​កិច្ចពិភាក្សាសន្តិភាពភូមា៖ លោកស្រី ស៊ូជី សន្យាប្រែក្លាយភូមាជារដ្ឋសហព័ន្ធ

ក្នុងថ្ងៃដំបូងនៃកិច្ចចរចាសន្តិភាព រវាងរដ្ឋាភិបាលភូមាជាមួយក្រុមឧទ្ទាម នៅទីក្រុងណៃពីដ៏ ថ្ងៃពុធនេះ ប្រមុខការទូតភូមា លោកស្រីអ៊ុងសាន ស៊ូជី បានសន្យាថានឹងប្រែក្លាយប្រទេសភូមា អោយទៅជារដ្ឋសហព័ន្ធ ក្រោយពេលដែលក្រុមឧទ្ទាមជនជាតិភាគតិច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់ការប្រយុទ្ធជាមួយកងទ័ព ជិត៧០ឆ្នាំមកនេះ។

លោកស្រីស៊ូជី លើកឡើងថា កិច្ចព្រមព្រៀងលើបទឈប់បាញ់ថ្នាក់ជាតិ ជាជំហានដំបូងឆ្ពោះទៅរកសុខសន្តិភាព។

កិច្ចពិភាក្សាសន្តិភាពភូមា បើកធ្វើរហូតដល់ចុងសប្តាហ៍ ដោយមានវត្តមានតំណាងជនជាតិភាគតិច៧០០នាក់ និងវត្តមានប្រធានអង្គការសហប្រជាជាតិ បាន់ គីមូន។ ម្សិលមិញ លោកបាន់ គីមូន បានឆ្លៀតសុំរដ្ឋាភិបាលភូមាអោយផ្តល់សញ្ជាតិភូមា ដល់ប្រជាជនកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា។

អំណាចកងទ័ពជាគន្លឹះធំនៃកិច្ចពិភាក្សាសន្តិភាពភូមា
លោកស្រី ស៊ូជី សន្យាធ្វើអោយភូមាក្លាយជារដ្ឋសហព័ន្ធ តែ រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់យ៉ាងណាៗនោះ លោកស្រីស៊ូជីហាក់នៅមិនទាន់ហ៊ានបង្ហើបអោយដឹងច្បាស់នៅឡើយ។ តែអាទិភាពរដ្ឋាភិបាល ក្រោយមានសន្តិភាព គឺរដ្ឋសហព័ន្ធ ដូច្នេះ ភាគីចរចានិមួយៗ ពិតជាផ្តោតលើរដ្ឋសហព័ន្ធនេះហើយ។ សម្រាប់ដំណើរការរដ្ឋសហព័ន្ធ យើងឃើញថា តំបន់ផ្សេងៗនៅភូមា មានសភាក្នុងស្រុករបស់គេរួចស្រាប់ហើយ ហើយថែមទាំងមានគណបក្សតំណាងជនជាតិភាគតិចទៀតផង។ បញ្ហាស្ថិតត្រង់ថា រដ្ឋបាលក្នុងស្រុកនៅមិនទាន់ប្រសិទ្ធភាពការងារនៅឡើយទេ។

ដូចយើងដឹងហើយ ភូមាក្លាយជារដ្ឋសហព័ន្ធបាន លុះត្រាគ្រប់ភាគីក្នុងស្រុក ទាំងកងទ័ព ទាំងគ្រប់ក្រុមឧទ្ទាម ឈប់ប្រយុទ្ធគ្នាសិន។ រដ្ឋាភិបាលអាណត្តិមុនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមចំនួន៨។ តែនៅមិនទាន់ស្រុះស្រួលគ្នាជាមួយក្រុមឧទ្ទាមធំៗផ្សេងទៀតទេ។ ការប្រយុទ្ធគ្នា តែងមានញឹកញាប់ តាំងពីភូមាទទួលបានឯករាជ្យពីអង់គ្លេស ឆ្នាំ១៩៤៨។ ក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនបានតស៊ូប្រដាប់អាវុធ ទាមទារភាពស្វ័យយតតាមតំបន់ដែលគេរស់នៅ។

ជាក់ស្តែង ម្សិលមិញនេះ កងទ័ពនិងក្រុមឧទ្ទាមបានប្រយុទ្ធគ្នាជាថ្មីទៀត នៅតំបន់ឆានភាគខាងកើត និងតំបន់កាឈីនភាគខាងជើង។ ក្រុមឧទ្ទាមចោទថា កងទ័ពជាអ្នកបើកការវាយប្រហារមុន។ បើកងទ័ពបើកការវាយប្រហារលើក្រុមឧទ្ទាមមែន តើគេអាចទុកចិត្តរដ្ឋាភិបាលភូមាយ៉ាងម៉េចកើត សម្រាប់អនាគតរដ្ឋសហព័ន្ធ បើរដ្ឋាភិបាលទប់ស្កាត់កងទ័ពមិនជាប់ផងនោះ !

