Abou Mohammed Al Adnani អ្នកនាំពាក្យក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់នៅអាឡិប

ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ទើបបានបាត់បង់មេក្លោងដ៏សំខាន់ និងជាអ្នកនាំពាក្យរបស់ក្រុមជីហាតជ្រុលនិយមនេះ។ យោងតាមការប្រកាសនៅលើគេហទំព័រ Amaq របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ជនឈ្មោះ អាប៊ូ ម៉ូហាម៉េដ អាល់ អាដណានី បាមស្លាប់នៅសមរភូមិ តំបន់អាឡិប ភាគខាងជើងស៊ីរី។ ចំណែកអ្នកនាំពាក្យកងទ័ពអាមេរិក បានបញ្ជាក់ថា កងសម្ព័ន្ធមិត្តប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម បានធ្វើប្រតិបត្តិការនៅតំបន់អាឡិប ក្នុងគោលដៅកម្ទេចមេដឹកនាំក្រុមជីហាតនេះ ម្តងមួយៗ។

Abou Mohammed Al Adnani បានស្លាប់ពលីជីវិតហើយ នៅសមរភូមិអាឡិប ភាគខាងជើងស៊ីរី។ នេះគឺជាអ្វីដែលបានចុះផ្សាយ ដោយគេហទំព័រអ៊ីនធើនែត Amaq របស់ក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម កាលពីថ្ងៃអង្គារទី ៣០សីហា។ បន្ទាប់មក នៅល្ងាចថ្ងៃអង្គារ ដដែល អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន Peter Cook បានអះអាងថា កងទ័ពសម្ព័ន្ធមិត្តបានធ្វើប្រតិបត្តិការទម្លាក់គ្រាប់ ក្បែរក្រុង Al-Bab នៅតំបន់អាឡិប ដើម្បីសំដៅសម្លាប់ជនឈ្មោះ Abou Mohammed Al Adnani ដែលជាមនុស្សដ៏សំខាន់ម្នាក់ក្នុងបណ្តាញជីហាតដ៏ព្រៃផ្សៃនេះ។ យ៉ាងណា គេកំពុងតែពិនិត្យឲ្យជាក់ច្បាស់ ថាជននេះពិតជាបានស្លាប់ពិតមែន រឺយ៉ាងណា។

ជនឈ្មោះ Abou Mohammed Al Adnani គឺជាស្ថាបនិកនៃទ្រឹស្តីវាយប្រហាររបស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម ដោយជននេះ បានស្រែកប្រកូកប្រកាសឲ្យជនជីហាតស្ម័គ្រចិត្តទាំងអស់ នាំគ្នាធ្វើសកម្មភាពសម្លាប់មនុស្សដោយឥតរើសមុខ និងតាមគ្រប់មធ្យោបាយទាំងអស់ ដោយមិនចាំបាច់មកចូលរួមក្នុងសមរភូមិជាមួយនឹងពួកកម្លាំងជីហាត ក៏បានដែរ។ យ៉ាងណាមិញ ភេរវកម្មផ្ទួនៗនៅបារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត កន្លងមក គឺក្រុមភេរវករ បានទទួលឥទ្ធិពលទាំងស្រុង ពីការប្រកាសឃោសនារបស់ជននេះ។ យោងតាមទិន្ន័យរបស់ក្រសួងការពារជាតិអាមេរិក ជននេះ មិនមែនគ្រាន់តែជាអ្នកនាំពាក្យធម្មតា របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទេ តែជននេះជាអ្នកសាបព្រួសមនោគមន៍វិជ្ជាភេរវកម្មព្រៃផ្សៃ ដ៏សំខាន់។

សូមរំលឹកថា កាលពីដំបូង ជនឈ្មោះ Abou Mohammed Al Adnani បានចូលបំរើក្រុមអាល់កាអ៊ីដា នៅរវាងឆ្នាំ២០០០ ដោយដើរតាមជនឈ្មោះ Abou Moussab Al-Zarqaoui ។ គឺជន Al-Zarqaoui នេះឯងដែលជាមេចលនាជីហាដអង្គការរដ្ឋអ៊ីស្លាមដំបូងបង្អស់ ហើយដែលត្រូវកងទ័ពអាមេរិកសម្លាប់បាន កាលពីឆ្នាំ២០០៦ នៅអ៊ីរ៉ាក់។ ចំណែក ជន Abou Mohammed Al Adnani បានឡើងថានៈជាបន្តបន្ទាប់ រហូតត្រូវបានគេចាត់ទុកថាជារដ្ឋមន្ត្រីទទួលបន្ទុករៀបចំភេរវកម្ម របស់ក្រុមជីហាតនេះទៀតផង។

គួរបញ្ជាក់ផងដែរថា ការសម្លាប់មេក្លោងធំៗ របស់ក្រុមជីហាតអង្គាររដ្ឋអ៊ីស្លាម ម្តងមួយៗបែបនេះ បង្ហាញពីភាពជោគជ័យ និងប្រសិទ្ធិភាពនៃប្រព័ន្ធស៊ើបការណ៍សំងាត់របស់កងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ។ បើយោងតាមមេទ័ពអាមេរិកម្នាក់បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៥មក មានមេក្លោងជីហាតជាង៤០នាក់ហើយ ដែលត្រូវបានសំលេសចោល៕

ប្រភព៖ RFI


Related Posts