លោក គន់ គីម បញ្ជាក់ជំហរថា កងទ័ពនឹងធានាជួយចាប់ខ្លួនមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ

លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ ថា កងកម្លាំងប្រដាប់អាវុធនៅតែរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ ប៉ុន្តែនឹង “ធានា” ជួយចាប់ឃុំខ្លួនលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សប្រឆាំង ប្រសិនបើមានសំណើពីតុលាការ។ នាយឧត្តមសេនីយ៍ គន់ គីម ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងជាមនុស្សជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីរត់ចោលជួរខ្មែរក្រហមមុនពេលរបបនេះដួលរលំក្នុងឆ្នាំ១៩៧៩ បានប្រាប់គេហទំព័រព័ត៌មាន Fresh News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ទាហានស្គាល់តួនាទីរបស់ខ្លួនច្បាស់។ បន្ទរតាមការពាក្យពេចន៍ដែលតែងតែលើកឡើងចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ មក លោកមានប្រសាសន៍ថា“កងទ័ពអព្យាក្រឹតបានតែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹតជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រជាជនបោះឆ្នោតឱ្យទេ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់បំពាន ឬដឹកនាំរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រជាជនបានបោះឆ្នោតឱ្យឡើយ”។ លោកបាននិយាយបន្តចូលដល់សាច់រឿងមេដឹកនាំទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងប្រឈមសវនាការសំណុំរឿងព្រហ្មទណ្ឌក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយបញ្ជាក់ជំហរថា កងកម្លាំងប្រដាប់អាវុធនឹងចាត់វិធានការដើម្បីធានាការចាប់ ខ្លួនលោកទាំងពីរ ប្រសិនបើតុលាការសម្រេចឲ្យពួកគាត់ជាប់ពិរុទ្ធភាព។ លោកថ្លែងថា “បើ កឹម សុខា ជាមួយនឹង សម រង្ស៊ី ជាអ្នកទោសព្រហ្មទណ្ឌ ត្រូវតែប្រគល់ខ្លួនឱ្យគេចាប់ដាក់ទោសទៅតាមច្បាប់។ ខ្ញុំត្រូវតែមានវិធានការ ឱ្យតែមានសំណូមពរពីតុការ កម្លាំងប្រដាប់អាវុធយើងនឹងធានាចាប់ខ្លួន”។ លោក សម រង្ស៊ី បានរត់ភៀសខ្លួនទៅប្រទេសបារាំង កាលពីខែវិច្ឆិកា បន្ទាប់ពីសំណុំរឿងព្រហ្មទណ្ឌបទបរិហារកេរ្តិ៍មួយដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ ត្រូវបានរដ្ឋាភិបាលបញ្ឆេះឡើងវិញភ្លាមៗ ហើយពេលនេះលោកកំពុងប្រឈមសវនាការថ្មីមួយទៀតពាក់ព័ន្ធតួនាទីរបស់លោកជាជនសមគំនិតក្នុងសំណុំរឿងក្លែងឯកសារ និងញុះញង់របស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។ លោក កឹម សុខា បានសម្ងំជ្រកកោនក្នុង […]

The post លោក គន់ គីម បញ្ជាក់ជំហរថា កងទ័ពនឹងធានាជួយចាប់ខ្លួនមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ appeared first on The Cambodia Daily.