គួរតែដឹងពីល្បិចចោរហើយ…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ចាញ់បោក​ជនសង្ស័យ​២​នាក់​ប្រើ​ល្បិច​ធ្វើ​ជា​ហៅ​ម៉ូតូឱ្យឌុ​ប​​ទៅ​រក​មិត្ត​ភក្តិ ពេល​​ដល់​កន្លែង​ស្ងាត់ ​យក​ដុំ​ថ្ម​វាយ​បណ្តាល​ឱ្យ​បែក​មុខ​ចេញ​ឈាម ​ហើយ​​យក​ម៉ូតូ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​០៩​យប់​​ថ្ងៃ​ទី​៣១ ​សីហា ស្ថិត​តាម​​បណ្តោយ​ផ្លូវលំ​ក្រោយ​​បុរី​ពិភព​​ថ្មី ស្ថិត​នៅ​ភូមិ​ប្រកា ក្នុងសង្កាត់​ព្រៃ​.ស ​។

ជន​រង​គ្រោះ​ឈ្មោះ​កៅ រឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទាល់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ចា​និមិត្ត ឃុំ​ពក​រកា​៥ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូង​ឃុំ ។

តាម​ប្រភព​​ថា មុន​ពេល​កើត​ហេតុ​ គាត់​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ស្រាប់តែ​​ជនសង្ស័យ​២​នាក់​ បាន​ហៅ​ម៉ូតូ​​គាត់​​ឌុ​ប​ទៅ​ម្តុំ​ផ្សារ​អូ​ឌឹ​ម ​ក្នុង​តំលៃ១​ម៉ឺន​រៀល ​ដើម្បី​ទៅ​រក​បងប្អូន ។ ខណៈ​ពេល​​​ឌុ​ប​ទៅ​ដល់​ផ្សារ​អូឌឹ​ម​​ហើយ​ ជនសង្ស័យ​២​នាក់​នោះ​បាន​ប្រាប់​ថា ​រក​បងប្អូន​មិនឃើញ​ទេ ​បា​ន​ឌុ​ប​បន្ត​ទៅ​ផ្សា​រកា​ណា​ស៊ី​ធី​ផ្លូវ​វេ​ង​ស្រេង​ ដើម្បី​ទៅ​រក​មិត្ត​ភក្តិ ។ ដល់​ពេល​ជិះ​ទៅ​ដល់​​ហើយ​ ក៏​ឱ្យ​​ជន​រង​គ្រោះ​ឌុ​ប​បន្ត​ទៅ​ចំណុច​កើតហេតុ​ខាងលើ​ ​ជាកន្លែង​ស្ងាត់​ បាន​ឱ្យ​ឈប់​ម៉ូតូ​ ហើយ​ធ្វើ​សកម្មភាព​យក​​ថ្ម​មួយ​ដុំ​ ​​មក​វាយ​ចំ​មុខ​បណ្តាល​ឱ្យ​បែក​មុខ​ចេញ​ឈាម ។ ភ្លាម​ៗ​នោះ​ ​ជន​រង​គ្រោះ​គាត់​ភ័យ​ស្លន់ស្លោ​រពេក​ ក៏​រត់​ចោល​ម៉ូតូ ​ដើម្បី​ទៅ​រក​សន្តិសុខ​ដែល​យាម​នៅ​ជិត​ម្តុំ​នោះ​ជួយ ក៏​ត្រូវ​ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​នៅ​ជិត​កន្លែង​កើតហេតុ​ រួច​ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​.ស​​ជួយ​អន្តរាគមន៍​។