ញ៉ាំ​អាហារ​លែង​ដឹង​រសជាតិ មកពី​មូលហេតុ​អ្វី​ទៅ​?

ញ៉ាំ​អាហារ​លែង​ដឹង​រសជាតិ មកពី​មូលហេតុ​អ្វី​ទៅ​?

​ការលែង​ដឹង​រសជាតិ​អាហារ អាច​ក្លាយទៅជា​រឿង​មួយ​ពិបាក​ចិត្តខ្លាំង និង​ពិបាក​ដោះស្រាយ​ណាស់​។ ការសិក្សា​បាន​រកឃើញថា ការបាត់បង់​ជីវ​ហារ​វិញ្ញាណ និង​ឃានវិញ្ញាណ ច្រើន​តែ​កើត​ឡើង​ជាមួយ​គ្នា​។ យ៉ាងណាមិញ មាន​អ្នកជំងឺ​ប្រហែល ៥ ភាគរយ​ប៉ុណ្ណោះ ដែល​ទៅ​ជួប​ពេទ្យ ដោយសារតែ​មាន​បញ្ហា​ស្រង់​ក្លិន និង​រសជាតិ​មិនបាន​។ ការបាត់បង់​ជីវ​ហារ​វិញ្ញាណ​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ អ្វី​ដែល​គួរ​ដឹង​នោះ គឺ​មូលហេតុ​របស់​វា​ទៅវិញ​ទេ​។

ចង្កោម​រោគសញ្ញា​រលាក​ក្នុង​មាត់​
ភាគច្រើន បញ្ហា​នេះ​កើតឡើង​លើ​ស្ត្រី ក្រោយ​រាំងរដូវ​រួច ហើយ​ច្រើន​តែ​មាន​អារម្មណ៍​ថា ក្នុង​មាត់​មាន​រសជាតិ​ល្វីង​ជាប់ ឬ​រសជាតិ​ដែកៗ​។ ករណី​ជំងឺ​នេះដែរ អ្នកជំងឺ​អាច​នឹង​មាន​អារម្មណ៍​ក្រហាយៗ​ក្នុង​អណ្តាត អញ្ចាញ​ធ្មេញ បបូរមាត់ និង​ក្នុង​មាត់​ទាំងមូល​តែម្តង​។ ចំពោះ​មូលហេតុ​របស់​វា មិនទាន់​ដឹង​នៅឡើយ​ទេ​។

របួស​ក្បាល​
ចំពោះ​ករណី​ប៉ះទង្គិច​នៅ​ក្បាល អាច​បណ្តាលឲ្យ​មាន​របួស ដល់​តំបន់​ជាច្រើន​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ដែលជា​អ្នក​ផ្តល់​រំ​ញោច ដល់​ការ​ស្រង់​រសជាតិ​ដែរ​។ ដូច្នេះ វា​នឹង​ធ្វើឲ្យ​បាត់បង់​ជីវហា​វីញ្ញាណ និង​ក្លិន​បានដែរ លើ​ករណី​របួស ឬ​គ្រោះថ្នាក់​លើ​ក្បាល​ធ្ងន់ធ្ងរ ហើយ​ចេញ​ជា​ផលវិបាក​បែបនេះ រហូត​តែ​ម្តង​ក៏មាន​ដែរ​។

កង្វះ​វីតាមីន B
ការសិក្សា​បាន​រកឃើញថា កង្វះ​វីតាមីន B12 អាច​បណ្តាល​ឲ្យ​បាត់បង់ ជីវ​ហារ​វី​ញ្ញាណ និង​ឃានវិញ្ញាណ​បាន បើសិនជា​មិន​បាន​កំណត់ រោគវិនិច្ឆ័យ​ទាន់ពេលវេលា​។ ដូច្នេះ ចូរ​ធ្វើតេស្ត​ឈាម ដើម្បី​កំណត់​ថា ការ​កង្វះ​វីតាមីន B កំពុងតែ​បណ្តាល​ឲ្យ​បាត់បង់ ជីវ​ហារ​វី​ញ្ញាណ​ឬ​អត់​។

