វិស័យ​សុខាភិបាល​និង​សង្គមកិច្ច​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​7

ខេត្តសៀមរាប ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​អង្គរ​កន្លង​មក បាន​បង្ហាញ​ពី​វិស័យ​សង្គមកិច្ច​និង​សុខាភិបាល​មានការ​អភិវឌ្ឍ​ខ្លាំង ជា​ពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ចក្រភព​ខ្មែរ​មានការ​រីក​ចម្រើន​បំផុត បើ​ប្រៀប​នឹង​នគរ ផ្សេង​ៗ​នៅ​ក្នុង​តំបន់។

មរតក​បុរាណ​ដែល​បាន​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃនេះ​នាំ​ឲ្យ​យើង​ដឹង​ថា គឺ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មានការ​កសាង​ប្រាង្គ​ប្រាសាទ ធំ​ៗ​ជា​ច្រើន ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស ព្រមទាំង​កសាង​បណ្តាញ​គមនាគមន៍​ដែល​ភ្ជាប់​ពី​រាជធានី​ទៅ​ខេត្ត​ខណ្ឌ​នានា និង​នគរ​ជិតខាង​ផង​។  នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​បាន​កសាង​នា​សម័យ​នោះ តាម​រយៈ​ការ​ស្រាវជ្រាវ ថ្មី​ៗ​ឃើញ​ថា មាន​សាងសង់​ស្ពានថ្ម​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់ សាលាសំណាក់​ជា​ច្រើន​ហូរហែ​តាម​បណ្តោយ​ផ្លូវ ដែល​ជា​កន្លែង​ឈប់​សម្រាក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទូទៅ​បាន​លម្ហែកាយ មុន​នឹង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ទៀត ។ មិនតែប៉ុណ្ណោះ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ដាក់​ចេញ​នូវ​នយោបាយ​ដឹកនាំ​ប្រទេស ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​។ ក្នុង​ន័យ​នេះ​ហើយ​ទើប​ព្រះ​អង្គ បញ្ជា​ឲ្យ​មានការ​សាងសង់​មន្ទីរពេទ្យ​ជា​ច្រើន​ពេញ​ព្រះ​នគរ ដើម្បី​ជាទី​តាំង​ព្យាបាល​ជំងឺ​ជូន​ប្រជានុរាស្ត្រ និង​ជា​កន្លែង​បំពេញ​កិច្ចការ​មនុស្សធម៌ ផ្សេង​ៗ ។

តើ​ការ​កសាង​មន្ទីរពេទ្យ និង​ការ​ចាត់ចែង​លោក​អឹុ​ម សុខ​រិ​ទ្ធី បាន​បន្ថែម​ទៀត​ថា «​មន្ទីរពេទ្យ​មិន​ត្រឹមតែ​ជា​កន្លែង​ព្យាបាល​រោគ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សង្គ្រោះ កន្លែង​ដែល​មនុស្ស​ដាច់​សង្វែង​អាច​រក​ជម្រក​ស្នាក់​នៅ​បាន​។ មនុស្ស​ខ្សត់ ទុរគត ដាច់​អាហារ អាចម​ករក​ចំណីអាហារ​ទទួលទាន​បាន ។ ពោល​គឺជា​កន្លែង​បំពេញការងារ​សង្គមកិច្ច។ ជា​រៀង​រាល់​រដូវ មន្ទីរពេទ្យ​មានកម្ម​វិធីចែក​ទាន​ដល់​អ្នក​ក្រីក្រ ដូច​មាន​បង្ហាញ​តាម​រយៈ​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​ជា​ភស្តុ​តាង​ស្រាប់​។

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គ្រប់គ្រង​រដ្ឋ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​រាល់​ការ​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជការ ដែល​ត្រូវ​ទទួល​មើល​ការ​ខុស​ត្រូវ​ព្រមទាំង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​ប្រជារាស្ត្រ​ទូ​ទាំង​នគរ​។ ចំណុច​អស់ទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ តាម​រយៈ​សិលាចារឹក​ចារ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​បាន​សរសេរ​ថា «​ទុក្ខសោក​របស់​ប្រជានុរាស្ត្រ គឺ​ធំ​ជាង​ទុក្ខសោក​របស់​ព្រះ​អង្គ​ទៅ​ទៀត​» ។ តាម​រយៈ​ខ្លឹមសារ​នេះ​យើង​អាច​វាយតម្លៃ​បាន​ថា ការ​ខ្វល់ខ្វាយ​ពី​ប្រជានុរាស្ត្រ ជា​កិច្ចការ​សំខាន់​ដែល​ព្រះ​អង្គ​ត្រូវ​បំពេញ ។ ម្យ៉ាងទៀត​ក៏​មាន​កត្តា ផ្សេង​ៗ​ជា​ច្រើន ដែល​អាច​ឲ្យ​ព្រះ​អង្គ​បំពេញ​កិច្ចការ​ទាំងនេះ​បាន​យ៉ាង​រលូន ដោយហេតុ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម័យ​នោះ​មានការ​រីក​ចម្រើន​ខ្លាំង រាជការ​ក៏​ទទួល​បាន​ចំណូល​ខ្ពស់​ពី​ប្រភព​ផ្សេង​ៗ​នានា ធានា​បាន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​គ្រប់ការ​ចំណាយ និង​កត្តា​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ព្រមទាំង​ការ​គ្រប់គ្រង​ចំណូល​របស់​រាជការ​បាន​ល្អ ដោយ​ចំណូល​ទាំងអស់​រាជការ​ជា​អ្នកមាន​ភារកិច្ច​ចាត់ចែង​ដើម្បី​កសាង​ប្រទេស​ក្នុង​ទម្រង់ ផ្សេង​ៗ ក៏​ដូច​ជា​សម្រាប់​ទ្រទ្រង់​ឧបត្ថម្ភ​អ្នកជំងឺ​ទូ​ទាំង​ព្រះ​នគរ​ជាដើម ៕