ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​ខេត្តរតនគិរី នៅតែមាន​ឥទ្ធិពល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែលមាន​ប្ដី​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​តែមាន​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើជា​ខ្នងបង្អែក​ទើប​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃទៀត ជាពិសេស​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទំនងជា​ទទួលបាន​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​បំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។

តាម​ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ​តាម​រថយន្ត​ម៉ាក​ធុន​ដ្រា និង​រថយន្ត​ផ្សេងៗ​ទៀត​ក្នុង​មួយថ្ងៃ​មិនតិចជាង​១០​គ្រឿង​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ មក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​ធំៗ​ចំនួន​២​កន្លែង​នៅ​ភូមិ​ថ្មី អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដើម្បី​ទុក​ចែកចាយ​ទៅ​ឲ្យ​ឈ្មួញ​ដទៃទៀត​ក្នុង​ក្រុង​បាន​លុង និង​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង​ទៅ​ស្រុក​យួន​។ សមត្ថកិច្ច​ក្នុង​ក្រុង​បាន​លុង មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ឈ្មួញ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ហ៊ាន​បំពាន​ច្បាប់​យ៉ាង​គឃ្លើន​។

ឈ្មួញ​តូចតាច​មួយចំនួន​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ជា​ញឹកញាប់​ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ចេញទៅ​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ព្រោះ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏ដូចជា​សមត្ថកិច្ច​តាម​ព្រំដែន​សុទ្ធតែ​ទទួលបាន​ចំណែក​ផលប្រយោជន៍​ជាប្រចាំ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក កែប កត់ គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ហេតុនេះហើយ​ទើប​ពួកគេ​ហ៊ាន​បំពាន​ច្បាប់ បំពាន​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះ គួរពិនិត្យមើល​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត នៅតែ​ដឹកឈើ​ទៅ​ស្រុក​យួន​ទាំងថ្ងៃទាំងយប់​៕

14137901_129875337462277_1386753950_n-copy 14171953_129875350795609_970474223_n-copy