កម្ពុជា​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ចុះហត្ថលេខា​ការពារ​ពលករ​ និពន្ធដោយ : រ៉ឹម ភារី       August-31-2016, 9:39 pm         76

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ចុះហត្ថលេខា​ការពារ​ពលករ​លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយទូតម៉ាឡេស៊ី លោក Dato Sri Hasan Melek កាលពីថ្ងៃទី២៩សីហា។ រូបថត Khem Sovannara AKP​ភ្នំពេញ​៖ កម្ពុជា​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការពង្រឹង​កិច្ចសហការ​ជាមួយ​ម៉ាឡេស៊ី​ក្នុងការ​ការពារ​ពលករ​កម្ពុជា និង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​។ ជំហរ​បែបនេះ​ត្រូវបាន​លើកឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី លោក Dato Sri Hasan Melek កាលពី​ថ្ងៃទី​២៩​សីហា​។​

​ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រួម​ជាមួយ​កម្ពុជា ដែល​សំដៅ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជូ​ញ​ដូរ​មនុស្ស​។ សម្រាប់​លោក​រដ្ឋមន្ត្រី​ការ​របរ​ទេស លិ​ខិ​តូ​បក​រណ៍​មួយ​នេះ ប្រសិនបើ​រដ្ឋាភិបាល​ទាំងពីរ​ចុះហត្ថលេខា​ហើយ​នោះ នឹង​អាច​គ្របដណ្តប់​ដល់​ការការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាន់តែ​ប្រសើរ​។ ការលើកឡើង​យ៉ាងនេះ​របស់លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បច្ចុប្បន្ននេះ​មាន​ពលករ​កម្ពុជា​ប្រមាណ​១៤០០០​នាក់ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

​ក្នុងពេល​កន្លងមក សារព័ត៌មាន​ម៉ាឡេស៊ី និង​អង្គការសិទ្ធិមនុស្ស​នៅ​កម្ពុជា តែងតែបាន​លើកឡើង​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ងារ​ជា​អ្នកជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក៏មានដែរ ករណី​ធ្វើ​ទារុណកម្ម​រហូតដល់​ការបាត់​បង់ជីវិត​ពល​ករ​ខ្មែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បន្ត​លើកឡើង​អំពី​អ្វីដែល​ប្រមុខ​ការទូត​កម្ពុជា​បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ដោយ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចង់​ឲ្យ​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស ការរំលោភបំពាន​លើ​ពលករ​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​និង​ការបើកប្រាក់​បៀវត្សរ៍​ឲ្យ​បាន​ទៀងទាត់​ដល់​ពល​ករក​ម្ពុ​ជា​»​។​

​ដើម្បី​ឈានដល់​ការព្រមព្រៀង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លោក​ប្រមុខ​ការទូត​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ម៉ាឡេស៊ី ត្រឡប់មក​រៀបចំ​គណៈ​កម្ម​ការ​ចម្រុះ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ ដែល​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​បាន​យល់ស្រប​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បញ្ជាក់ថា​ភាគី​ម៉ាឡេស៊ី​ក៏​កំពុង​មានបំណង​រៀបចំ​ជំនួប​លើក​ទី​៣​នៃ​គណៈកម្មកា​ចម្រុះ​ទ្វេភាគី​នេះ​នៅក្នុង​ឆ្នាំ​២០១៧ ដែល​ចំ​ឆ្នាំ​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផង​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ជំនួប​រវាងរ​ដ្ឋ​មន្ត្រី​ការបរទេស​ម្ពុ​ជា លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី តំណាង​រដ្ឋាភិបាល​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​បំណង​នៃ​ការពង្រឹង​ការផ្លាស់ប្តូរ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផងដែរ​។​

​ក្នុង​ឆ្នាំ​២០១៥ មាន​ទេសចរ​ម៉ាឡេស៊ី​ជិត​១៥​ម៉ឺន​នាក់​ដែល​បានមក​ទស្សនា​កម្ពុជា​៕