ដួល​សន្លប់​ម្នាក់ ស្ទុះ​ទៅ​ជួយ​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​រហូត​១២​នាក់

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មការិនី​ម្នាក់​ស្រាប់តែ​ស្លេកស្លាំង​ដួល​សន្លប់​តែ​ម្តង ​ពេល​អ្នក​នៅ​ក្បែរ​នោះ​ស្ទុះ​ទៅ​ជួយ​ក៏​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​រហូត​១២​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​រោងចក្រ​សាន់​ជី​ង មា​នទី​តាំងនៅ​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​កម្មករ​កំពុងធ្វើការ​ក្នុង​រោងចក្រ​គ្រប់​ៗ កម្ម​ការ​នី​ម្នាក់​បាន​និយាយ​ទូរស័ព្ទ​ស្រែក​ឡូឡា​ខ្លាំង​ឮ​ៗ​ពេញ​ក្ន​ង​រោងចក្រ សង្ស័យ​ឈ្លោះប្រកែក​គ្នា​តាម​ទូរស័ព្ទ ជាមួយ​អ្នក​ណា​ម្នាក់ ពេល​និយាយ​ចប់​ស្រាប់តែ​មាន​ភាពស្លេកស្លាំង​ដួល​សន្លប់​តែ​ម្ដង ភ្លាម​ៗ​នោះ​កម្មករ កម្ម​ការ​នី​ដែល​នៅ​ធ្វើការ​ក្បែរ​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ តែ​ដោយ​មាន​សភាព​ក្តៅ និង​ហប់​ខ្យល់​ផង ភ័យ​ផង អ្នក​ដែល​ទៅ​ជួយ​ក៏​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​រហូត​១២​នាក់​ភ្លាម​ៗ​តែ​ម្តង​(​សុទ្ធតែ​ស្រី​ៗ) ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នក​ដួល​សន្លប់​ទាំងនោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួច​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​លន់ ដោយ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជី​វត​ឡើយ ៕