អគ្គលេខាធិការ UN ស្នើ​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​ប្រជាជន​ស្របច្បាប់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-31-2016, 7:39 pm         77

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អគ្គលេខាធិការ UN ស្នើ​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​ប្រជាជន​ស្របច្បាប់​FM Suu Kyi meets UN Chief Ban, Photo by Xinhua​ឆ្លៀត​ក្នុង​ដំណើ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន (Ban Ki Moon) បានស្នើ​ទៅ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ឲ្យ​ទទួលស្គាល់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ជា​ប្រជាជន​ស្របច្បាប់​របស់ខ្លួន ខណៈដែល​ជន​មូស្លីម​នេះ រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។ មកទល់ពេលនេះ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់ ត្រូវ​ចាត់ទុកជា​ជន​គ្មាន​រដ្ឋ និង​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​។​

សូមស្ដាប់ព័ត៌មានកម្អិត៖

​ប្រមុខ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន នៅ​ថ្ងៃទី​៣០ ខែសីហា បាន​ជួបពិភាក្សា​ជាមួយ​ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នៅឯ​រដ្ឋ Rakhine ជាទី​លំនៅ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់លាន​នាក់​។ លោក បាន គី​មូ​ន ក៏បាន​ទទូច​ដោយផ្ទាល់​ទៅកាន់​មេដឹកនាំ​មី​យ៉ាន់​ម៉ា ឲ្យ​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ដល់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា បន្ទាប់ពី​ពួកគេ​រស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា​រាប់​ជំនាន់​មកហើយ​នោះ​។

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ កំពុង​រស់នៅក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង នៅតាម​ជំរំ​ជនភៀសខ្លួន បន្ទាប់ពី​ពួកគេ​រត់គេចខ្លួន​ពី​ការប៉ះទង្គិច​ជាមួយ​សហគមន៍​ពុទ្ធសាសនិក​ភាគច្រើន​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានបង្ហាញ​ការព្រួយបារម្ភ​របស់​អន្តរជាតិ ជុំវិញ​ស្ថានភាព​រស់នៅ​យ៉ាង​លំបាក​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ ដើម្បី​គេចផុត​ពី​អំពើហិង្សា ដែល​បានសម្លាប់​មនុស្ស និង​បាន​បំផ្លាញ​វិហារ​ឥស្លាម​ជាច្រើន​ផង​នោះ​។

​ក្នុង​សន្និសីទ​ជាមួយ​ទីប្រឹក្សា​រដ្ឋ លោកស្រី ស៊ូ​ជី លោក បាន គី​មូ​ន អះអាងថា គ្រប់​ជនជាតិ​ទាំងអស់ មិន​ថា​សាវតារ​អ្វី​ឡើយ គួរតែមាន​សិទ្ធិ​រស់នៅ​ដោយ​ស្មើភាព និង​សុខដុម​រមណីយ​កម្ម ជាមួយគ្នា​ដោយ​សុខ​ស្រួល​។ ហើយ​ពួកគេ​ក៏​គួរតែ​ទទួលបាន​ឋានៈ​ស្របច្បាប់ និង​ក្លាយជា​ជនជាតិ​មី​យ៉ាន់​ម៉ា ដូចជា​ដូច​គេ​ដទៃ​ដែរ​។

​ការលើកឡើង​របស់លោក បាន គី​មូ​ន គឺ​ស្រប​ពេលដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កំពុង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នៅ​រដ្ឋ Rakhine ដែល​ញាំញី​ដោយ​អំពើហិង្សា និង​ជម្លោះសាសនា​។ មិនតែប៉ុណ្ណោះ លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ ថែមទាំង​តែងតាំង​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Kofi Annan ឲ្យ​ដឹកនាំ​គណៈកម្មការ​ផ្ដល់​ប្រឹក្សា​មួយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នេះ​ផងដែរ​។​

​យ៉ាងណាក្ដី សំណើ​ដែល​លើកឡើង​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​អង្គការសហប្រជាជាតិ ទំនងជា​មិន​ទទួលបាន​ផល​ឡើយ ដ្បិត​លោកស្រី ស៊ូ​ជី ហាក់ដូចជា​រារែក​ក្នុងការ​ផ្ដល់​សិទ្ធិ​ធំ​ទូលាយ​ដល់​ជន​រ៉ូ​ហ៊ីង​យ៉ា​។ មិនតែប៉ុណ្ណោះ សូម្បីតែ​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា ក៏​រង​ការប្រឆាំង​ពី​អ្នក​កាន់​ពុទ្ធសាសនិក ហើយ​រ៉ូ​ហ៊ីង​យ៉ា ក៏ត្រូវ​ហៅ​ដោយ​ពាក្យ «​បេង​ហ្កា​លី​» ជំនួស​វិញ​ដែរ ដើម្បី​បង្ហាញថា ជនជាតិ​នេះ គ្រាន់តែ​ជា​ជន​ចំណាកស្រុក​មកពី​បង់​ក្លា​ដែ​ស​ជិតខាង​ប៉ុណ្ណោះ​៕