តាតា ត្រៀម​វិលវិញ​​ជាមួយ​ Original Song

អតីត​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​យូធូ រ៉េត ធីតា ហៅ​ តាតា ឬ Moon​ បាន​បង្ហើប​មក​កាន់​ Sabay​ថា ​នាង​គ្រោង​នឹង​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​​ ដោយ​​ភ្ជាប់មក​​ជាមួយ​នឹង ស្នាដៃ​បទ​និពន្ធ​ថ្មី ក្រោយ​ផ្អាក​​ជាង​​៧​ឆ្នាំ​ ។

 

ការ​ត្រឡប់​មក​វិញ​លើក​នេះ​ ម្ចាស់​បទ “កង្កែប​ចម្កួត” មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ពី​ ពេលវេលា​ជាក់​លាក់​នៅ​ឡើយ​ទេ។ យ៉ាងណាមិញ​ តាតា អះអាង​ថា ​​​នឹង​មាន​ការ​ជួយ​ជ្រោមជ្រែង​ ពី​សំណាក់​បង​ប្រុស​បង្កើត​ រ៉េតធី ដូណា ផង​ដែរ ៖ “អាច​នឹង​ឆាប់ៗ​នេះ​បង​នឹង​ចូល​សិល្បៈ​វិញ​ហើយ​ ពាក់​ព័ន្ធ​នឹង​បទ​ស្នាដៃ​និពន្ធ​ថ្មី​ នឹង​មាន​ការ​ជួយ​ពី​បងប្រុស​បង​ជា​ពិសេស”។

 

តាតា ត្រៀម​វិលវិញ​​ជាមួយ​ Original Songរូបភាពពីហ្វេសប៊ុក តាតា

 

ទន្ទឹមគ្នានេះ​​ប្អូន​ស្រី​បង្កើត​របស់​តន្ត្រី​ករ​ រ៉េតធី ដូណា​ បញ្ជាក់​ទៀត​ថា​ ​នាង​មិន​បាន​ចង់​សម្រាក​ឬ​ឈប់​ពី​សិល្បៈ​រហូត​នោះ​ដែរ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​​​ស្មុគស្មាញ​ខ្លាំង​ទើប​នាង​សម្រេច​ចិត្ត​ផ្អាក​មួយ​រយៈ​ធំ​មក​នេះ​។

 

តាតា បន្ថែម៖​ “អំឡុង​ពេល​ផ្អាក​​មាន​ខាង​ផលិតកម្ម​ទាក់​ទង​មក​ដែរ ប៉ុន្តែ​បង​មិន​ទាន់​បាន​យល់​ព្រម​ជាមួយ​គេ។ យ៉ាង​ណា​ក៏​ដោយ​ក៏​បង​មិន​បោះ​បង់​ចោល​សិល្បៈ​ទាំង​ស្រុង​នោះទេអូន ព្រោះ​សិល្បៈ​​​បង​ស្រលាញ់ខ្លាំង”៕

 

អត្ថបទ៖ ថា ម៉ាលីដា​​