គ្រួសារលោកបណ្ឌិត កែម ឡី បានចាកចេញពីកម្ពុជាទៅដល់ប្រទេសទី២ដើម្បីរង់ចាំទៅប្រទេសទី៣

គ្រួសាររបស់លោកបណ្ឌិត កែម ឡី បានចាកចេញពីកម្ពុជាទៅប្រទេសទី២ហើយ ដើម្បីគេចពីការគំរាមសន្ដិសុខក្រោយលោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់ស្លាប់ទាំងកណ្ដាលថ្ងៃនៅហាងកាហ្វេស្ដារម៉ាតនៅកាច់ជ្រុងស្ដុបបូកគោក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

មកទល់ពេលនេះគេមិនទាន់ដឹងថា តើគ្រួសារដែលមានភរិយា និងកូនៗរបស់លោកនឹងទៅរស់នៅប្រទេសទីបីណាមួយនៅឡើយទេដែលព្រមទទួលពួកគេឲ្យទៅរស់នៅ ហើយក៏មិនទាន់មានការបញ្ចេញឲ្យដឹងព័ត៌មានណាមួយដែរដោយសារបារម្ភអំពីបញ្ហាសន្ដិសុខផ្ទាល់ខ្លួន។

តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកជាច្រើនឲ្យដឹងថា មិត្ដភក្ដិជំនិតនឹងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលបានប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា អ្នកស្រី ប៊ូ រចនា ដែលជាភរិយាកំពុងមានផ្ទៃពោះ និងកូនៗ៤នាក់បានចាកចេញពីកម្ពុជាកាលពីថ្ងៃអាទិត្យទី២៨សីហា។

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយជាច្រើនយល់ឃើញថា មរណភាពរបស់សកម្មជន និងអ្នកវិភាគដ៏ល្បីលោកបណ្ឌិត កែម ឡី គឺស្លាប់ដោយសាររឿងនយោបាយ មិនមែនដូចការអះអាងពីឃាតករហៅខ្លួនឯងថា ជួប សម្លាប់ ដែលបាននិយាយថាលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់៣ពាន់ដុល្លារនោះទេ។

មកទល់ពេលនេះ បណ្ដាជនជាច្រើនបានហៅឲ្យមានការបញ្ចេញខ្សែអាត់វីដេអូពីកាមេរ៉ាសន្ដិសុខនៅហាងសាំង Star Mart។ ថ្មីៗនេះមានភស្ដុតាងរូបថតថ្មីៗដែលគេដាក់លើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញថាលោកបណ្ឌិត កែម ឡី បានស្លាប់អង្គុយកៅអី មិនមែនដេកដួលដូចរូបថតមួយចំនួនដែលគេបានផ្សាយនោះទេ។

អស់ពេលជាង៥០ថ្ងៃមកហើយ គេមិនទាន់ឃើញអាជ្ញាធរបញ្ចេញភស្ដុតាងថ្មីណាមួយជុំវិញការវិវឌ្ឍនៃការស៊ើបអង្កេតករណីឃាតកម្មនេះទេ ដោយធ្វើឲ្យបណ្ដាជនជាច្រើនយល់ឃើញថា ករណីរបស់លោក កែម ឡី ទំនងជានឹងដូចគ្នានឹងករណីឃាតកម្មសកម្មជនល្បីៗរបស់ខ្មែរមួយចំនួនទៀតដូចជាលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោក ជា វិជ្ជា សកម្មជនការពារកម្មករ ដែលគេមិនអាចរកឃាតករពិតប្រាកដ ឬអ្នកនៅពីក្រោយឃាតកម្មទាំងនោះ។

ឃាតកម្មលោក កែម ឡី កើតឡើងក្រោយពេលលោកបានផ្ដល់បទសម្ភាសន៍តាមវិទ្យុអន្ដរជាតិផ្សាយជាភាសាខ្មែរអំពីរបាយការណ៍របស់អង្គការ Global Witness ដែលបានរាយការណ៍លម្អិតអំពីការមានទ្រព្យសម្បត្ដិយ៉ាងស្ដុកស្ដមរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រុមគ្រួសារលោក។

ក្រោយករណីឃាតកម្មបណ្ឌិត កែម ឡី លោកនាយករដ្ឋមន្ដ្រីកម្ពុជាបានចេញបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យច្បាស់លាស់ ហើយទទូចកុំឲ្យបណ្ដាជនលាបពណ៌គ្នាយករឿងនេះធ្វើជារឿងចំណេញនយោបាយ៕

ប្រភព៖ radioaustralia


Related Posts