ត្រង់ចំណុចនេះ យើងឃើញថា កងទ័ពភូមានៅតែមានអំណាចខ្លាំង ក្នុងស្រុក។ រដ្ឋាភិបាលបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី បានឈ្នះឆ្នោត លើរដ្ឋាភិបាលចាស់កើតចេញពីអតីតរបបសឹកកាលពីឆ្នាំ២០១៥ក៏ពិតមែន តែពេលឡើងកាន់អំណាច កងទ័ពនៅតែមានប្រៀបជាងជានិច្ច។កងទ័ពកាន់កាប់ក្រសួងសំខាន់ៗ មានក្រសួងការពារជាតិ មហាផ្ទៃ និងព្រំដែន។ កងទ័ពមានកៅអី២៥ភាគរយនៅសភា។ ការសម្រេចបើកការវាយប្រហារលើក្រុមឧទ្ទាម ក៏គឺកងទ័ពជាអ្នកសម្រេច។

ដូច្នេះ កិច្ចពិភាក្សាសន្តិភាព ត្រូវតែលើកយកអំណាចកងទ័ពមកជជែកគ្នា មិនដូច្នោះទេ ការប្រយុទ្ធនៅតែអាចកើតមាន ហើយស្រួលមិនស្រួល ក្រុមឧទ្ទាមអាចដើរចេញពីតុចរចានេះផងក៏ថាបាន។

បើរដ្ឋាភិបាលនិងក្រុមឧទ្ទាមសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព តើអ្នកណាខ្លះទទួលប្រយោជន៍ពិកិច្ចព្រមព្រៀងនេះ ?
ភូមាត្រូវការពេលយូរទៀតណាស់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយគ្រប់ក្រុមឧទ្ទាមជនជាតិភាគតិច មិនងាយសម្រេចបានក្នុងពេលដ៏ខ្លីទេ។ កុំភ្លេចថា ភូមាមានជនជាតិភាគតិចដល់ទៅ១៣៥ គឺច្រើនណាស់។

ប៉ុន្តែ បើកិច្ចព្រមព្រៀងសន្តិភាពសម្រេចបានហើយនោះ គឺប្រជាជនទាំងមូលជាអ្នកទទួលបានប្រយោជន៍ ព្រោះសន្តិភាពនេះ ជាអាទិភាពក្នុងការអភិវឌ្ឈភូមាអោយរីកចម្រើន ពិសេសផ្នែកសេដ្ឋកិច្ច រឺពាណិជ្ជកម្មតែម្តង។

យើងឃើញថា តាមតំបន់ដែលក្រុមឧទ្ទាមកាន់កាប់ តាមព្រំដែនភាគខាងជើង និងខាងកើត ជាប់ចិន រឺក៏ឡាវនោះ សំបូរធនធានត្បូងថ្ម និងឈើមានតម្លៃណាស់។ នៅទីនោះ ក្រុមឧទ្ទាម និងកងទ័ពបានរកស៊ីជួញដូរធនធានធម្មជាតិទាំងនេះ។ បើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាម អាចសម្រេចបាន នោះរដ្ឋាភិបាលភូមាក៏អាចនឹងរៀបចំការគ្រប់គ្រងតាមតំបន់ទាំងនោះឡើងវិញដែរ។

បើភូមាអាចបិទបញ្ចប់ការប្រយុទ្ធរវាងកងទ័ពនិងក្រុមឧទ្ទាមជិត៧០ឆ្នាំមកនេះ ចិនដែលជាមិត្ត និងជាដៃគូពាណិជ្ជកម្មចំបងរបស់ភូមា ក៏បានផលចំណេញដែរ។ ការប៉ះទង្គិចតាមព្រំដែនភូមា ពិសេសនៅតំបន់ឆាន ភាគខាងកើត ក្បែរទឹកដីចិននេះ មិនបានធ្វើអោយចិនសប្បាយចិត្តប៉ុន្មានទេ ព្រោះវាជំរុញអោយមានភាពអាណាធិបតេយ្យតាមព្រំដែន ហើយជំរុញអោយមានការជួញដូរត្បូងថ្ម និងឈើមានតម្លៃខុសច្បាប់ កាន់តែច្រើន ប៉ះពាល់ដល់ការរកស៊ីដែលត្រឹមត្រូវតាមច្បាប់។

ប្រទេសលោកខាងលិច អាមេរិក រឺឥណ្ឌា ដែលកំពុងប្រជែងគ្នាជាមួយចិននៅភូមា ក៏អាចទទួលប្រយោជន៍ដូចគ្នា គឺគេអាចទៅរកស៊ីស្ងប់ចិត្ត ក្នុងប្រទេសមួយដែលមានសុខសន្តិភាពនៅអាស៊ីអាគ្នេយ៍យើង។

កិច្ចពិភាក្សាមិនលើកពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា

ប្រជាជនរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម មិនមែនជាអ្នកតស៊ូប្រដាប៉អាវុធ គំរាមសន្តិសុខភូមាទេ។ ដូច្នេះ គេមិនលើកយករឿងជនជាតិរ៉ូហ៊ីងយ៉ាមកពិភាក្សាគ្នាទេ។ តែម្សិលមិញ លោកបាន់ គីមូន ប្រធានអង្គការសហប្រជាជាតិ ក៏មិនភ្លេចសុំអោយរដ្ឋាភិបាលផ្តល់សញ្ជាតិដល់ពួកគេដែរ ព្រោះពួកគេរស់ក្នុងទឹកដីភូមា រាប់តំណមកហើយ។

ពួកគេរងការធ្វើទុក្ខបុកម្នេញ រើសអើង ប្រជាជនអ្នកកាន់ពុទ្ធសាសនាក្នុងស្រុក។ តាំងពីមានហិង្សាសហគមន៍ឆ្នាំ២០១២មក ប្រជាជនរ៉ូហ៊ីងយ៉ាភាគច្រើន នាំគ្នារស់នៅតាមជំរំភាគខាងលិចប្រទេស។ រឿងរ៉ូហ៊ីងយ៉ាមិនអាចលេងសើចទេ ព្រោះវាបង្កភាពតានតឹងក្នុងសង្គមភូមា។ លោកស្រីស៊ូជីបានសុំអោយអតីតប្រធានអង្គការសហប្រជាជាតិ លោកកូហ្វ៊ី អាណាន់ ជួយដោះស្រាយបញ្ហានេះ។ លោកអាណាន់នឹងមកដល់ភូមា ដើមខែកញ្ញានេះហើយ៕

ប្រភព៖ RFI


Related Posts