ស្ត្រីប្រធានាធិបតីប្រេស៊ីល ត្រូវបានទម្លាក់ពីតំណែងជាផ្លូវការ

អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) នៅពេលនេះបានក្លាយជា អតីតប្រធានាធិបតី នៃប្រទេសប្រេស៊ីល ជា​ស្ថាពរ​ហើយ។ បន្ទាប់ពីរដ្ឋសភា នៅថ្ងៃពុធនេះ ព្រឹទ្ធសភានៃប្រទេស ក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ បាន​សម្រេច​បោះឆ្នោត​ទម្លាក់អ្នកស្រី ចេញពីតំណែង ដោយសម្លេង៦១ទល់នឹង២០។
ស្ត្រីប្រធានាធិបតីប្រេស៊ីល ត្រូវបានទម្លាក់ពីតំណែងជាផ្លូវការ

អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ ដែលត្រូវបានទម្លាក់ចេញ ពីតំណែងជាប្រធានាធិបតីប្រេស៊ីល។ (រូបថត Getty)

អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) អាយុ៦៨ឆ្នាំ ត្រូវបានទម្លាក់ពីតំណែង ជាប្រធានាធិបតីនៃ​ប្រទេស​ប្រេស៊ីល ជាស្ថាពរហើយ នៅថ្ងៃពុធម្សិលម៉ិញ ដោយសម្លេងច្រើនជាង២ភាគ៣ នៃព្រឹទ្ធសភាជាតិ ដែលជា​ស្ថាប័ន​ចុងក្រោយ សម្រាប់នីតិវិធីទម្លាក់ប្រធានាធិបតី ដ៏ចម្រូងចម្រាស់ របស់ប្រទេស ​ដែលស្ថិតក្នុង​ទ្វីប​អាមេរិក​​ខាង​​ត្បូង​មួយនេះ។ ការទម្លាក់អ្នកស្រី ចេញពីតំណែងនេះ បានធ្វើឡើងក្រោយបទចោទប្រកាន់ ថា​អ្នកស្រី​បាន​បន្លំ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

មុននឺងមកដល់​ដំណាក់​​កាល​​បោះឆ្នោត​ចុងបញ្ចប់នេះ អ្នកស្រី រ៉ូសែហ្វ បានព្យាយាមការពារខ្លួន នៅចំពោះ​សមាជិក​ព្រឹទ្ធសភា អស់រយៈពេល៦ថ្ងៃមកហើយ។ ប៉ុន្តែនៅទីបញ្ចប់ ព្រឹទ្ធសភាដែលមានសមាជិក ៨១នាក់ បានសម្រេចទម្លាក់អ្នកស្រី ដោយសម្លេង៦១ ទល់នឹង២០ នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ម៉ោងក្នុង​ស្រុក។ អ្នកស្រី រ៉ូសែហ្វ ដែលជាឥស្សរជននយោបាយ ចេញពីគណបក្សឆ្វេងនិយមនេះ ត្រូវជំនួសនៅ​ក្នុង​រយៈ​ពេល​អន្តរកាល​នេះ ដោយអតីតអនុប្រធានាធិបតី​របស់អ្នកស្រី គឺលោក មីឆែល តេម័រ (Michel Temer) ដែល​មក​ពី​គណបក្ស​ស្ដាំ​និយម​កណ្ដាល។

តាមពិតទៅ លោក មីឆែល តេម័រ រូបនេះ ដែលបានធ្លាក់ប្រជាប្រិយភាពខ្លាំង ដូចជាអ្នកស្រី រ៉ូសែហ្វ ដែរនោះ បានឡើងកាន់តំណែងជាប្រធានាធិបតី នៃប្រទេសប្រេស៊ីល នៅក្នុងរយៈពេលអន្តកាលនេះ តាំងពីថ្ងៃទី១២ ខែឧសភាមក ថ្ងៃដែលព្រឹទ្ធសភាបានព្យួរតំណែង របស់អ្នកស្រី រ៉ូសែហ្វ ដែលបានជាប់ឆ្នោត ជាប្រធានាធិបតី​ តាមការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ កាលពីឆ្នាំ២០១០ និងជាថ្មីឡើងវិញ នៅឆ្នាំ២០១៤​កន្លងមក។

ការបណ្ដេញអ្នកស្រី ឌីលម៉ា រ៉ូសែហ្វ ចេញពីអំណាចជាស្ថាពរនេះ បានបិតបញ្ចប់នូវជម្លោះនយោបាយដ៏រ៉ាំរ៉ៃ របស់ប្រទេសប្រេស៊ីល ដែលបានកើតឡើង ជុំវិញសំនុំរឿងពុករលួយ «Petrobras» ដ៏អាស្រូវ និងដ៏ចម្រូង​ចម្រាស់ តាំងពីទសវត្សន៍ឆ្នាំ២០០០មក។

ប៉ុន្តែសម្រាប់អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ វិញ បានអះអាងថា អ្នកស្រីមិនបានខ្វល់ខ្វាយអ្វីទេ ដោយសារអ្នកស្រី​មិន​បានប្រព្រឹត្តិកំហុស នៅក្នុងអំឡុងពេលនៃការទទួលខុសត្រូវ របស់អ្នកស្រី។ ប៉ុន្តែអ្នកស្រី បានបរិហារពី​«រដ្ឋប្រហារ»​មួយ ពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដាក់តាំងឲ្យមានមកវិញ នូវរដ្ឋាភិបាលខុសច្បាប់​នៅ​ប្រេស៊ីល។ អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំខ្លាចការស្លាប់ណាស់ ខ្ញុំខ្លាចនឹងការធ្វើទារុណកម្ម ដែលខ្ញុំធ្លាប់បាន​រងគ្រោះ ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវអារម្មណ៍ (...) ប៉ុន្តែខ្ញុំមិនបានបណ្ដោយខ្លួន ទៅតាមអារម្មណ៍នេះទេ។ ខ្ញុំបាន​តស៊ូគ្រប់​បែបយ៉ាង។ ហើយនៅថ្ងៃនេះ អ្វីដែលខ្ញុំខ្លាច​ជាងគេនោះ គឺការស្លាប់របស់លិទ្ធិ​ប្រជាធិបតេយ្យ។»៕