លោក Duterte ថា​លោក​ចង់​ជួប​លោក Putin ជាង​មេដឹកនាំ​ពិភពលោក​ផ្សេងៗ​ទៀត​ និពន្ធដោយ : ថ្មីៗ       September-01-2016, 9:13 am         1024

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ថា​លោក​ចង់​ជួប​លោក Putin ជាង​មេដឹកនាំ​ពិភពលោក​ផ្សេងៗ​ទៀត​«​យើង​មាន​លក្ខណៈ​ស្រដៀង​គ្នា​»​។ នេះ​គឺជា​ការអះអាង​របស់លោក​ប្រធានាធិបតី Rodrigo Duterte នៅពេលដែល​អ្នកសារព័ត៌មាន​សួរថា​ហេតុអ្វី​បានជា​លោក រំភើប​នៅពេល​ក្នុងពេលដែល​លោក​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladímir Putin នា​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​លើក​ទី​២៨ និង​២៩​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Rappler នៅ​ថ្ងៃទី​៣១ ខែសីហា​។

​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៅក្នុង​តំបន់ នឹង​ជួបជុំគ្នា​នាឱកាស​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ដើម្បី​ជជែក​ពី​បញ្ហា​រួម ដំណោះស្រាយ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ផ្សេងៗ​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​ខាងមុខ​ដ៏​ខ្លី​នេះ​នៅក្នុង​ក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ​។ លោក​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ទើបតែ​កាន់តំណែង​ថ្មីថ្មោង Rodrigo Duterte ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដែល​វា ក៏​នឹង​ក្លាយ​ការចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​លើកដំបូង​សម្រាប់​លោក​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន​ផងដែរ​។

​ឆ្លៀតឱកាស​នេះ លោក Duterte ដែល​គេ​ហៅ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ក៏​ត្រូវបាន​រំពឹងថា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក Barack Obama នាយក​រដ្ឋ​ម​មន្ត្រី​ឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe, នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladímir Putin​។

​អ្វី​គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី Rodrigo បាន​អះអាងថា ក្នុងចំណោម​ជំនួប​ជាមួយនឹង​មេដឹកនាំ​កំពូល​នាពេល​ខាងមុខនេះ លោក ចង់​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir ជាងគេ ដោយ​លោក បញ្ជាក់ថា «​លោក ចូលចិត្ត លោក Puntin ព្រោះ លោក និង​លោក Putin មាន​លក្ខណៈសម្បត្តិ​ស្រដៀង​គ្នា​»​។

​សូម​ជម្រាប​ផងដែរ​ថា លោក Rodrigo Duterte បាន​ឡើងកាន់តំណែង​ជា​ប្រ​ធានា​ធីប​តី​ទី​១៦​របស់​ហ្វីលីពីន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ បន្ទាប់ពី​រូបលោក ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​លើសលប់​នៅក្នុង​ការបោះឆ្នោត​សកល​ហ្វីលីពីន​នៅ​ថ្ងៃទី​០៩ ខែឧសភា​។ លោក​ប្រធានាធិបតី​រូបនេះ ត្រូវបាន​ប្រជាជន​ហ្វីលីពីន​គាំទ្រ​ខ្លាំង និង​ចាត់ទុកថា​ជា​«​បុរស​ខ្លាំង​» ដោយ​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ដ្បិត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​របស់​រូបលោក ក្នុងការ​លុបបំបាត់​ប​ញ្ហា​ក្នុងស្រុក​។ ជាក់ស្តែង​នោះ គឺជា​បទល្មើស និង​បញ្ហា​គ្រឿងញៀន​។​
 
​ដោយឡែក​សម្រាប់​កិច្ចការ​ក្រៅ​ស្រុក ឬ​កិច្ចការបរទេស គេ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​លោក បាន​នៅឡើយ​នោះទេ ដ្បិត​គិត​ចាប់តាំងពី​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​រយៈពេល​ជិត​ពីរ​ខែ​មកនេះ លោក Rodrigo Duterte មិនទាន់បាន​ចេញដំណើ​រ​ទស្សនកិច្ច​ក្រៅប្រទេស​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ផ្សេងៗ​នៅឡើយ​។ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ បាន​អវត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ម្តង​រួចទៅហើយ ដោយ​លោក បាន​ប្រតិភូកម្ម​អំណាច​ឲ្យ​លោក​រដ្ឋមន្ត្រីការបរទេស​ចូលរួម​ជំនួស​។ កិច្ចប្រជុំ​នោះ គឺជា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​រដ្ឋធានី​អ៊ូ​ឡង់ បា​ទ័​រ នៃ​ប្រទេស​ម៉ុង​ហ្គោ​លីកា​លពី​ខែកក្កដា​កន្លងទៅ​៕