​ជម្លោះព្រះសង្ឃនៅវត្តមួយក្នុងទីរួមខេត្តសៀមរាបឈានដល់បណ្តេញភិក្ខុ១អង្គឲ្យចេញពីវត្ត

ជម្លោះរវាងភិក្ខុ១អង្គ ប្រឆាំងនឹងគ្រូចៅអធិការដែលឡើងកាន់តំណែងថ្មីនៅវត្តព្រះឥន្ទកោសីយ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឈានដល់កម្រិតតឹងតែង ដោយគ្មានភាគីណាអាចរំលត់បានទេ។ ជម្លោះនោះបានកើតឡើងជាច្រើនខែមកហើយ ដោយសារតែភិក្ខុ១អង្គ ពូកែខាងកសាងទីវត្តមិនសុខចិត្តឱ្យគ្រូសូត្រស្ដាំឡើងធ្វើជាចៅអធិការថ្មីទេ បន្ទាប់ពីចៅអធិការមុន និងជាព្រះមេគណខេត្តសៀមរាប ផង បានអនិច្ចធម្មទៅ។

ភិក្ខុ និងសាមណេរជាង ៧០អង្គ នៅវត្តព្រះឥន្ទកោសីយ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានដាច់ចង្ហាន់ថ្ងៃត្រង់គ្រប់អង្គ នៅថ្ងៃទី៣១ ខែសីហា ដោយសារតែជម្លោះតឹងតែងរវាងភិក្ខុ១អង្គ ប្រឆាំងមិនទទួលស្គាល់ព្រះគ្រូចៅអធិការវត្តដែលទើបតែឡើងកាន់តំណែងថ្មី។ ក្នុងទីវត្តចាប់តាំងតែពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ព្រះភិក្ខុជាច្រើនអង្គ រួមទាំងសាមណេរ បានប្រមូលផ្ដុំគ្នា ដោយនិមន្តភិក្ខុព្រះនាម អ៊ុន សម្ផស្ស ដែលមានទំនាស់មកជួបប្រជុំដោះស្រាយជម្លោះ ក៏ប៉ុន្តែព្រះភិក្ខុ អ៊ុន សម្ផស្ស បានប្រកែករហូតដល់ក្រុមព្រះសង្ឃនាំគ្នាសែងព្រះភិក្ខុអង្គនោះចូលទៅកាន់សាលាឆាន់ ដែលមន្ត្រីសង្ឃកំពុងតែរង់ចាំដោយបង្ខំ ហើយបិទទ្វារចាក់សោជិតក្នុងពេលជួបពិភាក្សា។

ភិក្ខុ អ៊ុន សម្ផស្ស គឺជាព្រះសង្ឃ១អង្គដែលពុទ្ធបរិស័ទខ្លះទទួលស្គាល់ថា ជាអ្នកដែលពូកែកសាងសមិទ្ធផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍។ ព្រះអង្គមានព្រះថេរដីកាថា វាមិនយុត្តិធម៌ចំពោះព្រះអង្គទេ ដែលមន្ត្រីសង្ឃបានតែងតាំងព្រះគ្រូសូត្រស្ដាំដែលនិមន្តចោលវត្តជាង ១០ឆ្នាំ ឱ្យធ្វើជាព្រះចៅអធិការវត្ត ជំនួសព្រះចៅអធិការមុនដែលអនិច្ចធម្មនោះ៖ «បើយើងគិតទៅតាមច្បាប់គឺព្រះចៅអធិការក៏ដោយ គ្រូសូត្រឆ្វេង ស្ដាំក៏ដោយ តែចាកចេញចោលវត្តដោយអត់ច្បាប់ គឺវាដាច់ដោយស្វ័យប្រវត្តិនូវតំណែងចៅអធិការ»។

ក៏ប៉ុន្តែការលើកឡើងរបស់ភិក្ខុ អ៊ុន សម្ផស្ស ធ្វើឱ្យភិក្ខុ និងសាមណេរចំនួន ៦៩អង្គ ដែលគង់នៅក្នុងវត្តនោះមិនគាំទ្រឡើយ។ ផ្ទុយទៅវិញភិក្ខុ និងសាមណេរភាគច្រើនបានគាំទ្រព្រះគ្រូចៅអធិការថ្មី ព្រមទាំងរិះគន់ថា ព្រះភិក្ខុ អ៊ុន សម្ផស្ស ទើបតែសាងផ្នួសជាភិក្ខុ ហើយទើបតែបាននិមន្តមកគង់នៅវត្តព្រះឥន្ទកោសីយ៍ រយៈពេល ១ឆ្នាំកន្លះប៉ុណ្ណោះ បែរជាចង់ធ្វើជាចៅអធិការវត្ត។

ភិក្ខុខ្លះបានអានប្រវត្តិរបស់ភិក្ខុ អ៊ុន សម្ផស្ស ថាជាអ្នកបួសមានប្រវត្តិមិនច្បាស់លាស់ដោយផ្លាស់ប្ដូរពីវត្តរាជបូព៌ ទៅវត្តព្រះឥន្ទកោសីយ៍ ហើយបង្កបញ្ហាមិនចេះចប់មិនចេះហើយ ដូចជាបង្កើតពិធីបុណ្យផ្សេងៗ ដើម្បីប្រមូលបច្ច័យទុកផលប្រយោជន៍ផ្ទាល់ខ្លួន និងប្ដឹងចោទប្រកាន់ព្រះសង្ឃនៅក្នុងវត្តខ្លួនឯងខ្លះថា មានជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំងជាដើម។

