អក្សរ​ខ្មែរ​លើ Facebook លែង​ចេញ​សញ្ញា “?” ហើយ!

សញ្ញា “?” លើ​ហ្វេសប៊ុក​​លែង​ចេញ​ទៀត​ហើយ ពេល​វាយ​អក្សរ​ខ្មែរ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ (ZWSP)។

 

អក្សរ​ខ្មែរ​លើ Facebook លែង​ចេញ​សញ្ញា “?” ហើយ!

គំរូ​ការ​រាយការណ៍​​អំពី​បញ្ហា​សញ្ញា “?” លើ​ហ្វេសប៊ុក 

 

ទាក់ទង​នឹង​ការ​វាយ​អក្សរ​ខ្មែរ​លើ ហ្វេសប៊ុក ត្រឡប់​មក​ជា​ធម្មតា​លែង​មាន​បញ្ហា​ចេញ​សញ្ញា “?” ពេល​ប្រើ ZWSP នេះ លោក វណ្ណា អ្នក​ជំនាញ​បង្កើត​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ ពុំ​ទាន់​ហ៊ាន​បក​ស្រាយ​ច្បាស់​លាស់​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ប្រហែល​ភាគី​ខាង​ហ្វេសប៊ុក បាន​ពិចារណា​លើ​ការ​រាយការណ៍ (Report) ពី​សំណាក់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ទាក់ទិន​បញ្ហា​ខាង​លើ។

 

លោក វណ្ណា ថា​ធម្មតា ខាង​ហ្វេសប៊ុក ពុំ​អាច​ឆ្លើយ​តប​ទៅ​អ្នក​ប្រើប្រាស់​ទាំងអស់​នោះ​ទេ តែ​ក្រុមហ៊ុន​នឹង​ពិភាក្សា​រក​ដំណោះស្រាយ​ជូន ក្រោយ​មាន​ការ​រាយការណ៍​អំពី​បញ្ហា​ណាមួយ។

 

រឿង​បញ្ហា​ចេញ​សញ្ញា “?” លើ​អក្សរ​ខ្មែរ​យូនីកូដ​ប្រើ ZWSP ដែល​កើត​ឡើង​ប្រហែល​កន្លះ​ខែ​នេះ អ្នក​ជំនាញ​​ខ្លះ​បញ្ជាក់​ថា អាច​ដោយ​សារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​របស់​ហ្វេសប៊ុក ដូចជា​ការ​រក្សា​ទុក​ទិន្នន័យ និង​ការ Process ទៅ​លើ​ទិន្នន័យ ជាដើម ពី​ព្រោះ​កាល​ណា​មាន ZWSP វា​អាច​បង្ក​បញ្ហា​មួយ​ចំនួន។

 

Sabay មិន​ទាន់​ហ៊ាន​ធានា​មួយ​រយ​ភាគ​រយ​ថា បញ្ហា​ចេញ​សញ្ញា “?” លើ​ហ្វេសប៊ុក​នឹង​មិន​កើត​ឡើង​​ពេល​ក្រោយ​​ឬ​យ៉ាងណា។ ប៉ុន្តែ​​លោក វណ្ណា​​ ថា​បើ​ផ្អែក​តាម​ការ​រាយការណ៍​ហូរហែ​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​កន្លង​មក ហ្វេសប៊ុក​ប្រហែល​បាន​​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​ជូន​មិន​ខាន៕

 

អត្ថបទ៖ ប៉ែត ផាន់និត