យន្ត​ហោះ​អាមេរិក​ចុះ​ចត​បន្ទាន់ ក្រោយ​ជួប​បញ្ហា​មិន​ប្រក្រតី ឯ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់

អ្នក​ដំណើរ​ចំនួន ១២​នាក់ ក្នុង​នោះ​រួម​មាន​ក្មេងៗ ចំនួន​៣​នាក់ បាន​ទទួល​រង​របួស បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នកដំណើរ​អាមេរិក​មួយ​គ្រឿង ជួប​បញ្ហា​មិន​ប្រក្រតី​ធ្ងន់ធ្ងរ (រង្គើរ ឬ​ចលនា​មិន​នឹង​នរ) ខណៈ​កំពុង​ហោះ​ហើរ​លើ​អាកាស។

 

យន្ត​ហោះ​អាមេរិក​ចុះ​ចត​បន្ទាន់ ក្រោយ​ជួប​បញ្ហា​មិន​ប្រក្រតី ឯ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បណ្តាល​ឲ្យ​យន្តហោះ​ប្រភេទ ប៊ូអ៊ីញ ៧៦៧-៣០០ ដឹក​អ្នក​ដំណើរ​ចំនួន ២០៧​នាក់ និង​អាកាសយានិកចំនួន ១៣​នាក់ របស់​ក្រុមហ៊ុន​អាកាសចរ​អាមេរិក «United Airlines» ចុះ​ចត​ជា​បន្ទាន់ នៅ​ឯ​ព្រលាន​យន្តហោះ «Shannon Airport» នៃ​សាធារណរដ្ឋ​អៀរឡង់។ អ្នក​ដំណើរ​ចំនួន ១០​នាក់ និង​អាកាសយានិក ចំនួន ២​នាក់ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ព្រលាន​យន្តហោះ ទៅ​កាន់​មន្ទីរពេទ្យភ្លាមៗ។

 

យន្តហោះ​ខាង​លើ​បាន​ធ្វើ​ដំណើរ​ចេញ​ពី ទីក្រុង​ហ៊ូស្តុន រដ្ឋ​តិចសាស់ សហរដ្ឋអាមេរិក ទៅ​កាន់​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស តែ​ត្រូវ​ប្តូរ​ជើង​ហោះ​ហើរ នៅ​សាធារណរដ្ឋ​អៀរឡង់​វិញ ក្រោយ​ជួប​គ្រោះថ្នាក់​នេះ។ អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​ម្នាក់ មាន​ឈ្មោះ​ John Dunton-Downer មក​ពី​ទីក្រុង​ឡុងដុង បាន​ប្រាប់​ពី​ហេតុការណ៍​នោះ​ថា វា​ហាក់​បី​ដូច​ជា​យន្តហោះ​កំពុង​តែ​ធ្លាក់​អីចឹង។

 

គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​ពេល​កំពុង​ហោះហើរ ភាគ​ច្រើន​កើត​មាន​នៅ​រយៈ​កម្ពស់ ៩១៤៤​ម៉ែត្រ ឬ​ខ្ពស់​ជាង​នេះ។

 

មូល​ហេតុ​អ្វី​បណ្តាល​ឲ្យ​កើត​មាន​ភាព​មិន​ប្រក្រតី​ពេល​កំពុង​ហោះ​ហើរ?

 

យោង​តាម​សហព័ន្ធ​រដ្ឋបាល​អាកាសចរណ៍ Federal Aviation Administration (FAA) បាន​ឲ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ពេល​កំពុង​ហោះ​ហើរ អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ដូច​ជា៖

ចលនា​ខ្យល់​មិន​ប្រក្រតី
សម្ពាធ​បរិយាកាស
លំហូរ​នៃ​ឧស្ម័ន​ពី​ម៉ាស៊ីន​យន្តហោះ
ខ្យល់​ដែល​នៅ​ជុំវិញ​តំបន់​ភ្នំ
អាកាសធាតុ​ត្រជាក់ ឬ​ក្តៅ
ព្យុះ​មាន​ផ្គរ

 

យន្ត​ហោះ​អាមេរិក​ចុះ​ចត​បន្ទាន់ ក្រោយ​ជួប​បញ្ហា​មិន​ប្រក្រតី ឯ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC