ជម្លោះ​ព្រះសង្ឃ​នៅ​វត្ត​​​មួយ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ឈាន​ដល់​បណ្ដេញ​ភិក្ខុ​១​អង្គ​ឱ្យ​ចេញ​ពី​វត្ត

ជម្លោះ​រវាង​ភិក្ខុ​១​អង្គ ប្រឆាំង​នឹង​គ្រូ​ចៅអធិការ​ដែល​ឡើង​កាន់​តំណែង​ថ្មី​នៅ​វត្ត​ព្រះឥន្ទកោសីយ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ឈាន​ដល់​កម្រិត​​តឹងតែង ដោយ​គ្មាន​ភាគី​ណា​អាច​រំលត់​បាន​ទេ។ ​ជម្លោះ​នោះ​បាន​កើត​ឡើង​ជា​ច្រើន​ខែ​មក​ហើយ ដោយសារតែ​ភិក្ខុ​១​អង្គ ពូកែ​ខាង​កសាង​ទី​វត្ត​មិន​សុខ​ចិត្ត​ឱ្យ​គ្រូ​សូត្រ​ស្ដាំ​ឡើង​ធ្វើ​ជា​ចៅ​អធិការ​ថ្មី​ទេ បន្ទាប់​ពី​ចៅ​អធិការ​មុន និង​ជា​ព្រះ​មេគណ​ខេត្ត​សៀមរាប ផង បាន​អនិច្ចធម្ម​ទៅ។

ភិក្ខុ និង​សាមណេរ​ជាង ៧០​អង្គ នៅ​វត្ត​ព្រះឥន្ទកោសីយ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ដាច់​ចង្ហាន់​ថ្ងៃ​ត្រង់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដោយសារ​តែ​ជម្លោះ​តឹងតែង​រវាង​ភិក្ខុ​១​អង្គ ប្រឆាំង​មិន​ទទួលស្គាល់​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី។ ក្នុង​ទី​វត្ត​ចាប់​តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​សីហា ព្រះ​ភិក្ខុ​ជា​ច្រើន​អង្គ រួម​ទាំង​សាមណេរ បាន​ប្រមូល​ផ្ដុំ​គ្នា ដោយ​និមន្ត​ភិក្ខុ​ព្រះនាម អ៊ុន សម្ផស្ស ដែល​មាន​ទំនាស់​មក​ជួប​ប្រជុំ​ដោះស្រាយ​ជម្លោះ ក៏ប៉ុន្តែ​ព្រះភិក្ខុ អ៊ុន សម្ផស្ស បាន​ប្រកែក​រហូត​ដល់​ក្រុម​ព្រះសង្ឃ​នាំ​គ្នា​សែង​ព្រះ​ភិក្ខុ​អង្គ​នោះ​ចូល​ទៅ​កាន់​សាលាឆាន់ ដែល​មន្ត្រី​សង្ឃ​កំពុង​តែ​រង់ចាំ​ដោយ​បង្ខំ ហើយ​បិទ​ទ្វារ​ចាក់​សោ​ជិត​ក្នុង​ពេល​ជួប​ពិភាក្សា។

ភិក្ខុ អ៊ុន សម្ផស្ស គឺ​ជា​ព្រះសង្ឃ​១​អង្គ​ដែល​ពុទ្ធ​បរិស័ទ​ខ្លះ​ទទួល​ស្គាល់​ថា ​ជា​អ្នក​ដែល​ពូកែ​កសាង​សមិទ្ធផល​នានា នៅ​ក្នុង​វត្ត​ព្រះឥន្ទកោសីយ៍។ ព្រះអង្គ​មាន​ព្រះ​ថេរដីកា​ថា វា​មិន​យុត្តិធម៌​ចំពោះ​ព្រះអង្គ​ទេ ដែល​មន្ត្រី​សង្ឃ​បាន​តែងតាំង​ព្រះ​គ្រូសូត្រស្ដាំ​ដែល​និមន្ត​ចោល​វត្ត​ជាង ១០​ឆ្នាំ ឱ្យ​ធ្វើ​ជា​ព្រះ​ចៅអធិការ​វត្ត ជំនួស​ព្រះចៅ​អធិការ​មុន​ដែល​អនិច្ចធម្ម​នោះ៖ «បើ​យើង​គិត​ទៅ​តាម​ច្បាប់​គឺ​ព្រះចៅ​អធិការ​ក៏ដោយ គ្រូ​សូត្រ​ឆ្វេង ស្ដាំ​ក៏ដោយ តែ​ចាកចេញ​ចោល​វត្ត​ដោយ​អត់​ច្បាប់ គឺ​វា​ដាច់​ដោយ​ស្វ័យប្រវត្តិ​នូវ​តំណែង​ចៅ​អធិការ»

​ក៏ប៉ុន្តែ​ការ​លើក​ឡើង​របស់​ភិក្ខុ អ៊ុន សម្ផស្ស ធ្វើ​ឱ្យ​ភិក្ខុ និង​សាមណេរ​ចំនួន ៦៩​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​នោះ​មិន​គាំទ្រ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ភិក្ខុ និង​សាមណេរ​ភាគ​ច្រើន​បាន​គាំទ្រ​ព្រះគ្រូ​ចៅអធិការ​ថ្មី ព្រម​ទាំង​រិះគន់​ថា ព្រះ​ភិក្ខុ អ៊ុន សម្ផស្ស ទើបតែ​សាង​ផ្នួស​ជា​ភិក្ខុ ហើយ​ទើបតែ​បាន​និមន្ត​មក​គង់​នៅ​វត្ត​ព្រះឥន្ទកោសីយ៍ រយៈពេល ១​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ បែរ​ជា​ចង់​ធ្វើ​ជា​ចៅ​អធិការ​វត្ត។

​ភិក្ខុ​ខ្លះ​បាន​អាន​ប្រវត្តិ​របស់​ភិក្ខុ អ៊ុន សម្ផស្ស ថា​ជា​អ្នក​បួស​មាន​ប្រវត្តិ​មិន​ច្បាស់លាស់​ដោយ​ផ្លាស់ប្ដូរ​ពី​វត្ត​រាជបូព៌ ទៅ​វត្ត​ព្រះឥន្ទកោសីយ៍ ហើយ​បង្ក​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដូចជា​បង្កើត​ពិធី​បុណ្យ​ផ្សេងៗ ដើម្បី​ប្រមូល​បច្ច័យ​ទុក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្ដឹង​ចោទ​ប្រកាន់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ខ្លួន​ឯង​ខ្លះ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ព្រះ​ភិក្ខុ អ៊ុន សម្ផស្ស មិន​បាន​ឆ្លើយ​ការពារ​ខ្លួន​ក្នុង​ពេល​ដែល​ក្រុម​ព្រះ​សង្ឃ​ជា​ច្រើន​ចោមរោម​រិះគន់​នោះ​ទេ។

​ចៅ​អធិការ​វត្ត​ព្រះឥន្ទកោសីយ៍ ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី ភិក្ខុ ច័ន្ទ សុវណ្ណ មាន​ព្រះ​ថេរដីកា​ថា ព្រះអង្គ​បាន​គង់នៅ​វត្ត​ព្រះឥន្ទកោសីយ៍ តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៩២ ហើយ​ឆ្នាំ​១៩៩៤ គឺ​ព្រះអង្គ​បាន​ធ្វើ​ជា​ព្រះ​គ្រូសូត្រស្ដាំ​នៅ​ក្នុង​វត្ត​នេះ​រហូត​មក។ ចាប់​ពី​ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​បាន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​និមន្ត​ទៅ​ប្រទេស​ស្វីស ប្រទេស​បារាំង អង់គ្លេស រហូត​ដល់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​បង្រៀន​ភាសា​ខ្មែរ និង​កសាង​វត្ត​ព្រះពុទ្ធ​សាសនា ដោយ​ព្រះអង្គ​បាន​សុំ​អនុញ្ញាត​ពី​ព្រះ​គ្រូ​ចៅ​អធិការ​ព្រះនាម ពេជ្រ សន ត្រឹមត្រូវ។ ក្នុង​ការ​គង់​នៅ​បរទេស​នោះ គឺ​ព្រះអង្គ​តែង​ចេញ​ចូល​មក​វត្ត​ព្រះឥន្ទកោសីយ៍ ជា​ញឹកញាប់ ដោយ​ចាត់​ទុក​ជា​គ្រួសារ ព្រមទាំង​ប្រមូល​យក​បច្ច័យ​មក​កសាង​សមិទ្ធផល​ជា​ច្រើន​ផង។

