យប់​នេះម៉ោង៧ ​​កម្ពុជា ប៉ះក្រុមខ្លាំង ​​ហុងកុង​ ក្នុងជំនួបមិត្តភាព​

ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម​ខ្លាំង​ ហុងកុង ទទួល​ស្វាគមន៍​គោព្រៃ​កម្ពុជា ​នឹង​ធ្វើ​ឡើង​នា​វេលា​​ម៉ោង៧:០០​នាទី​យប់​នេះ​នៅ​ទឹក​ដី​ហុង​កុង។ ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា ​តើលោក Lee Tea Hoon គ្រូ​បង្វឹក​ក្រុម​កម្ពុជា​​​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ពី​ប្រទេស ​កំណើត​បាន​អស់?

 យប់​នេះម៉ោង៧ ​​កម្ពុជា ប៉ះក្រុមខ្លាំង ​​ហុងកុង​ ក្នុងជំនួបមិត្តភាព​ក្រុមហុងកុង

 

ក្រុមបាល់ទាត់​ហុងកុងជា​ក្រុម​ខ្លាំង​ មួយ​នៅ​ក្នុង​​តំបន់​ដែលបច្ចុប្បន្ន​ស្ថិត​នៅ​លេង​រៀង​ទី​១៤៧​ក្នុង​តារាង​ ចំណាត់ថ្នាក​ពិភព​លោក​ FIFA​ Ranking។​ ​ឆ្នាំ​​២០១៦​​នេះ​ ហុងកុងបាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ​៣​ប្រកួត​ក្នុង​នោះ​ចាញ់​ កាតារ ២-០ ក្នុង​វគ្គ​ជម្រុះបាល់ទាត់ពិភពលោក​ឆ្នាំ​២០១៨។ ២​ប្រកួត​​​ទៀត​ក្នុង​ពាន Bank Cup ដែលចាញ់ទាំងពីរ​គឺ​ចាញ់​វៀតណាម ៤-៣ ដោយបាល់​ប៉េណាល់ទី​ បន្ទាប់​ពី​ស្មើ ២-២ និង​បន្ត​ចាញ់​មីយ៉ាន់ម៉ា ៣-០​ក្នុង​ពាន​នេះ​ដដែល។

 

យប់​នេះម៉ោង៧ ​​កម្ពុជា ប៉ះក្រុមខ្លាំង ​​ហុងកុង​ ក្នុងជំនួបមិត្តភាព​

 ក្រុមកម្ពុជា

 

សម្រាប់​កម្ពុជា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​ប្រកួត​នេះ​ដើម្បី​ ត្រៀម​ខ្លួន​វគ្គ​ជម្រុះ​ Suzuki Cup 2016 ដែល ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​នេះ។ បើ​មើល​បទ​ពិសោធន៍​ប្រកួត​ពាន​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៦​នេះ​ កម្ពុជា​ចាញ់​ស៊ីរី​ ៦-០​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ ប៉ុន្តែ​ស្មើ​ម៉ាកាវ ២-២ ក្នុង​ជើង​ទី​១​ និង​ឈ្នះ​២-០ ក្នុង​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពាន 2019 AFC Asian Cup។​​ ចំពោះការ​ប្រកួតមិត្តភាព​វិញកម្ពុជាឈ្នះ​ទីម័រខាងកើត ​២-០ និង​​ឈ្នះ​សិង្ហបុរី ៣-២។

 

ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា
តាមពិត ​ទៅ​ក្រុម​ទាំង​ពីរ​ខានប៉ះ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ពោល​គឺ​រយៈ​​ពេល​១៧​ ឆ្នាំ​ចុង​ក្រោយមិនដែល​ជួប​គ្នា​ឡើយ។ ទោះ​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​ទៅ​កាល​ពី​ជាង​១៧​ឆ្នាំមុន ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​បាន​៥​ដង​ក្នុង​នោះ​​ហុងកុង​ឈ្នះ៣ និង​កម្ពុជា​ឈ្នះ​២។
-ឆ្នាំ ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា ( ពាន Merdeka)
-ឆ្នាំ ១៩៧១៖ កម្ពុជា ២-១ ហុងកុង ( ជម្រុះ​ពាន Asian cup)
-ឆ្នាំ ១៩៧២៖ កម្ពុជា ១-០ ហុងកុង ( ពាន Merdeka)
-ឆ្នាំ ១៩៩៩៖ ហុងកុង ៤-១ កម្ពុជា ( ជម្រុះ​ពាន Asian cup)
-ឆ្នាំ ១៩៩៩៖ កម្ពុជា ០-១ ហុងកុង ( ជម្រុះ​ពាន Asian cup)

 

កីឡាករ
សមាជិក ​ជួរ​មុខ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ទិត្យ​ ឌីណា សុទ្ធ​ជា​កីឡាករ​ដែល​លោក​គ្រូ Lee មាន​ទំនុកចិត្ត ហើយ​ពួក​គេ​នឹង​បង្ហាញ​ខ្លួន​ល្ងាច​នេះ។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ការពារ​ នេន សុធារ័ត្ន ប្រហែល​ជា​មិន​អាច​បង្ហាញ​ខ្លួន​ទេ​ដោយ​សារ​មាន​បញ្ហា​ចង្កេះ​នៅ​ពេល​ប្រកួត ​មិត្តភាព​ជា​មួយ​ក្រុម African All Star។ កីឡាករ​​ផ្សេង​ទៀត​គ្មាន​បញ្ហា​នោះ​ទេ។

 

ចំពោះ​ម្ចាស់​ហុងកុងវិញ​មាន ​កីឡាករ​មុត​ស្រួច​ដែល​កម្ពុជា​ត្រូវ​ប្រុងប្រយ័ត្ន​គឺ​កីឡាករ​ Jaimes McKee អនុប្រធាន ​ក្រុម​កើតនៅ​ប្រទេស​អង់គ្លេស​​ដែល​រហូត​ដល់​ពេល​នេះ​រូប​គេ​រក​បាន​៨​ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួនឲ្យ​​​ក្រុមរបស់​ខ្លួន​ចំនួន​៣០​ដង។ លើស​ពី​នេះ​ទៀត ​ខ្សែ​ប្រយុទ្ធ​ Paul Ngue និង​ខ្សែ​បម្រើ​​ Roberto ក៏​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ។ កីឡាករ​របស់​ហុងកុងមិនខុស​ពី​កីឡាករ​កម្ពុជា​ទេ​គឺ​គ្មាន​កីឡាករ​ណា​ម្នាក់​ លេង​នៅ​ក្រៅ​ស្រុក​ឡើយ៕

 

 

យប់​នេះម៉ោង៧ ​​កម្ពុជា ប៉ះក្រុមខ្លាំង ​​ហុងកុង​ ក្នុងជំនួបមិត្តភាព​ចាន់ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋ

យប់​នេះម៉ោង៧ ​​កម្ពុជា ប៉ះក្រុមខ្លាំង ​​ហុងកុង​ ក្នុងជំនួបមិត្តភាព​ កីឡាករ​ Jaimes McKee

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា