ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៤)

ភាគ​ទី​៤៤

នានឆឺ​ឮ​សម្ដី​ឈីវឈូជី នាង​អៀន​ឡើង​មុខ​ក្រហម ក្រោក​ឈរ​ដើរ​ចេញ​ទៅ​ក្រៅ​យ៉ាង​ស្ងៀមស្ងាត់​។​
​អាចារ្យ​វង់ឈូយី​ក្រឡេក​ឃើញ​នានឆឺ​ក្រោក​ដើរ​ទៅ​មុខ ដោយ​មាន​លក្ខណៈ​ពិសេស គាត់​ក៏​ចាប់​សង្ស័យ ហក់​វឹង​ទៅ​ពី​ក្រោយ យារ​ដៃ​ទះ​តម្រង់​ស្មា​នាង​យ៉ាង​ខ្លាំង។
​អាចារ្យ​វង់ឈូយី​បញ្ចេញ​ស្នៀត​យ៉ាង​រហ័ស​ពេក ពេល​ដែល​នានឆឺ​ដឹង​ខ្លួន ដៃ​គាត់​ក៏​ដល់​ស្មា​នាង​ទៅ​ហើយ នាង​គ្រវី​ដៃ​កាត់​រង​ភ្លាម​។ ប៉ុន្តែ​អាចារ្យ​គ្មាន​បំណង​អាក្រក់​ឡើយ ទើប​គាត់​ស្រូប​កម្លាំង​ដៃ​ឱ្យ​នៅ​ស្រាល​ស្ងើក នាង​គ្រាន់តែ​ទ្រេត​ដួល​ផ្កាប់​មុខ​ទៅ​ដី​។ អាចារ្យ​គ្រវាត់​ដៃ​អាវ​ បញ្ចេញ​ខ្យល់​ដៃ​ទ្រ​នាង​ឱ្យ​ឈរ​នឹង​ឡើងវិញ បន្លឺ​វាចា​ថា៖
«​ខ្ញុំ​គ្រាន់តែ​ចង់​សាកល្បង​មើល​ យុទ្ធ​សិល្បៈ​របស់​នាង​តែ​ប៉ុណ្ណោះ​​ទេ ចូល​នាង​កុំ​ភ្ញាក់ផ្អើល​ភ័យខ្លាច​អ្វី​។ លោកអ្នក​ដ៏​ចម្លែក​ដែល​បាន​បង្ហាត់​បង្រៀន​យុទ្ធ​សិល្បៈ​នាង​នោះ​ គាត់​មាន​តែ​ម្រាម​ដៃ​៩ ហើយ​មាន​សម្លៀកបំពាក់​រហែក​រយ៉ៃ​ដូច​ស្មូម​យាចក​មែន​ទេ​?»

 

​នានឆឺ​សួរ​ដោយ​សង្ស័យ​ថា​៖
«​យី! ត្រូវ​ហើយ​! ម្ដេច​ក៏​លោក​ម្ចាស់​ជ្រាប​?»​
អាចារ្យ​វង់ឈូយី​ពោល​ទាំង​ញញឹម​ថា​៖
«​គឺ​អ្នក​សិល្បៈ​ចាស់​ទុំ​ជា​ជើង​ឯក ឈ្មោះ​ហុងឈីកុង​ ដែល​គេ​តែង​ហៅថា​ស្មូម​យាចក​ម្រាមដៃ​៩​នោះ គាត់​មិនសូវ​នៅ​នឹង​មួយ​កន្លែង​ទេ គាត់​ដូច​ជា​ផ្លេកបន្ទោរ បន្តិច​ឃើញ​ខាង​នេះ បន្តិច​ឃើញ​ខាង​នោះ នាង​បាន​គាត់​ជួយ​ណែនាំ​ដូច្នេះ គឺ​ជា​ឱកាស​ល្អ​កម្រ​បាន​ជួប​ណាស់​!»
​នានឆឺ​ឆ្លើយ​ឡើង​ទាំង​ក្ដី​សោកស្ដាយ​ថា​៖
«​លោកតា​បែប​ស្រួល​ទេ តែ​ហាក់​ដូចជា​ពិបាក​ដែរ លោក​គ្រាន់តែ​បង្រៀន​នាង​ខ្ញុំ​បាន​បី​ថ្ងៃ​ រួច​បាត់​ស្រមោល​ដោយ​គ្មាន​ទុក​វាចា​អ្វី​មួយ​ម៉ាត់​សោះ​ឡើយ!»

វង់ឈូយី​ពោល​ថា​៖
«​នាង​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ឬ​?​ គាត់​បង្រៀន​នាង​រវាង​បី​ថ្ងៃ​នេះ ​ប្រសើរ​ជាង​អ្នកដទៃ​បង្រៀន​នាង ១០​ឆ្នាំ​ទៅ​ទៀត​ណា៎​!»
​នានឆឺ​ពោល​ថា​៖
«​លោក​ម្ចាស់​មាន​ប្រសាសន៍​​នេះ​ត្រូវ​ណាស់​!»

 
​ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