កង​យោធពលខេមរភូមិន្ទ​ទទួល​បាន​ពានរង្វាន់ ចំណាត់ថ្នាក់​លេខ​3 និង​មេដាយ​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៨ សីហា​កន្លង​ទៅ​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចំនួន​៥​រូប ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មៀ​ច ហ៊​ន នាយទាហាន​កងទ័ពជើងគោក ទៅ​ចូលរួម​ការ​ប្រកួត​បាញ់កាំភ្លើង Sniper អន្តរជាតិ «1st Sharp Blade International Sniping Competition»» ដោយ​មាន​បណ្តា​ប្រទេស​នានា​ចំនួន​១៥​ប្រទេស​ចូលរួម​ក្នុង​នោះ មាន​ប្រទេស​បេឡា​រុស កម្ពុជា ឈី​លី បារាំង ហុង​គ្រី ស៊ូ​ដង់  អុ​ី​ស្រា​អែ​ល កា​ហ្សា​ក់​ស្ថាន ម៉ា​ឡេ​ស៊ី ម៉ិចស៊ីកូ ប៉ា​គី​ស្ថាន អេ​ស្ប៉ា​ញ ថៃ វៀតណាម និង​ប្រទេស​ចិន​ជា​លទ្ធផល​ក្រុម​បាញ់​ត្រង់ កង​យោធពលខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពានរង្វាន់ ចំណាត់ថ្នាក់​លេខ​៣ និង​មេដាយ​មួយ​ចំនួន ។

ការ​ប្រកួត ត្រូវ​បាន​ធ្វើ​ឡើង​លើ​វិញ្ញាសា​ចំនួន​១២ ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុម​ដោយ​ក្នុង​នោះ​រួម​មាន​វិញ្ញាសា Microcosm, Copper Coin, Lurk, Imminent Peril, Reversed Dagger, Wind, Fatal Duel, Study and Prevail, Penetration, Hard Support, Fieldrunner និង Triumphant Return ។ ជា​លទ្ធផល​កងកម្លាំង​កម្ពុជា ទទួល​បាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​២​វិញ្ញាសា (Penetration និង Hard Support) និង​ទទួល​បាន​ជ័យ​លា​ភី​មេដាយមាស​ចំនួន​២​លើ​វិញ្ញាសា  Imminent Peril និង​វិញ្ញាសា Reversed Dagger រួម​ជាមួយ​មេដាយ​សំរឹទ្ធ​ចំនួន​៤ លើ​វិញ្ញាសា ផ្សេង​ៗ​ទៀត​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី មៀ​ច ហ៊​ន បាន​ថ្លែង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​របស់​យើង ទទួល​បាន​ជ័យ​ជំនះ និង​នាំ​យក​នូវ​ជ័យ​លា​ភី​ផ្សេង​ៗ​ជូន​មាតុប្រទេស ហើយ​នេះ​គឺជា​ជ័យ​ជំនះ និង​ជា​មោទនភាព​ថ្មី​ថែម​ទៀត​របស់​កងទ័ព​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ ខណៈ​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា កំពុង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ៕