាំ សព្វថ្ងៃធ្វើការ​នៅ​ប្រទេសម៉ាឡេស៊ី ​ដោយ​មានកូន​២​​នាក់​​រស់នៅ​ជាមួយ​ជីដូន ។

ប្រភព​ពី​ម្តាយ​ឱ្យ​ដឹង​ថា ដោយ​ជីវភាព​ក្រីក្រ​ពេក​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​​ចេះតែ​ឈ្លោះប្រកែក​គ្នា​រហូត ។ ក្រោយមក ប្រពន្ធ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ គិតទៅ​​២ឆ្នាំ​ហើយ ធ្វើ​ឱ្យ​កូនប្រុសគាត់​ក្រៀមក្រំ​លែង​និយាយ​ស្តី ចេះ​ដើរ​ផឹកស្រា​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ ។

​នៅ​ថ្ងៃ​កើតហេតុ ឃើញ​កូន​គាត់ (​ជន​រង​គ្រោះ​) ផឹកស្រា​តាំង​ព្រឹក​ រហូត​ដល់​ល្ងាច​ទើប​ឈប់​​ផឹក រីឯ​គាត់​ជា​ម្តាយ ​ក៏​មិន​បាន​ចាប់ អារម្មណ៍អ្វី​ដែរ ស្រាប់តែ​យប់​ថ្ងៃ​ដដែល​នោះ ឃើញ​កូនប្រុស​គាត់​បាន​ចង​.​ក​ស្លាប់​ទៅ​ហើយ ។