គណៈកម្មការសហភាពអឺរ៉ុបបញ្ជាឲ្យក្រុមហ៊ុន Apple បង់ប្រាក់ពន្ធដារ ២០ ពាន់លានដុល្លារ

លោក Tim Cook នាយកប្រតិបត្ដិនៃក្រុមហ៊ុន Apple បានបដិសេធថាក្រុមហ៊ុនលោកមិនបានប្រយោជន៍អ្វីទេពីកិច្ចព្រមព្រៀងពន្ធដារពិសេសជាមួយនឹងរដ្ឋាភិបាលនៃប្រទេសអៀឡង់។

គណៈកម្មការសហភាពអឺរ៉ុបបានចេញបញ្ជាឲ្យក្រុមហ៊ុន Apple ដ៏ល្បីរបស់អាម៉េរិកត្រូវបង់សងប្រាក់ពន្ធដារដល់ទៅ២០ពាន់លានដុល្លារ ក្រោយពីគណៈកម្មការនេះបានរកឃើញថា ក្រុមហ៊ុន Apple បានចំណេញពីកិច្ចព្រមព្រៀងពន្ធដារជាច្រើនបន្ដបន្ទាប់ ដែលគណៈកម្មការនេះយល់ឃើញថា ជាជំនួយរបស់រដ្ឋដែលមិនស្របច្បាប់។

នៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន Apple ដែលផលិតឧបករណ៍ចល័តដូចជា iPhone, iPad និងកុំព្យូទ័រ Mac ជាដើមនោះបានបង់ពន្ធតែ០.០០៥%ប៉ុណ្ណោះនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។

លោកស្រី Margrethe Vestager ស្នងការគណៈកម្មការប្រកួតប្រជែងនៃសហភាពអឺរ៉ុបនិយាយថា ការកាត់ក្ដីនេះបញ្ជូនសារព្រមានច្បាស់លាស់ក្ដែងៗទៅបណ្ដាប្រទេសដទៃទៀតនៅក្នុងសហភាពអឺរ៉ុប ដោយមិនត្រូវផ្ដល់ប្រយោជន៍ពន្ធដារមិនយុត្ដិធម៌ទៅឲ្យក្រុមហ៊ុនមួយចំនួនដែលរដ្ឋសម្រេចឲ្យនោះទេ។

ក្រុមហ៊ុន Apple របស់អាម៉េរិកមានបុគ្គលិកជាង៥ពាន់នាក់នៅក្នុងប្រទេសអៀឡង់៕

ប្រភព៖ radioaustralia


Related Posts