គ្រូ​​កំណែ​​បាក់ឌុប​ម្នាក់​បង្ហើបថា​ គណិតវិទ្យា​ឆ្នាំ​នេះ​ជាប់​មិន​ច្រើន​ទេ

កំណែ​វិញ្ញាសា​លើ​មុខ​វិជ្ជា​ទាំង១០ នៃ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​សិក្សា​ទុតិយភូមិ បាន​បញ្ចប់​ទាំង​ស្រុង​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ បើ​តាម​គ្រូ​កំណែ​គណិតវិទ្យា​ម្នាក់​នៅ​មណ្ឌល​វិទ្យាល័យ​បាក់​ទូក បាន​បង្ហើប​ថា វិញ្ញាសា​គណិតវិទ្យា​ឆ្នាំ​នេះ ជាប់​មិន​សូវ​ច្រើន​ទេ ហើយ​មួយ​បន្ទប់ ២៥​នាក់ មាន​ជាប់​ត្រឹម ៧ ៨នាក់​ប៉ុណ្ណោះ។

 

គ្រូ​​កំណែ​​បាក់ឌុប​ម្នាក់​បង្ហើបថា​ គណិតវិទ្យា​ឆ្នាំ​នេះ​ជាប់​មិន​ច្រើន​ទេ

 

​​គ្រូ​កំណែ​វិញ្ញាសា​គណិតវិទ្យា​មួយ​រូប​នៃ​មណ្ឌល​កំណែ​វិញ្ញាសា​វិទ្យាល័យ​បាក់​ទូកដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​លើកឡើង​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នេះ មាន​សន្លឹក​វិញ្ញាសា​ជិត​២០០ច្បាប់​ដែល​លោកគ្រូ​បាន​កែ​ដោយ​ផ្ទាល់​ដៃ។ ក្នុង​នោះ​លោក​គ្រូ​បាន​កត់​សំគាល់​ឃើញ​ថា​ក្នុង​មួយ​ដុំ​ៗ​នៃ​វិញ្ញាសា​ដែល​មាន​២៥​ច្បាប់ គឺ​មាន​សិស្ស​ប្រមាណពី៧ទៅ៨នាក់​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ក្នុង​មុខ​វិជ្ជា​មួយ​នេះ។ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​សិស្ស​ឆ្នើម​​​​​មួយ​ចំនួន​អាច​ទទួល​បាន​ពិន្ទុ​រហូត​ដល់​១១០​ទៅ​១២០​ផង​ដែរ នៃ​ពិន្ទុ​អតិបរមា១២៥ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ។

 

ក្រោយ​បញ្ចប់​ការ​ប្រលង​បាក់​ឌុប​ភ្លាម បេក្ខជន​ភាគ​ច្រើន​បាន​បញ្ចេញ​មតិ​ថា វិញ្ញាសា​គណិតវិទ្យា​ពិបាក​ខ្លាំង ពិសេស​ត្រង់​ចំណុច​អនុគមន៍ ដែល​មាន​ពិន្ទុ៣៥។ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក​ដែល​ទទួលបន្ទុក​កំណែ​លើ​វិញ្ញាសា​គណិត​វិទ្យា ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ចំណុច​នេះ​ពិត​ជា​ពិបាក​បន្តិច​មែន ប៉ុន្តែ​លោក​បាន​អះអាង​ថា​វិញ្ញាសា​នេះ​គេ​ដាក់​តាម​កម្រិត​លំហាត់ មាន​ស្រួល​លាយ​លំបាក គឺ​ដំបូង​ស្រួល​ បន្ត​បន្ទាប់​មក​គឺ​លំបាក សម្រាប់​ឲ្យ​សិស្ស​ស្រាវជ្រាវ។

 

សូម​បញ្ជាក់​ផង​ដែរ​ថា​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន មធ្យម​សិក្សា​ចំណេះ​ទូទៅ​ដើម្បី​ចាប់ផ្ដើម​រៀបចំ​ដំណើរ​ការ​ស្រង់ និង បូក​សរុប​ពិន្ទុ​ដោយ​កុំព្យូទ័រ​ជា​បន្ត​ទៀត។ ចំណែក​សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ៕

 

គ្រូ​​កំណែ​​បាក់ឌុប​ម្នាក់​បង្ហើបថា​ គណិតវិទ្យា​ឆ្នាំ​នេះ​ជាប់​មិន​ច្រើន​ទេក្រុមការងារកំពុងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅមណ្ឌលកំណែវិទ្យាល័យបាក់ទូក(រូបភាព៖ ACU)

 

តាម​ដាន​លទ្ធផល​បាក់​ឌុប​តាម​រយៈ Sabay៖ សូម​ចុច​ទីនេះ

 

អត្ថបទ៖ ស៊ិន ចន្ថា