​ភិក្ខុ​ច័ន្ទ សុវណ្ណ បញ្ជាក់​ថា ក្នុង​នាម​ព្រះអង្គ​ជា​គ្រូសូត្រស្ដាំ នៅ​ពេល​ព្រះ​គ្រូ​ចៅ​អធិការ​អនិច្ចធម្ម​ទៅ គឺ​ព្រះអង្គ​ត្រូវ​តែ​និមន្ត​ចូល​មក​វត្ត​វិញ ដើម្បី​គ្រប់គ្រង​បន្ត៖ «នេះ​គ្រាន់តែ​លោក​មិន​ពេញ​ចិត្ត ដោយ​លោក​ចង់​បាន​តំណែង​ខ្លួន​ឯង គឺ​អាត្មា​មិន​ដឹង​ទេ ពីព្រោះ​អាត្មា​មក​ធ្វើ​ជា​ចៅ​អធិការ​ថ្មី ដោយសារ​មាន​ការ​ទទូច​ពី​ពុទ្ធបរិស័ទ»

​ភិក្ខុ​និង​សាមណេរ​ចំនួន ៦៩​អង្គ នៅ​វត្ត​ព្រះឥន្ទកោសីយ៍ បាន​ផ្ដិត​មេដៃ​ព្រមព្រៀងគ្នា​ត្រូវ​តែ​បណ្ដេញ​ភិក្ខុ អ៊ុន សម្ផស្ស ចេញ​ពី​ទី​វត្ត និង​លក្ខន្តិកៈ​ម្យ៉ាង​ទៀត បើ​ភិក្ខុ​អង្គ​នេះ​មិន​ព្រម​និមន្ត​ចាកចេញ​ទេ គឺ​ត្រូវ​ផ្សឹក​ពី​ព្រះសង្ឃ​ឱ្យ​ត្រឡប់​ទៅ​ជា​មនុស្ស​ធម្មតា​វិញ។ នៅ​ខាង​ក្រៅ​បន្ទប់​ប្រជុំ ក្រុម​បរិស័ទ​មួយ​ចំនួន​ដែល​គាំទ្រ ភិក្ខុ អ៊ុន សម្ផស្ស បាន​ស្រែក​ប្រឆាំង​នឹង​មតិ​របស់​ព្រះសង្ឃ​ភាគ​ច្រើន​ដែល​មាន​បំណង​បណ្ដេញ​និង​ផ្សឹក​ព្រះ​ភិក្ខុ​អង្គ​នោះ៖ «សំឡេង​ស្រែក»

​ទី​បំផុត​ភិក្ខុ អ៊ុន សម្ផស្ស ដែល​មាន​តែ​១​អង្គ​ឯង​ក៏​សុខចិត្ត​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​មន្ត្រី​សង្ឃ​ជា​ច្រើន​ថា នឹង​ចាក​ចេញពី​វត្ត ប៉ុន្តែ​សូម​ឱ្យ​ទុក​ពេល ៧​ថ្ងៃ ដើម្បី​ស្វែង​រក​វត្ត​ថ្មី​ស្នាក់​នៅ។

​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​សៀមរាប លោក វណ្ណ ប៊ុណ្ណា មាន​ប្រសាសន៍​ថា មន្ទីរ​មិន​មាន​ចំណាត់​ការ​លើ​ទំនាស់​ព្រះសង្ឃ​នោះ​ទេ គឺ​ជា​កិច្ចការ​របស់​សភា​សង្ឃ ហើយ​បើ​ភិក្ខុ អ៊ុន សម្ផស្ស យល់​ព្រម​ចាកចេញ​ពី​វត្ត​ទៅ​ហើយ​នោះ គឺ​វា​អាច​នឹង​បញ្ចប់​បញ្ហា​ទំនាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។