​ CNRP ថានឹងឲ្យអ្នកគាំទ្រទៅចុះឈ្មោះនៅស្រុកកំណើត

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិនឹងធ្វើយុទ្ធនាការឲ្យអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនដើម្បីចៀសវាងការ «ខាតបង់» សន្លឹកឆ្នោតនៅតំបន់ដែលមានសំឡេងគណបក្សសង្គ្រោះជាតិច្រើនរួចទៅហើយ។

ខណៈនៅសល់តែ ១ ថ្ងៃទៀតនឹងឈានដល់ការចាប់ផ្តើមយុទ្ធនាការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសនោះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង កាលពីថ្ងៃចន្ទបានប្រាប់ទៅវេទិកាសាធារណៈមួយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថាគណបក្សនឹងជជែកជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងការងារឲ្យចាត់វិធានការជួយកម្មករឲ្យត្រឡប់ទៅខេត្តកំណើតពួកគេវិញដើម្បីចុះឈ្មោះនៅក្នុងប្រព័ន្ធបោះឆ្នោតឌីជីថលថ្មីរបស់កម្ពុជា។

លោក ឆៃអ៊ាង បានបន្តថាយុទ្ធនាការនេះរួមមានទាំងការជំរុញឲ្យ គ.ជ.ប ធ្វើការក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនៅខែតុលាជាពេលកម្មករត្រឡប់ទៅស្រុកកំណើត និងសុំឲ្យក្រសួងការងារអនុញ្ញាតឲ្យពួកគេទទួលបាន «ការឈប់សម្រាកពិសេស» ដើម្បីចុះឈ្មោះបោះឆ្នោត។

តំណាងរាស្រ្តរូបនេះបានបន្តថាប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា នឹងផ្ញើសារទៅកម្មករផងដែរដើម្បីជំរុញពួកគេឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ លោក ឆៃអ៊ាង បានអះអាងថាយុទ្ធនាការនេះគឺត្រូវបានស្នើសុំឡើងដោយសមាជិកបក្ស។

លោក ឆៃអ៊ាង បានបន្តថា៖ «បងប្អូនរបស់យើងចង់ឲ្យកម្មករនិយោជិតទំាងឡាយដែលធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទៅបោះឆ្នោតនៅមូលដ្ឋានហើយគណបក្សរបស់យើងនឹងជួយលើបញ្ហានេះ»។

តាមច្បាប់បោះឆ្នោតថ្មីដែលអនុម័តដោយមានការគាំទ្រពីគណបក្សទំាងពីរក្នុងឆ្នាំ ២០១៥ អ្នកបោះឆ្នោតត្រូវបានផ្តល់ឲ្យនូវជម្រើសថាតើត្រូវបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនឬនៅកន្លែងដែលពួកគេកំពុងរស់នៅបណ្តោះអាសន្ន?

ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថាកម្មករវ័យក្មេងជាច្រើនដែលគាំទ្រគណបក្សសង្គ្រោះជាតិជាពិសេសនៅក្នុងវិស័យកាត់ដេរនៅកម្ពុជាដែលមានកម្មករប្រមាណ ៦០ ម៉ឺននាក់អាចនឹងបោះឆ្នោតក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដូចជានៅភ្នំពេញ និងខេត្តកំពង់ចាម។

មណ្ឌលទាំងពីរនេះគឺមានអ្នកគាំទ្រគណបក្សប្រឆាំងខ្លាំងរួចទៅហើយ ហើយនៅពេលមានកម្មករចំណាកស្រុកតិចជាងមុនបោះឆ្នោតនៅតាមខេត្តគណបក្សប្រជាជនកម្ពុជាអាចនឹងមានឱកាសប្រសើរជាងមុនក្នុងការបន្តការឈ្នះ។ នេះបើតាមអ្នកវិភាគបានលើកឡើង។

លោក ឡុង បូតា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តបាត់ដំបងបានថ្លែងថាគណបក្សចង់ចៀសពីស្ថានភាពបែបនេះ។

លោក បូតា បានអំពាវនាវថា៖ «កុំធ្វើឲ្យខាតសន្លឹកឆ្នោតរបស់អ្នកនៅទីក្រុង»។ «ចំនួនអាសនៈគឺមានចំនួនតឹងរ៉ឹងនៅក្នុងទីក្រុង និងខេត្តនីមួយៗប្រសិនបើអ្នកគាំទ្រជាច្រើនរស់នៅក្នុងទីក្រុងជាកន្លែងដែលពួកគេធ្វើការហើយពួកគេបោះឆ្នោតនៅទីនោះនោះនឹងធ្វើឲ្យខាតសំឡេងឆ្នោតរបស់ខ្លួន»។

ឆ្លើយតបពីថ្ងៃចន្ទអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងថាគណៈកម្មាធិការមិនទាន់សម្រេចចុងក្រោយនៅឡើយទេអំពីថាតើក្រុមចុះឈ្មោះបោះឆ្នោតនឹងធ្វើការនៅថ្ងៃភ្ជុំឬអត់? អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

កាលពីរសៀលថ្ងៃចន្ទនៅផ្លូវវេងស្រេងដែលជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់មួយក្នុងរាជធានីភ្នំពេញកម្មករកាត់ដេរមួយចំនួនមិនបានដឹងពីយុទ្ធនាការចុះឈ្មោះនេះទេ។

អ្នកនាង កុល រដ្ឋា អាយុ ២៦ ឆ្នាំបានថ្លែងថាអ្នកនាងគិតថាការចុះឈ្មោះកាលពីពេលមុនរបស់អ្នកនាងគឺនៅមានសុពលភាព។ នៅពេលប្រាប់ថាអ្នកនាងនឹងត្រូវទៅចុះឈ្មោះឡើងវិញអ្នកនាងបានថ្លែងថាអ្នកនាងនឹងទំនងជាធ្វើដំណើរទៅស្រុកកំណើតរបស់នាងនៅក្នុងខេត្តស្វាយរៀង។

អ្នកនាងបានបន្តថា៖ «ខ្ញុំអត់ដឹងកន្លែងណាទេនៅទីនេះ»។

ចំពោះអ្នកដទៃៗដូចជាអ្នកនាង ទឹម ដានី ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនៅខេត្តតាកែវបានថ្លែងថាការសម្រេចនេះគឺអាស្រ័យលើនិយោជករបស់អ្នកនាង។

អ្នកនាងបានថ្លែងបន្តថា៖ «ខ្ញុំប្រហែលជាបោះឆ្នោតនៅទីនេះពីព្រោះខេត្តខ្ញុំនៅឆ្ងាយ»។ «ខ្ញុំចង់ទៅខេត្តប៉ុន្តែវាអាស្រ័យថាតើរោងចក្រអនុញ្ញាតឲ្យខ្ញុំទៅឬក៏អត់?»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts