អ្វីទៅជា​ ពុទ្ធំ​-​ធម្មំ​-​សង្ឃំ​ សរណំ​ គច្ឆាមិ​?​

តើ​អ្នក​គឺជា​ពុទ្ធបរិស័ទ​ ឬ​ពុទ្ធសាសនិក​ ឬមិនមែនទេ​? ​តើអ្នក​គឺជា​បុគ្គល​ដែល​ឯកភាព​ និង​ព្រម​បដិបត្តិ​តាម​គន្លង​នៃការ​រកឃើញ​ដល់​កម្រិតកំពូល​ ឬ​បរមត្ថ​វិជ្ជា​ដោយ​ព្រះសម្មាសម្ពុទ្ធ​ដើម្បី​ចម្លង​ ឬរំដោះ​ខ្លួន​ឱ្យ​រួចចាក​ផុតពី​ភាព​សៅហ្មង​ គឺ​កិលេស​មែន​ដែរឬទេ​ ? ​ឬក៏​តើអ្នក​គឺជា​បុគ្គល​ដែល​ចូលចិត្ត​ប្រើ​ជំនឿ​លើ​ព្រះសម្មា​សម្ពុទ្ធ​ប៉ុន្តែ​ មិន​សូវ​ជាបដិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​គន្លង​របស់​ទ្រង់​មែន​ដែរទេ​?​ បើមែន​ តើពុទ្ធំ​ សរណំ​ គច្ឆាមិ ​ធម្មំសរណំ ​គច្ឆាមិ​ សង្ឃំ​ សរណំ ​គច្ឆាមិ ​មានន័យថា​យ៉ាងដូចម្ដេច​ និងចង់​សម្ដៅ​ទៅលើអ្វី ​?​
វាពុំមែន​ជារឿង​ធម្មតាទេ​ ដែលបុគ្គល​ម្នាក់តែងតែ​ប្រកាស​ប្រាប់គេ​ឯងថា ​ខ្លួនគាត់​គឺជា​អ្នកពុទ្ធនិយម​ ជឿលើ​ព្រះពុទ្ធ​ គោរពព្រះពុទ្ធ​ និងតែងតែ​ទិញណេះ​ទិញណោះ​ធ្វើសំណែន​ និងអុជធូប ​អុជ​ទៀន​ដល់ព្រះពុទ្ធ​បដិមា​ជារៀងរាល់ថ្ងៃសីល​ មើលទៅ​គួរឱ្យ​ជ្រះថ្លា​ក្នុងមួយ​ខណៈ​នោះណាស់ ​ប៉ុន្តែ​ធាតុពិត​គាត់​មិនយល់​ទាល់តែសោះ​ថា ​​តើអ្វីគឺជា​៖ ​“ពុទ្ធំ ​សរណំ ​គច្ឆាមិ,​ ធម្មំសរណំ ​គច្ឆាមិ, ​សង្ឃំ ​សរណំ ​គច្ឆាមិ​” ។​ ក៏មាន​មនុស្ស​មួយចំនួន​ទៀត ​ចេះតែ​សូត្រ​តាមថា​​៖ “ពុទ្ធំ​ សរណំ​ គច្ឆាមិ,​ ធម្មំសរណំ​ គច្ឆាមិ, ​សង្ឃំ​ សរណំ ​គច្ឆាមិ​”ៗ​ៗ​ៗ​ ប៉ុន្តែ​គេមិន​ដែល​បដិបត្តិ​ជីវិត​របស់​គេឱ្យ​បានល្អ​ប្រសើរ​តាមអ្វី​ដែល​គេបាន​នោះសូត្រ​ទាល់តែសោះ​ ។​ ​
“ពុទ្ធំ​ សរណំ ​គច្ឆាមិ​, ធម្មំសរណំ ​គច្ឆាមិ​, សង្ឃំ ​សរណំ ​គច្ឆាមិ​” គឺមាន​ន័យថា​​ជាការ​រំលឹក​ដាស់តឿន​ខ្លួនឯង​ជានិច្ច​ជាកាល​ថាត្រូវ​យកព្រះពុទ្ធ​ ព្រះធម៌​ និងព្រះសង្ឃ​ជាទីរលឹក​ ។ ​តើត្រឹម​តែសូត្រ​ធម៌បី​ឃ្លា​នេះ៣ចប់​ ១ថ្ងៃ២ដង​ ព្រឹកម្ដង ​ល្ថាចម្ដង​ ហើយបែរ​ជាទៅផឹកស្រា​ លេងល្បែង ​ចាក់កន្ទុយលេខ​ ប្រព្រឹត្ត​អំពើពុករលួយ​ កឹបកេង​ប្រវញ្ច័លួ​ច​ឆក់ប្លន់​ទ្រព្យ​របស់​អ្នកដទៃ ​កាប់​បំផ្លាញ​ព្រៃឈើ​ដែលជា​ជម្រក​របស់​សត្វ​ម្រឹគ​ លួចប្ដី​-ប្រពន្ធ-​កូនរបស់គេ​ និងវាយ​ធ្វើបាប​ ធ្វើទុក្ខបុក​ម្នេញ​ ឬ​សម្លាប់​ជីវិត​របស់អ្នក​ដទៃ​ជាដើម​ ហៅថា​ការយក​ព្រះពុទ្ធ ​ព្រះធម៌ ​និងព្រះសង្ឃ​ជាទីរ​លឹក​ដែរឬទេ​? ​នេះគឺជា​រឿង​ដ៏​ផ្ដេសផ្ដាស​ និងល្ងង់​ខ្លៅ​បំផុត​ ។​
ព្រះពុទ្ធ​ទ្រង់​មិនចង់​ឃើញ​អ្នកដែល​ប្រកាសថា​៖​ យកព្រះពុទ្ធ ​ព្រះធម៌ ​និងព្រះសង្ឃ​ជាទី​រលឹក​ត្រឹមតែ​មាត់​ប៉ុន្នោះទេ​ ប៉ុន្តែ​ព្រះអង្គ​ចង់ឃើញ​សាវ័ក​ទាំងឡាយ​របស់​ព្រះអង្គ​ចេះយក​មេរៀន ​(ព្រះធម៌)​ ដែល​ទ្រង់​បាន​ព្យាយាម​ស្វែង​រកមក​យ៉ាងលំបាក​លំបិន ​ទាំងមិន​ដែល​ត្អូញត្អែរ​សូម្បី​តែបន្តិច​នោះ​ យកមក​ប្រតិបត្តិ​ជីវិត​របស់​ខ្លួនឯង​ និង​ជួយ​អ្នកដទៃ​ដែល​នៅជុំវិញ​ខ្លួនឱ្យ​ចេះរំដោះ​ខ្លួន​ឱ្យរួចចាក​ផុត​ពីសេចក្ដី​ល្ងង់ខ្លៅ​ សេចក្ដី​លោភលន់​ កំហឹង​ សេចក្ដី​ប្រមាថ​លើជីវិត​ខ្លួនឯង​ អ្នកដទៃ ​និងសង្គម ​និងការ​ប្រព្រឹត្ត​​អំពើ​ពាលា​ទាំងឡាយ​ជាដើម ​។ ​ប្រសិន​បើអ្នក​ចេះ​ជួយ​​ខ្លួនឯង​ឱ្យសង្រួម​ចិត្ត​ តម្កល់​ចិត្ត​ឱ្យចាក​ឆ្ងាយ​ពីធាតុ​អវិជ្ជាមាន​៖ ​លោភៈ ​ទោសៈ​ និងមោហៈ​ទាំងនេះ​បានយ៉ាងល្អ​ប្រសើរ​តាមរយៈ​ការធ្វើ​វិបស្សនា​កម្មដ្ឋាន​ នោះអ្នក​ក៏មាន​ឈ្មោះ​ថាជាបុគ្គល​ដែល​យក​ព្រះពុទ្ធ ​ព្រះធម៌ ​និងព្រះសង្ឃ​ជាទីរ​លឹក​ដ៏ប្រសើរ​ដូច្នោះដែរ​ ។​

អ្វីទៅជា​ ពុទ្ធំ​-​ធម្មំ​-​សង្ឃំ​ សរណំ​ គច្ឆាមិ​?​អ្វីទៅជា​ ពុទ្ធំ​-​ធម្មំ​-​សង្ឃំ​ សរណំ​ គច្ឆាមិ​?​

ដោយ៖ ឈូកស
Cool FM 100.7 Phnom Penh