ពលរដ្ឋវៀតណាមជាង៥០០០នាក់ចាកចេញពីកម្ពុជាព្រោះជីវភាពជួបការលំបាក

ពលរដ្ឋវៀតណាមជាង៥០០០នាក់ចាកចេញពីកម្ពុជាព្រោះជីវភាពជួបការលំបាក

ប្រជាពលរដ្ឋវៀតណាមដែលបានរស់នៅក្នុងប្រទេសកម្ពុជាពិសេសរស់នៅលើបឹងទន្លេសាបជាង៥០០០នាក់ បានសម្រេចចាកចេញពីកម្ពុជា ត្រលប់ទៅកាន់ប្រទេសកំណើតវិញ ក្រោមហេតុផលថាជីវភាពជួបការលំបាកនិងមិនបានទទួលសេវារបស់រដ្ឋគ្រប់គ្រាន់។

សារព័ត៌មាន Vietnam Net ចុះផ្សាយកាលពីម្សិលមិញថា ពលរដ្ឋវៀតណាមដែលចាកចេញពីកម្ពុជាទៅវៀតណាមទាំងនោះ ធ្វើដំណើរដោយទូកតាមផ្លូវទឹកក្នុងចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ។ បច្ចុប្បន្នពលរដ្ឋទាំងនោះកំពុងរស់នៅក្នុងបឹង Dau Tieng នៅក្នុងខេត្ត Tay Ninh, Long An, An Giang, Dong Thap, Dong Nai និងខេត្ត Kien Giang។

ពលរដ្ឋវៀតណាមដែលចាកចេញពីកម្ពុជាអះអាងថា ពួកគេរស់នៅកម្ពុជាច្រើនឆ្នាំតែមិនបានចូលសញ្ញាតិដោយសារនិយាយភាសាខ្មែរមិនច្បាស់ ខណៈទឹកទន្លេសាបថយចុះពិបាកនេសាទ កូនចៅមានជំងឺ និងមិនបានចូលសាលារៀន។ ពលរដ្ឋទាំងនោះភាគច្រើនមិនមានឯកសារផ្លូវច្បាប់ទេ ហើយក្នុងចំណោមពួកគេអាជ្ញាធរវៀតណាមទទួលស្គាល់តែ២០នាក់តែប៉ុណ្ណោះ ដែលមានឯកសារគ្រប់គ្រាន់។

ទន្ទឹមនឹងពលរដ្ឋវៀតណាមចាកចេញពីកម្ពុជានេះ រដ្ឋាភិបាលវៀតណាមក៏បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-វៀតណាម។

បុរសវ័យ៩០ឆ្នាំ លោក Tran Minh Dien ថ្លែងថាពួកគាត់ប្រើទូកជំនួសផ្ទះសម្រាប់រស់នៅនិងប្រើសម្រាប់នេសាទត្រីផងនៅក្នុងបឹងទន្លេសាប។ លោកនិយាយថា លោកប្រាថ្នាចង់ឲ្យរដ្ឋាភិបាលទទួលស្គាល់លោកជាពលរដ្ឋវៀតណាមមុនពេលដែលលោកស្លាប់។

ទោះយ៉ាងណាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ខែសីហាកន្លងទៅ គណៈកម្មាធិការភាគនិរតីបានជជែកពីគម្រោងរៀបចំចាំជួយដល់ពលរដ្ឋវៀតណាមរស់នៅកម្ពុជា។ ក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រៀមជួយដល់ពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសសកម្ពុជារួមមានរស់នៅបឹងទន្លេសាប នៅខេត្តកណ្តាល ខេត្តកំពង់ធំ  កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕

ប្រភព ៖ vodhotnews

  • ពលរដ្ឋវៀតណាមជាង៥០០០នាក់ចាកចេញពីកម្ពុជាព្រោះជីវភាពជួបការលំបាក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: