កម្ពុជា​-​ថៃ ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​ព្រំដែន​អត់ធ្មត់ ក្នុងការ​ប្រើប្រាស់​អាវុធ​លើ​អ្នក​កាប់​ឈើ​ខុសច្បាប់​ និពន្ធដោយ : ថ្មីៗ       August-31-2016, 4:47 pm         291

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-​ថៃ ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​ព្រំដែន​អត់ធ្មត់ ក្នុងការ​ប្រើប្រាស់​អាវុធ​លើ​អ្នក​កាប់​ឈើ​ខុសច្បាប់​​ភ្នំពេញ​៖ កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា​អនុវត្ត​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់ និង​ការ​អនុវត្តតាម​ផ្លូវច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ការកាប់​ឈើ​ខុសច្បាប់​នៅតាម​ព្រំដែន​។ ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​អត់ធ្មត់​ខ្ពស់ ក្នុងការ​ប្រើប្រាស់​អាវុធ​ប្រឆាំងនឹង​អ្នក​កាប់​ឈើ​ខុសច្បាប់​។​នេះបើតាមសេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំលើកទី១០​រវាងកម្ពុជា-ថៃ។

​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ថៃ បាន​ឯកភាព​អនុវត្ត​ទាំង​វិធានការ​ទប់ស្កាត់ និង​ការអនុវត្ត​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ការកាប់​ឈើ​ខុសច្បាប់ ការសម្លាប់​សត្វព្រៃ និង​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​ព្រំដែន ព្រមទាំង​ពង្រីក​កិច្ចសម្របសម្រួល​ក្នុងការ​ផ្ដល់ព័ត៌មាន សម្រាប់​ការស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ ដែល​បង្ក​ឲ្យ​មាន​របួសស្នាម និង​បាត់​បង់ជីវិត​។ នៅក្នុងចំណោម១៤ចំណុច ដែលសម្រេចបាននៅក្នុង​កិច្ចប្រជុំ​លើក​ទី​១០ រវាង​កម្ពុជា​-​ថៃ កាលពីពេល​ថ្មីៗ​នេះ ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​អត់ធ្មត់​ខ្ពស់ ក្នុងការ​ប្រើប្រាស់​អាវុធ​ប្រឆាំងនឹង​អ្នក​កាប់​ឈើ​ខុសច្បាប់ ។​

​ទាក់ទង​នឹង​ការកាប់​ឈើ​ខុសច្បាប់​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា លោក​ក៏​មិន​ចង់​ឲ្យ​មានការ​ប្រើប្រាស់​អាវុធ​នៅតាម​ព្រំដែន ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​ព្រៃឈើ​ខុសច្បាប់​នោះទេ​។​«​ប៉ុន្តែ​ក្នុងករណី​មានការ​ប្រើប្រាស់​អាវុធ​មកលើ​សមត្ថកិច្ច សមត្ថកិច្ច​ចាំបាច់​ត្រូវតែ​ការពារ​ខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កម្ពុជា​-​ថៃ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ឆ្លើយតប​យ៉ាងខ្លី​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​ថៃ វិញ​ដូច្នេះ​ថា​៖«​ស្វាគមន៍​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ ដែលថា មិន​ចង់​ឲ្យ​មានការ​ប្រើប្រាស់​អាវុធ​នៅតាម​ព្រំដែន ប្រសិនបើ​មិនមាន​ការប្រើប្រាស់​អាវុធ​មកលើ​សមត្ថកិច្ច​ទេនោះ​»​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន ដែល​បាន​ចូលទៅ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ តែងតែ​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ខ្លះទៀត ត្រូវបាន​សមត្ថកិច្ច​ថៃ បាញ់សម្លាប់​ដោយសារ​ការចូល​កាប់​ឈើ​ខុសច្បាប់​នេះ​ផងដែរ​៕