ជំងឺ​ទឹកនោម​ផ្អែម​
ការបា​ត​បង់ការ​ស្រង់​រសជាតិ ក៏​អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដែរ ជាពិសេស អ្នក​ដែល​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ​តែម្តង​។

អាយុ​ច្រើន​
ការសិក្សា​បាន​រកឃើញថា ការ​ដែល​អាយុ​កាន់តែច្រើន អាច​នឹង​ធ្វើឲ្យ​ភ្នា​សស្រង់​រសជាតិ​របស់​អណ្តាត កាន់តែ​ថយចុះ​។ ការស្រាវជ្រាវ​រកឃើញ​ថា មនុស្ស​យើង​កើតមក មាន​ពន្លក​ស្រង់រ​ស​ជាតិប្រមាណ ១០ ០០០ ពន្លក តែ​ដល់​ពេល​រស់​បាន​ពាក់កណ្តាល​អាយុ​ហើយ ចំនួន​របស់​វា​ក៏​ថយ​ចុះ​ទៅ​វិញ​។

ចង្កោម​រោគសញ្ញា Sjogren’s Syndrome
នេះ​គឺជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ធ្វើការ​ខុស​ប្រក្រតី​មួយ​ប្រភេទ ដែល​អាច​សម្គាល់​ដឹង តាមរយៈ​ការ​ស្ងួត​មាត់ និង​ស្ងួត​ក្នុង​ភ្នែក​។ ជំងឺ​នេះ​ក៏​ជាប់ទាក់ទង នឹង​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ដែរ​។ យ៉ាងណាមិញ ចំពោះ​មូលហេតុ​របស់​វា ដែល​នាំ​ឲ្យ​ជំងឺ​នេះ បង្ក​ការបាត់បង់​ការ​ស្រង់​រសជាតិ​នោះ គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។

ខ្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
នេះ​គឺជា​ជំងឺ​ដែល​កើតមាន ជា​ញឹកញាប់​មួយ​ផង​ដែរ​។ ជាធម្មតា អ័រម៉ូន​របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត មាន​មុខងារ​សំខាន់​មួយ គឺ​គ្រប់គ្រង​ដល់​ការរំលាយ​អាហារ​ក្នុង​រាងកាយ​។ ការសិក្សា​រកឃើញថា ការ​ដែល​រស់នៅ​ជាមួយ​នឹង ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​យូរ ក៏​បណ្តាល​ឲ្យ​បាត់បង់​ការ​ស្រង់​រសជាតិ​ដែរ​។

ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​
តើ​អ្នក​ធ្លាប់​សម្គាល់​ដឹង​ទេ​ថា តើ​អ្នក​មិន​អាច​ស្រង់​រសជាតិ​អាហារ​បាន នៅពេល​មាន​ជំងឺ​ផ្តាសាយ​ដែរ​ទេ រលាក​ច្រមុះ រលាក​ទងសួត និង​រលាក​បំពង់​សំឡេង​ដែរ​ទេ​? ស្ថិត​ក្នុង​ករណី​បែប​នេះ ការបាត់បង់​ការ​ស្រង់​រសជាតិ អាច​នឹង​កើតឡើង​បណ្តោះអាសន្ន តែ​អា​ការៈនេះនឹង​ស្រួលបួល​មកវិញ​បន្តិច​ម្តងៗ​ទេ​។

ជំងឺ​អញ្ចាញធ្មេញ និង​សុខភាព​មាត់​ធ្មេញ​មិនល្អ​
ការ​រលាក និង​ការបង្ក​រោគ​ក្នុង​មាត់ អាច​បណ្តាល​ឲ្យ​បាត់បង់ ការ​ស្រង់​រសជាតិ​បាន ព្រោះតែ​មាន​បញ្ហា​មាត់​ធ្មេញ និង​ការខ្វះ​អនាម័យ​មាត់​ធ្មេញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។