អាជីវករ​លក់​ដូរ​នៅ​ផ្សារ​អគ្គៈថ្មី​ក្រុង​ប៉ោយប៉ែត​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​ផ្សារ​ដំឡើង​ថ្លៃ​តូប

អាជីវករ​លក់​បាយ​ម្ហូប និង​បង្អែម​ទឹក​ក្រឡុក​នៅ​ផ្សារ​អគ្គៈថ្មី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា តវ៉ា​នៅ​មុខ​សាលា​ក្រុង ដើម្បី​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ថៅកែ​ផ្សារ​នេះ​ដំឡើង​ថ្លៃ​តូប​លក់​ដូរ​ដល់​ពួក​គាត់​បន្ត​ទៀត។ ការ​តវ៉ា​នេះ បន្ទាប់​ពី​ក្រុម​អាជីវករ​ស្នើសុំ​ទៅ​ថៅកែ​ផ្សារ ឲ្យ​យក​តម្លៃ​តូប​ដូច​ដើម​ដដែល ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​អគ្គៈថ្មី ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ថៅកែ​ផ្សារ​នេះ ថា​ជា​ការ​ដំឡើង​ថ្លៃ​តូប​ខ្ពស់​កប់​ពពក​តាម​អំពើ​ចិត្ត ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

តំណាង​ក្រុម​អ្នក​តវ៉ា​ជា​អាជីវករ​លក់​បង្អែម និង​ទឹក​ក្រឡុក​នៅ​ផ្សារ​អគ្គៈថ្មី លោកស្រី វួច ស៊ីម ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ថៅកែ​ផ្សារ​នេះ​បាន​ដំឡើង​ថ្លៃ​ឈ្នួល​តូប​លក់​ដូរ​មួយ​តម្លៃ ៤​ពាន់​បាត ឬ​ប្រមាណ ៤៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដែល​ខ្ពស់​ហួសហេតុ​ខុស​ពី​តម្លៃ​ដើម គឺ​តូប​មួយ​ប្រមាណ ១៨​ម៉ឺន​រៀល​ប៉ុណ្ណោះ។ លោកស្រី​អះអាង​ថា តម្លៃ​ឈ្នួល​តូប​ដែល​ថៅកែ​ផ្សារ​ជាប់​ព្រំដែន​ខ្មែរ-ថៃ​មួយ​នេះ​តម្រូវ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​ថ្លៃ​នោះ គឺ​ខ្ពស់​កប់​ពពក ដែល​មិន​អាច​លក់​ដូរ​រក​ប្រាក់​កម្រៃ​បង់​ថ្លៃ​តូប​បាន​ឡើយ«យើង​លក់​វា​មិន​បាន​ចំណេញ រត់​មិន​រួច ណា​មួយ​ថ្លៃ​ផ្ទះ និង​ថ្លៃ​ទឹក​ភ្លើង​ផង។ ម្យ៉ាង​ទៀត​ខែ​នេះ​ជា​រដូវ​ភ្លៀង ហើយ​យើង​លក់​បាន​តែ​ពេល​យប់​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ថៅកែ​ផ្សារ​អគ្គៈថ្មី ឈ្មោះ ណាង ថ្លែង​ថា តម្លៃ​តូប​ថ្មី​ប្រមាណ ៤៥​ម៉ឺន​រៀល​ក្នុង​មួយ​តូប​នោះ គឺ​ជា​តម្លៃ​មួយ​សមរម្យ​ដែល​អាច​ទទួល​យក​បាន។ លោកស្រី​អះអាង​ថា មាន​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​ពេល​ចិត្ត​នឹង​តម្លៃ​នេះ ចំណែក​ឯ​អ្នក​លក់​ដូរ​ភាគច្រើន គឺ​ជា​រឿង​ធម្មតា«ខាង​ខ្ញុំ​យក​តម្លៃ​ប៉ុណ្ណឹង គឺ​ខាង​ភ្លើង និង​អនាម័យ ខ្ញុំ​អត់​បាន​យក​ពី​ពួក​គាត់ គឺ​គាត់​ត​ភ្លើង​ដាក់​ដោយ​ខ្លួន​ឯង ហើយ​កន្លែង គឺ​ខ្ញុំ​ធ្វើ​ថ្មី​ជូន​ពួក​គាត់ គឺ​មាន​ចាក់សាប និង​ដាក់​ដំបូល​ថ្មី»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត គឺ​លោក ង៉ោ ម៉េងជ្រួន ដើម្បី​សុំ​ការ​ពន្យល់​ពី​ការ​ស្នើសុំ​របស់​ក្រុម​អ្នក​តវ៉ា​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ សីហា។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា អាជ្ញាធរ​ក្រុង​បាន​ប្រាប់​ពួក​គាត់​ឲ្យ​លក់​ដូរ​ជា​ធម្មតា ដោយ​ពុំ​មាន​បង់​ថ្លៃ​តូប​មួយ​រយៈ​សិន ហើយ​អាជ្ញាធរ​ក្រុង​នឹង​ចុះ​ដោះស្រាយ​ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​ពី​ការ​តវ៉ា​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា ការ​តវ៉ា​នេះ គឺ​ជា​ទុក្ខ​លំបាក​របស់​ក្រុម​អាជីវករ ដោយសារ​ពួក​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​បង់​ថ្លៃ​តូប​គ្រប់​ចំនួន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ និង​ថ្លឹងថ្លែង​ដោះស្រាយ​តាម​សំណូមពរ​របស់​ពួក​គាត់«ទោះ​បី​យ៉ាង​ណា សូម​ឲ្យ​ថ្លែង​ឲ្យ​បាន​ទូលំទូលាយ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ទៅ ព្រោះ​រាល់​ថ្ងៃ​នេះ​មិន​ប្រាកដ​ថា​អាជីវករ​សុទ្ធតែ​លក់​ដូរ​បាន​ប្រាក់​ចំណេញ​ច្រើន​ទេ ព្រោះ​អី​ចរន្ត​មនុស្ស​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​វា​ច្រើន​ដែរ ហើយ​មនុស្ស​នៅ​ក្នុង​ស្រុក​យើង​បាត់បង់​ខុស​ពី​ចំនួន​ពលរដ្ឋ​ជាក់ស្ដែង»

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ក្រុង​មិន​បាន​ដោះស្រាយ​តាម​សំណើ​របស់​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។