កម្ពុជា ទទួល​ជំនួយ​ជាង​៨​លាន​ដុល្លារ​ពី​ជប៉ុន សម្រាប់​គម្រោង​ចែកចាយ​អគ្គិសនី​ និពន្ធដោយ : ថ្មីៗ       August-31-2016, 10:19 pm         302

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា ទទួល​ជំនួយ​ជាង​៨​លាន​ដុល្លារ​ពី​ជប៉ុន សម្រាប់​គម្រោង​ចែកចាយ​អគ្គិសនី​​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយ​ជាង​៨​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​គម្រោង​ពង្រីក​បណ្ដាញ​ចែកចាយ​អគ្គិសនី ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​។ ហិរញ្ញប្បទាន​ឥត​សំណង​ដែល​រដ្ឋា​ជប៉ុន បន្ត​ផ្ដល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា​នេះ ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក យូ​ជី គូ​ម៉ា ម៉ា​រូ (Yuji KUMAMARU) បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្តីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប ៨៩៣ លាន​យេន​ជប៉ុន (​ជាង​៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​ពង្រីក​បណ្ដាញ​ចែកចាយ​អគ្គិសនី ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នេះ​។​

​លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា ក្រោម​ជំនួយ​ដែល​រដ្ឋាភិបាល​ផ្តល់​មក​កម្ពុជា​នេះ រដ្ឋាភិបាល​អាចយ​កមក​ផ្គត់ផ្គង់​ពង្រីក​លើ​បណ្ដាញ​ចែកចាយ​អគ្គិសនី​ថ្មី​៣​កន្លែង​ផ្សេងគ្នា ដោយ​ខ្សែ​ទី​១ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង (​ប្រវែង ៣៧.២ គីឡូម៉ែត្រ​សៀគ្វី ក្នុង​កម្រិត ២២ គីឡូវ៉ុល​) ។ ខ្សែ​ទី​២ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​ប្រវែង ៣៩.៤ គីឡូម៉ែត្រ​សៀគ្វី ក្នុង​កម្រិត ២២ គីឡូវ៉ុល​) និង​ខ្សែ​ទី​៣ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង (​ប្រវែង ១៤.៦ គីឡូម៉ែត្រ​សៀគ្វី ២២​គីឡូវ៉ុល​)​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​រូបនេះ ខ្សែបណ្ដាញ​ចែកចាយ​ថ្មី​ទាំងនេះ រួមជាមួយ​ខ្សែបណ្ដាញ​ដែលមាន​ស្រាប់ នឹង​ផ្ដល់​ឲ្យ​ប្រជាជន និង​សហគមន៍​អាជីវកម្ម​ក្នុង​ក្រុង​ទាំងបី ឲ្យ​មានការ​ផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់ ដែល​អាច​កាត់បន្ថយ​ការពឹងផ្អែក​ការផ្គត់ផ្គង់​ថាមពល​ពី​ប្រទេសជិតខាង​។ លោក ប្រាក់ សុខុន បន្ថែមថា ជំនួយ​អភិវឌ្ឍ​ផ្លូវការ​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ប្រទេស​កម្ពុជា​កន្លងមកនេះ បាន​ចូលរួមចំណែក​ដ៏​ខ្លាំងក្លា ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​ជួយ​កម្ពុជា​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​នូវ​អត្រា​៧ ភាគរយ​ផងដែរ​។​

​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន​ជំនួយ ១.២២៥ លាន​យ៉េន (​ប្រមាណ​១១​លាន​ដុល្លារ​អាមេរិក ) ក្នុងនោះ​មាន​ជំនួយឥតសំណង​ផងដែរ​។ គូរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​កន្លងមក កម្ពុជា​ទទួលបាន​ជំនួយឥតសំណង​៧៩៩៩​លាន​យ៉េន (​ប្រហែល​៦៧.៤៥​លាន​ដុល្លារ​អាមេរិក​) និង​កម្ចីសម្បទាន ១៧២៩៨ លាន​យ៉េន (​ប្រហែល​១៤៦.៦​លាន​ដុល្លារ​អាមេរិក​) ពី​រដ្ឋាភិបាល​ជប៉ុន​៕