អស់ទាស់! ​ជិត​30​ឆ្នាំទើប​ចាប់​បាន​ឃាតករ​រំលោភ​ និងសម្លាប់នារីៗ

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​គួ ឈី​ង​យ៉ុ​ង ដែល​បាន​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​ចំនួន​១១​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ត្រូវ​ចាប់ខ្លួន​បាន​ក្រោយ​ពី​តាម​រក​អស់​រយៈពេល​ជិត​៣០​ឆ្នាំ ។

ក្រសួង​សន្តិសុខ​របស់​ចិន​ឱ្យ​ដឹង​ថា គួ ឈី​ង​យ៉ុ​ង មាន​អាយុ​៥២​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ សីហា ២០១៦ នៅ​ហាង​លក់​បន្លែ​របស់​គេ​ក្នុង​ទីក្រុង​ប៉ាយ​អុ​ី​ន ខេត្ត​គាន់​ស៊ូ ។ ជន​នោះ​បាន​សារភាព​ថា គេ​បាន​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​១១​នាក់ ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​២០០២ ។  គួ ឈី​ង​យ៉ុ​ង កំណត់​គោលដៅ​លើ​នារី​ស្លៀកពាក់​ឈុត​ពណ៌​ក្រហម ដោយ​តាម​ទៅ​ដល់​ផ្ទះ​របស់​នាង​ក៏​ចាប់រំលោភ និង​សម្លាប់​ដោយ​អារ​.​ក ។ អ្នក​រង​គ្រោះ​អាយុ​តិច​បំផុត​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​១១​នាក់ គឺ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ។

កាលពី​ខែធ្នូ​២០០៤ ប៉ូលិស​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ស្ត្រី​ទាំង​១១​នាក់​នោះ​គឺជា​ស្នាដៃ​របស់​ឃាតករ​តែ​មួយ តាម​រយៈ​ការ​ពិនិត្យ​មើល​ស្នាម​ម្រាមដៃ និង​ម្រាមជើង ។ ឃាតករ​មាន​អាយុ​ចន្លោះ​ពី​៣៣​ដល់​៤០​ឆ្នាំ ជា​ជន​មាន​វិបត្តិ​ផ្លូវចិត្ត និង​ស្អប់​ស្ត្រីភេទ មិន​ចុះសម្រុង​ក្នុង​សង្គម ប៉ុន្តែ​មាន​ភាព​អត់ធ្មត់ ។ ប៉ូលិស​បាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​ជន​ណា​ដែល​អាច​នាំ​ទៅ​ចាប់​ជនល្មើស​បាន​ក្នុង​ទឹកប្រាក់​៣០.០០០​ដុល្លារ ។

នៅ​ខែមីនា ឆ្នាំ​២០១៦ ប៉ូលិស​រក​ឃើញ​ភិនភាគ​របស់​គួ ឈី​ង​យ៉ុ​ង ក្រោយ​ពី​អ៊ុំ​ប្រុស​របស់​គេ​ត្រូវ​ចាប់ខ្លួន​ក្នុង​រឿង​ក្តី​តូច​មួ​ួ​យ ។ តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ DNA ប៉ូលិស​មាន​តម្រុយ​ថា​បុរស​នោះ និង​ឃាតករ​សម្លាប់​ស្ត្រី​ជា​ច្រើន​នាក់ ដែល​តាម​រក​អស់​រយៈពេល​២៨​ឆ្នាំ​នោះ គឺជា​បងប្អូន​នឹង​គ្នា ។ ដូច្នេះ​ហើយ​ទើប​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនល្មើស​បាន ៕