គ​.​ជ​.​ប និង​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃស្អែក​

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ស្អែកនេះ គឺជាថ្ងៃដំបូងនៃការចុះឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។ រដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីសង្គមស៊ីវិលនានា អំពាវនាវឲ្យពលរដ្ឋដែលមានសិទ្ធិ និងគ្រប់អាយុបោះឆ្នោតទាំងអស់ត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត។

KA-31-08-2016-02

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) លោក កង សាវាង្ស បានបញ្ជាក់ថា អ្នកដែលគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត ឬអ្នកកើតមុនថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៩ គឺអាចទៅចុះឈ្មោះបោះឆ្នោតបាន៖ «អាចចុះឈ្មោះបោះឆ្នោតបានចំណុចសំខាន់មួយគឺអាយុឲ្យតែដល់ថ្ងៃបោះឆ្នោតគ្រប់ ១៨ឆ្នាំគឺប្រជាពលរដ្ឋអាចបោះឆ្នោតបាន ទោះបីបច្ចុប្បន្នពេលចុះឈ្មោះមិនទាន់គ្រប់អាយុក្ដី»។

មាត្រា១២ ជំពូកទី៣ នៃច្បាប់បោះឆ្នោតបានចែងថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវតែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជាមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតជាដើម។

គ.ជ.ប នឹងចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈពេល ៣ខែ ហើយនឹងគ្រោងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែដើមខែមករា ឆ្នាំ២០១៧។

មកដល់រសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សនយោបាយនៅកម្ពុជា និង អង្គការខុមហ្វ្រែល រួមនឹងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធមួយចំនួនទៀត បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមការចុះឈ្មោះបោះឆ្នោតថ្មី នាថ្ងៃស្អែក ជាថ្ងៃដំបូងបង្អស់ ក្រោយពីមានការកែប្រែទំរង់នៃការចុះ ឈ្មោះបោះឆ្នោត ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានត្រៀមកិច្ចការរួចរាល់ ១០០ភាគរយហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ស្អែកនេះ។ លោក ហង្ស ពុទ្ធា ថា គ.ជ.ប បានត្រៀម មន្ត្រីប្រតិបត្តិករ និងសំភារៈ ដាក់តាមការិយាល័យ នៅទូទាំងប្រទេសចំនួន ១៦៣៣ កន្លែងរួចរាល់ហើយ។

ចំណែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានត្រៀមដាក់ ភ្នាក់ងារគណបក្សនៅទូទាំងប្រទេស តាមការិយាល័យបោះឆ្នោតនីមួយៗ នៅតាមឃុំ សង្កាត់ ។ លោក យឹម សុវណ្ណថា លោក នៅមិនទាន់សន្និដ្ឋានបានថា តើការរចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលរៀបចំដោយ គ.ជ.ប នៅពេលនេះ នឹងល្អ ប្រសើរជាងមុនដែរឬទេ?

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរីភាព និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានបញ្ជាក់ឲ្យដឹងថា ខុមហ្វ្រែល បានត្រៀម អ្នកសង្កេតការណ៍ និងសមាជិក មកពីអង្គការសង្គមស៊ីវិល មួយចំនួនទៀត ដោយសរុបមានចំនួន ជាង១០០០នាក់ ចូលរួមនៅក្នុងការសង្កេតការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ចាប់ផ្តើមនៅថ្ងៃស្អែក។ លោក មានទំនុកចិត្តថា ការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលរៀបចំដោយ គ.ជ.ប នាពេលនេះគឺអាចនឹងមានតម្លាភាព និងត្រឹមត្រូវជាងមុន៕