និស្សិតច្បាប់ដ៏ឆ្នើមស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់

ម្ចាស់រថយន្តបែនដឹកដីដែលបានបុករថយន្តដឹកអ្នកដំណើរក្នុងខេត្តបាត់ដំបង ដែលបណ្តាលឲ្យស្លាប់មនុស្សប្រាំបួននាក់ ក្នុងចំណោមនោះមាននិស្សិតច្បាប់ឆ្នើមម្នាក់ផង កំពុងត្រូវបានស្វះស្វែងរកដោយនគរបាលកាលពីម្សិលមិញ ខណៈសាច់ញាតិបានទៅយកសពនិងរៀបចំបុណ្យសព។ លោក សាន គឹមសាន អធិការនគរបាលស្រុក បាននិយាយថា គ្រោះថ្នាក់រថយន្តបុកគ្នាចំពីមុខនេះបានកើតឡើងក្នុងពេលមានភ្លៀងខ្លាំងកាលពីថ្ងៃច័ន្ទ ដែលនៅពេលនោះរថយន្តបែនដឹកដីបានរេចូលគន្លងផ្លូវម្ខាងទៀតក្នុងស្រុកមោងឫស្សី បណ្តាលឲ្យបុកជាមួយរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអិុចប្រេស ដែលបើកឆ្ពោះមកក្រុងភ្នំពេញ។ លោកបាននិយាយថា ការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះគឺរថយន្តដឹកដី ដែលគ្មានស្លាកលេខ ហើយសមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ត។ អ្នកបើករថយន្តដឹកដីនោះក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។ រថយន្តដឹកអ្នកដំណើរបានក្រឡាប់ចូលប្រឡាយនៅម្ខាងផ្លូវ បន្ទាប់ពីការបុកគ្នានោះ ដោយបណ្តាលឲ្យអ្នករបួសជាប់ខ្លួនក្នុងរថយន្ត។ លោក គឹមសាន បាននិយាយថា បងប្អូនរបស់អ្នកស្លាប់មកយកសពកាលពីម្សិលមិញពីវត្តកូនខ្លុង ក្នុងឃុំព្រៃតូច។ ជនរងគ្រោះជាច្រើននាក់រួមមាន ហៀង សូលីណែត និស្សិតច្បាប់ឆ្នើម និងជានិស្សិតចប់ការសិក្សានៃកម្មវិធីច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលនាងជាសិស្សពូកែជាងគេក្នុងថ្នាក់។ លោក ហៀង វីរៈ បងប្រុសរបស់នាងបាននិយាយថា នាងបានទទួលអាហារូបករណ៍ទៅឈៀងម៉ៃ ដើម្បីបន្តការសិក្សាច្បាប់រយៈពេលប្រាំមួយខែ ហើយបន្ទាប់មកសិក្សានៅប្រទេសអេស្តូនី នៅសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងតាលិនរយៈពេល១០ខែទៀត។ លោកបាននិយាយថា ហៀង សូលីណែត បានវិលត្រឡប់ពីការទៅលេងប្រទេសថៃជាមួយជីដូនមួយរបស់នាងឈ្មោះ យិន ស៊ីវឆេង ដែលបានបាក់ជើងទាំងពីរក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អតីតគ្រូបង្រៀនបានសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់រូបនាង។ […]

The post និស្សិតច្បាប់ដ៏ឆ្នើមស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ appeared first on The Cambodia Daily.