នារី​រូប​ស្រស់​ម្នាក់​ស្រវឹង​ជោគ​ជាំ បង្ក​គ្រោះថ្នាក់​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ហើយ​ខ្ទាត​ក្បាល​នាគ​ថ្ម​នោះ​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី យប់​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ត្រង់​ចំណុច​មុខក្រសួង​ការងារ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​ក្រុម​៦១ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ រថយន្ត​បង្ក​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2T-6662​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​។

ចំណែក​រថយន្ត​រង​គ្រោះ​មួយ​គ្រឿង​នោះ​ម៉ាក ឡិច​ស៊ី​ស​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5876 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​តែ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​ពីរ​កង់ ហើយ​ភ្លាម​នោះ​ក្បាល​នាគ​បាន​ខ្ទាត​ទៅ​បុក​រថយន្ត​រង​គ្រោះ​ខាងលើ​ដែល​មក​ពី​ទិស​ខាងលិច បណ្ដាល​ឲ្យ​បែក​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។

ខណៈ​ជាមួយ​គ្នា​នោះ​ដែរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច តែ​ដោយសារ​តែ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ហើយ​ធ្លាយ​ធុង​ទឹក​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​រថយន្ត​ថយក្រោយ​បាន​តែ​បន្តិច​ក៏​ទៅ​លែង​រួច​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​២ ត្រូវ​បាន​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​រាជធានី រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ជា​ក្រោយ​៕