ល្បែងស៊ីសង​រាលដាល​ក្នុង​ក្រុង​បាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាត់ដំបង បាន​កត់សម្គាល់ថា​ចាប់តាំងពី​លោក ប៉ាង ហៀ​ង ឡើងកាន់តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ រួចមក​គឺ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ពុំមាន​ការថយចុះ​នោះទេ​។ ពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​បានលើកឡើង​ថា​ល្បែងស៊ីសង​ដូចជា ភ្នាល់​បាល់ទាត់ ភ្នាល់​ទឹកភ្លៀង កន្ទុយលេខ និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​លោក ប៉ាង ហៀ​ង បង្ក្រាបបាន​តិចតួច​បំផុត​។ មានការ​សង្ស័យថា​មេ​ល្បែងស៊ីសង​ទាំងនោះ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​សមត្ថកិច្ច​ជាន់ខ្ពស់​ក្នុង​ខេត្តបាត់ដំបង​រួចទៅហើយ ទើប​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ ហើយ​បណ្ដោយ​ឲ្យ​កើតឡើង​កាន់តែខ្លាំង​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​រដូវ​វ​ស្ស​ចូល​មកដល់​គឺ​ល្បែងភ្នាល់​ទឹកភ្លៀង​កក្រើក​ពេញ​ក្រុង​បាត់ដំបង ហើយ​ល្បែងស៊ីសង​ដទៃទៀត​ដូចជា ភ្នាល់​បាល់ទាត់ កន្ទុយលេខ បៀ​អាប៉ោង​ជាដើម ក៏ត្រូវ​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ដែរ​។ តាមរយៈ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះ ជា​ភស្ដុតាង​បង្ហាញថា លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​គឺ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​ប្រសិនបើ​លោក ច័ន្ទ សុផល និង​លោក ស ថេត មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍ គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល និង​ស្រុក​បាណន់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ កន្ទុយលេខ បៀ​អាប៉ោង​ជាដើម នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ព្រោះ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​នគរបាល​ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ក៏ដូចជា​នៅ​ស្រុក​បាណន់ និង​ស្រុក​ថ្មគោល បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ខេត្តបាត់ដំបង ប្រកបដោយ​ប្រសិទ្ធភាព​ព្រោះ​ល្បែងស៊ីសង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ជាក់ស្ដែង​ដោយសារ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​នោះ​ហើយ ទើប​មួយរយៈ​កន្លងទៅនេះ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ប្លន់ ក៏ដូចជា​អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​គ្រឿងញៀន​ជាដើម រាលដាល​កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​៕

12644964_1551267155187650_2102684710360585579_n1-300x2501លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង  imagesលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង rain-bbong-1-500x263