នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​

លោក រដ្ឋ សុវណ្ណ នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​លោក គង់ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូររាំង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​លោក រដ្ឋ សុវណ្ណ និង​លោក គង់ វីរៈ ទេនោះ​គឺ​ឈ្មួញ​មិនអាច​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ​និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ជាងនេះទៅទៀត​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួលផល​ប្រយោជន៍​ពី​កូនចៅ​ក្រោម​ឱវាទ​ទើប​បណ្ដោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ទាំងយប់​ទាំង​ថ្ងៃ​មាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​និង​តាម​រថយន្ត​ពី​ស្រុក​អូររាំង យកទៅលក់​ឲ្យ​ឈ្មួញ​យួន​ចាំ​ទិញ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ក្នុងចំណោម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺមាន​ឈ្មួញ​ស្រី​ម្នា​ក់បាន​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង ក៏ដូចជា​នៅ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន​គ្មាន​នរណា​ប៉ះពាល់​ឡើយ​។ មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កែវ​សីមា បានត្រឹមតែ​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​តូច​មួយ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៦ ជិត​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​រាប់​ក្បាល​រថយន្ត​និង​រាប់​ចំនួន​ម៉ូតូ​ដឹកឈើ​យកលុយ​យ៉ាង​សុខ​ស្រួល​គ្មាន​ខ្វល់​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​អូររាំង និង​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​លោក រដ្ឋ សុវណ្ណ នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​កើតឡើង​ឥតឈប់ឈរ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កើតមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រាលដាល​តទៅទៀត​ទេ ហើយ​គួរ​មាន​វិធានការ​តាមច្បាប់​ទៅលើ​ភាព​អសកម្ម​របស់លោក រដ្ឋ សុវណ្ណ ជាបន្ទាន់​៕

d-timber-oraing1 d-tim-oraing1-500x301