លោក ឌុយទែរតេ ប្រកាសចង់ជួបមេឧទ្ទាមអ៊ីស្លាមដែលកំពុងគេចខ្លួន

ថ្ងៃពុធនេះ ប្រធានាធិបតីហ្វីលីពីនឌុយទែរតេបានប្រកាសចង់ជួបមេក្រុមឧទ្ទាមអ៊ីស្លាម Nur Misurari នៀ មីស៊ូអារី ដែលរងការចោទប្រកាន់ពីហិង្សាឡោមព័ទ្ធក្រុងមួយនៅភាគខាងត្បូង ក្នុងឆ្នាំ២០១៣។ មេឧទ្ទាមរូបនេះកំពុងរត់គេចខ្លួន។ ដើម្បីបានជួបមេឧទ្ទាមមីស៊ូអារី លោកឌុយទែរតេសន្យាមិនអើពើនឹងដីកាចាប់ខ្លួនជនរូបនេះទេ។

ដើម្បីអាចជួបមេឧទ្ទាមអ៊ីស្លាម នៀ មីស៊ូអារី Nur Misurari ដែលកំពុងគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ ប្រធានាធិបតីហ្វីលីពីនហ៊ានរហូតសន្យាថា លោកមិនអើពើនឹងដីកាចាប់ខ្លួនទេ។ នេះជាការប្រកាសបែបអស្ចារ្យមួយទៀត របស់ប្រធានាធិបតីឌុយទែរតេ ដែលគេគ្រប់គ្នា ស្គាល់ថាជាប្រធានាធិបតីសំដីថ្លោស។

នៀ មីស៊ូអារី អាយុ៧៧ឆ្នាំ រងការចោទប្រកាន់ថា ជាមេក្លោងនៃការឡោមព័ទ្ធក្រុងហ្សាំប៊័ងហ្កា ភាគខាងត្បូងហ្វីលីពីន កាលពីឆ្នាំ២០១៣ ធ្វើអោយមានមនុស្សស្លាប់ជាង២០០នាក់។ អាជ្ញាធរកំពុងតាមចាប់ខ្លួន មីស៊ូអារី ពីបទបង្កសកម្មភាពបះបោរ។ មីស៊ូអារីអាចជាប់គុករហូត៣០ឆ្នាំ។

តែថ្ងៃពុធនេះ លោកឌុយទែរតេប្រាប់ថា លោកបាននិយាយជាមួយមេឧទ្ទាមនោះថា លោកគ្មានបំណងចាប់ខ្លួន និងឃុំខ្លួនរូបគាត់នោះទាល់តែសោះ។ លោកចង់អោយមេឧទ្ទាមមកជួបលោកនៅកោះចូឡូ រឺក៏នៅវិមានប្រធានាធិបតី ហើយមេឧទ្ទាមរូបនោះអាចសុំអោយប៉ូលិស រឺទាហានណាមួយធ្វើអង្គរក្សការពារនាំរូបគាត់ទៅកន្លែងចរចាជាមួយលោកឌុយទែរតេ។

តែមេឧទ្ទាមចង់ជួបលោកឌុយទែរតេនៅម៉ាឡេស៊ី ក្រោមអន្តរាគមន៍របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមវិញ។ លោកឌុយទែរតេអះអាងថា មេឧទ្ទាមមីស៊ូអារីសន្យាថា តែក្នុង២ថ្ងៃប៉ុណ្ណោះ គាត់អាចនឹងចុះកិច្ចព្រមព្រៀងអ្វីមួយ បិទបញ្ចប់ការប្រយុទ្ធគ្នា។

មេឧទ្ទាមមីស៊ូអារី ជាស្ថាបនិកចលនាក្រុមរណសិរ្សរំដោះជាតិ ហៅកាត់ថាMNLF នៅភាគខាងត្បូង។ ក្រុមនេះបង្កើតឡើង ក្នុងឆ្នាំ១៩៦៩។ ក្រុមឧទ្ទាមMNLFបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីន ឆ្នាំ១៩៩៦ ជាថ្នូរនឹងភាពស្វ័យយតតំបន់។

តែក្រោយមក សកម្មជនក្រុមបានបំបែកខ្លួនទៅនៅក្រោមផ្លាកក្រុមឧទ្ទាមឈ្មោះថា រណសិរ្សរំដោះម៉ូរ៉ូអ៊ីស្លាម ហៅកាត់ថា Milf វិញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រណសិរ្សរំដោះម៉ូរ៉ូអ៊ីស្លាមបានចរចាសន្តិភាពជាមួយរដ្ឋាភិបាល។ លោកឌុយទែរតេ ចង់ទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមទាំង២។ ក្រៅពីក្រុមឧទ្ទាមអ៊ីស្លាម លោកឌុយទែរតេ ក៏បានបើកកិច្ចពិភាក្សាសន្តិភាពជាមួយក្រុមឧទ្ទាមកុម្មុយនិស្តដែរ ក្នុងពេលកន្លងមក៕

ប្រភព៖ RFI


Related Posts