ទោះជាយ៉ាងណាព្រះភិក្ខុ អ៊ុន សម្ផស្ស មិនបានឆ្លើយការពារខ្លួនក្នុងពេលដែលក្រុមព្រះសង្ឃជាច្រើនចោមរោមរិះគន់នោះទេ។

ចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដែលទើបតែឡើងកាន់តំណែងថ្មី ភិក្ខុ ច័ន្ទ សុវណ្ណ មានព្រះថេរដីកាថា ព្រះអង្គបានគង់នៅវត្តព្រះឥន្ទកោសីយ៍ តាំងតែពីអំឡុងឆ្នាំ១៩៩២ ហើយឆ្នាំ១៩៩៤ គឺព្រះអង្គបានធ្វើជាព្រះគ្រូសូត្រស្ដាំនៅក្នុងវត្តនេះរហូតមក។ ចាប់ពីឆ្នាំ២០០៤ ព្រះអង្គត្រូវបានខ្មែរនៅក្រៅប្រទេសនិមន្តទៅប្រទេសស្វីស ប្រទេសបារាំង អង់គ្លេស រហូតដល់សហរដ្ឋអាមេរិក ដើម្បីជួយបង្រៀនភាសាខ្មែរ និងកសាងវត្តព្រះពុទ្ធសាសនា ដោយព្រះអង្គបានសុំអនុញ្ញាតពីព្រះគ្រូចៅអធិការព្រះនាម ពេជ្រ សន ត្រឹមត្រូវ។ ក្នុងការគង់នៅបរទេសនោះ គឺព្រះអង្គតែងចេញចូលមកវត្តព្រះឥន្ទកោសីយ៍ ជាញឹកញាប់ ដោយចាត់ទុកជាគ្រួសារ ព្រមទាំងប្រមូលយកបច្ច័យមកកសាងសមិទ្ធផលជាច្រើនផង។

ភិក្ខុច័ន្ទ សុវណ្ណ បញ្ជាក់ថា ក្នុងនាមព្រះអង្គជាគ្រូសូត្រស្ដាំ នៅពេលព្រះគ្រូចៅអធិការអនិច្ចធម្មទៅ គឺព្រះអង្គត្រូវតែនិមន្តចូលមកវត្តវិញ ដើម្បីគ្រប់គ្រងបន្ត៖ «នេះគ្រាន់តែលោកមិនពេញចិត្ត ដោយលោកចង់បានតំណែងខ្លួនឯង គឺអាត្មាមិនដឹងទេ ពីព្រោះអាត្មាមកធ្វើជាចៅអធិការថ្មី ដោយសារមានការទទូចពីពុទ្ធបរិស័ទ»។

ភិក្ខុនិងសាមណេរចំនួន ៦៩អង្គ នៅវត្តព្រះឥន្ទកោសីយ៍ បានផ្ដិតមេដៃព្រមព្រៀងគ្នាត្រូវតែបណ្ដេញភិក្ខុ អ៊ុន សម្ផស្ស ចេញពីទីវត្ត និងលក្ខន្តិកៈម្យ៉ាងទៀត បើភិក្ខុអង្គនេះមិនព្រមនិមន្តចាកចេញទេ គឺត្រូវផ្សឹកពីព្រះសង្ឃឱ្យត្រឡប់ទៅជាមនុស្សធម្មតាវិញ។ នៅខាងក្រៅបន្ទប់ប្រជុំ ក្រុមបរិស័ទមួយចំនួនដែលគាំទ្រ ភិក្ខុ អ៊ុន សម្ផស្ស បានស្រែកប្រឆាំងនឹងមតិរបស់ព្រះសង្ឃភាគច្រើនដែលមានបំណងបណ្ដេញនិងផ្សឹកព្រះភិក្ខុអង្គនោះ៖ «សំឡេងស្រែក»។

ទីបំផុតភិក្ខុ អ៊ុន សម្ផស្ស ដែលមានតែ១អង្គឯងក៏សុខចិត្តធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីសង្ឃជាច្រើនថា នឹងចាកចេញពីវត្ត ប៉ុន្តែសូមឱ្យទុកពេល ៧ថ្ងៃ ដើម្បីស្វែងរកវត្តថ្មីស្នាក់នៅ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប លោក វណ្ណ ប៊ុណ្ណា មានប្រសាសន៍ថា មន្ទីរមិនមានចំណាត់ការលើទំនាស់ព្រះសង្ឃនោះទេ គឺជាកិច្ចការរបស់សភាសង្ឃ ហើយបើភិក្ខុ អ៊ុន សម្ផស្ស យល់ព្រមចាកចេញពីវត្តទៅហើយនោះ គឺវាអាចនឹងបញ្ចប់បញ្ហាទំនាស់៕

ប្រភព៖ RFA


Related Posts